អានតួអត្ថបទ
កម្ពុជា-តុលាការខ្មែរក្រហម

តុលាការ​កំពូល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បដិសេធ​សំណើ​សុំ​បញ្ជូន​សំណុំ​រឿង​០០៣ ទៅ​ជំនុំ​ជម្រះ

តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ម្សិលមិញ បាន​សម្រេច​ប្រកាស​បដិសេធ​សំណើ​របស់​សហព្រះរាជ​អាជ្ញា​អន្ដរជាតិ សុំ​បញ្ជូន​សំណុំ​រឿង​០០៣ ប្រឆាំង​នឹង មាស មុត ទៅ​ជំនុំ​ជម្រះ​។ តាម​រយៈ​ការ​សម្រេច​នេះ សំណុំ​រឿង​០០៣ ប្រឆាំង​នឹង ​មាស មុត ត្រូវ​បិទ​បញ្ចប់ ដោយ​គ្មាន​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ទេ​។

លោក​ មាស មុត អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម។
លោក​ មាស មុត អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម។ © Tang CHHIN SOTHY/AFP
ផ្សាយពាណិជ្ជកម្ម

សំណើ​របស់​សហព្រះ​រាជ​អាជ្ញា​អន្ដរជាតិ សុំ​បញ្ជូន​សំណុំ​រឿង​០០៣ ប្រឆាំង​នឹង មាស មុត ទៅ​ជំនុំ​ជម្រះ ត្រូវ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បដិសេធ​ចោល​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ អង្គ​ជំនុំ​ជម្រះ​បាន​សម្រេច​ថា «បណ្ដឹង​សារទុក្ខ​របស់​សហព្រះ​រាជ​អាជ្ញា​អន្ដរជាតិ ស្ដី​ពី​ការ​ខក​ខាន​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​០០៣ ទៅ​ជំនុំ​ជម្រះ» មិន​អាច​ទទួល​យក​បាន ដោយ​សំឡេង​ភាគ​ច្រើន ៦​សំឡេង ទល់​នឹង​១​សំឡេង​។

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បញ្ជាក់​ថា សំឡេង​ភាគ​ច្រើន​បាន​បដិសេធ​ការ​យល់​ឃើញ​ដែល​ថា អង្គ​បុរេ​ជំនុំ​ជម្រះ បាន​តម្កល់​ជា​ឯកច្ឆ័ន្ទ​នូវ​សុពលភាព​នៃ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ ប្រឆាំង​នឹង មាស មុត ក្នុង​សេចក្ដី​ពិចារណា​លើ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ​របស់​ខ្លួន​។ សម្រាប់​អង្គ​ជំនុំ​ជម្រះ សំណុំ​រឿង​០០៣ បាន​បញ្ចប់ នៅ​ពេល​អង្គ​ជំនុំ​ជម្រះ​ចេញ​សេចក្ដី​ពិចារណា​របស់​ខ្លួន​ ដោយ​សារ​គ្មាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ស្ថាពរ និង​ដែល​អាច​អនុវត្ត​បាន​។

លោក​ស្រី​ចៅក្រម Maureen Harding Clark សន្និដ្ឋាន​នៅ​ក្នុង​មតិ​ជំទាស់​របស់​លោក​ស្រី​ថា «សេចក្ដី​សម្រេច​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ ត្រូវ​តែ​បដិសេធ​ចោល ហើយ​សំណុំ​រឿង​០០៣ ប្រឆាំង​នឹង មាស មុត គប្បី​បញ្ចប់​»។

សូម​ជម្រាប​ថា លោក មាស មុត ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចោទប្រកាន់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងការរំលោភបំពានក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត ជនជាប់ចោទអាយុ៨៣​ឆ្នាំ​រូប​នេះ ធ្លាប់ជាកម្មាភិបាលជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដោយមានតួនាទីជាសមាជិកគណៈមជ្ឈិមបក្ស និងជាមេបញ្ជាការកងទ័ពជើងទឹក១៦៤ ប្រចាំការនៅកំពង់សោម។

នៅចុងឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានសម្រេចបញ្ជូនសំណុំរឿងរបស់លោក មាស មុត ទៅជំនុំជម្រះដោយអះអាងថា មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក មាស មុត ស្ថិតក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតជាតិវិញ បានជំទាស់ ដោយយល់ថា លោក មាស មុត មិនស្ថិតនៅក្នុងចំណោមជនត្រូវចោទនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមនោះទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ