អានតួអត្ថបទ
កម្ពុជា-សហជីព

បុគ្គលិក​ណាហ្គាវើល​ធ្វើ​កូដកម្ម ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ

ដូច​ការ​គ្រោង​ទុក កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល បាន​ចាប់​ផ្តើម​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​ធ្នូ​នេះ ដោយ​មាន​មនុស្ស​ចូលរួម​រាប់​រយ​នាក់ នៅ​ចំ​ពី​មុខ​កាស៊ីណូ​ដ៏​ធំ​ជាង​គេ​នៅ​ទីក្រុងភ្នំពេញ។ កូដកម្ម​របស់​ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រជុំ​ត្រី​ភាគី​ដែល​សម្រប​សម្រួល​ដោយ​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​ទី​១៤​ធ្នូ ទទួល​បរាជ័យ ដោយ​សារ​តែ​ជំហរ​សហជីព នៅ​តែ​ទទូច​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ តែ​ភាគី​ថៅកែ​នៅ​តែ​បន្ត​បដិសេធ​។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​សួន​ច្បារ​ផ្កា​ចម្រុះ​ពណ៌ ចំ​ពី​មុខ​អគារ​ដ៏​ទំនើប​នៃ​កាស៊ីណូ​ល្បែង​ស៊ីសង​ធំ​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ មនុស្ស​រាប់​រយ​នាក់ ក្នុង​សំលៀក​បំពាក់​ពណ៌​ក្រហម​ឆ្អៅ អ្នក​ខ្លះ​ដៃ​កាន់​បដា អ្នក​ខ្លះ​បាំង​ឆ័ត្រ​ពណ៌​ខៀវ អ្នក​ខ្លះ​ស្រែក​បន្ទរ​តាម​បុរស​ជា​អ្នក​ដឹក​នាំ​កូដកម្ម​ដែល​កាន់​ក្បាល​មេក្រូ។ នេះ​គឺ​ជា​កូដកម្ម​ដែល​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​របស់​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើល។ អ្នក​ចូលរួម​កូដកម្ម​នេះ មិន​មែន​មាន​តែ​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នោះ​ទេ។ ក៏​មាន​ដែរ បុគ្គលិក​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើល​។

កូដកម្ម​នេះ​គឺ​ភាគីសហជីពនៅតែ​ទទួច​ឲ្យថៅកែ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ចំនួន៣៦៥នាក់​ចូល​ធ្វើ​ការ​វិញ បន្ទាប់ពី​ក្រុម​ហ៊ុន​បានបញ្ឈប់អស់រយៈពេលជាង៨​ខែមកនោះ នៅក្រោម​ហេតុផល​វិបត្តិកូវីដ១៩។

នៅ​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​ឈ្មោះ​ត្រូវ​បញ្ឈប់​ពី​ការងារ​ជាង​១៣០០​នាក់ មាន​ជា​ច្រើន​នាក់​គឺ​ជា​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​ដែល​តែងតែ​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​។ ប៉ុន្តែ​ក្នុង​ចំណោម​បុគ្គល​ទាំង​ជាង​១៣០០​នាក់ គឺ​មាន​ជាង​៩០០​នាក់ បាន​បង្ខំ​ចិត្ត​ទទួល​យក​សំណង តាម​អ្វី​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ ខណៈ​បុគ្គលិក​ចំនួន​៣៦៥​នាក់​ទៀត នៅ​រក្សា​ជំហរ​សុំ​ចូល​ធ្វើ​ការងារ​វិញ ពី​ព្រោះ​តែ​ពួកគេ​ធ្លាប់​ធ្វើការ​នៅ​ទី​នេះ ខ្លះ​ជាង​២០​ឆ្នាំ​មក​ហើយ ហើយ​ដែល​មាន​វ័យ​កាន់​តែ​ច្រើន ពិបាក​រក​ការងារ​ថ្មី។ នេះ​បើ​តាម​កញ្ញា ឈឹម សុខន អគ្គលេខាធិការ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​របស់​បុគ្គលិក​ខ្មែរ នៅ​កាស៊ីណូ​ណាហ្គាវើល​។

តំណាង​សហជីព​រូប​នេះ​បាន​អះអាង​ថា នៅ​ថ្ងៃ​ដំបូង​នេះ កូដកម្ម​គឺ​ធ្វើ​ឡើង​​ដោយ​​ភាព​​ស្ងៀម​​ស្ងាត់ ប៉ុន្តែ​បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ទេ កូដកម្ម​នេះ​នឹង​​បន្ត​​ស្រែក​​តាម​ឧបករណ៍​បំពង​សំឡេង ខណៈ​​ភាគី​​ក្រុម​ហ៊ុន​​បាន​​ព្រមាន​តាម​​មេក្រូ ដោយ​ប្រកាស​ពី​ដីកា​រក្សា​ការពារ​ដែល​ចេញ​ដោយ​តុលាការ។

សូម​បញ្ជាក់​ថា កូដកម្ម​របស់​ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​នេះ កើត​ឡើង​បន្ទាប់​ពី​ការ​ប្រជុំ​ត្រី​ភាគី​ដែល​សម្រប​សម្រួល​ដោយ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​១៤​ធ្នូ ទទួល​បរាជ័យ ដោយ​សារ​តែ​ជំហរ​សហជីព​នៅ​តែ​ទទូច​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ តែ​ភាគី​ថៅកែ​នៅ​តែ​បន្ត​បដិសេធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ