អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាជាប្រទេសតែមួយគត់ដែលឡើងប្រាក់ឈ្នួលអំឡុងពេលវិបត្តិកូវីដ តែសហជីពថាឡើងស្ទើរ

ប្រាក់ឈ្នួល​អប្បបរមា​នៃ​វិស័យ​វាយនភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​សម្ភារៈ​ធ្វើដំណើរ​ របស់ប្រទេស​កម្ពុជា​ស្ថិត​នៅលំដាប់​ទី៣​ និង​ជាប្រទេស​តែ១គត់​ ដែល​មានប្រាក់​ឈ្នួល​គោល​កើនឡើង​អំឡុង​ពេល​នៃវិបត្តិ​ជំងឺកូវីដ-១៩​ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សកម្មភាព​ឧស្សាហកម្ម​មួយនេះ​ ខ្លាំងកា្ល​នៅ​ក្នុងតំបន់។​ បញ្ហា​ប្រាក់ឈ្នួល​នេះ​ ត្រូវ​បាន​លើក​យក​មក​ជជែក​គ្នា​តាមរយៈ​សិក្ខា​សាលា​មួយ​កាល​ពីម្សិលមិញ​ស្តីពី​ ការ​ផ្សព្វផ្សាយ​របាយការណ៍​ប្រាក់ឈ្នួល​សកល​ ឆ្នាំ​២០២០-២០២១។​

កម្មកររោងចក្រកាត់ដេរ (រូបតំណាង)
កម្មកររោងចក្រកាត់ដេរ (រូបតំណាង) © Marcel Crozet
ផ្សាយពាណិជ្ជកម្ម

ការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានសមាសភាពត្រីភាគីកាលពីខែខែតុលាកន្លងមក បង្ហាញថាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ និងផលិតស្បែកជើងគឺ១៩៤ដុល្លារ។ ប្រាក់ឈ្នួលថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។ តាមរយៈប្រាក់ឈ្នួលគោលជិត២០០ដុល្លារនេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ និងជាប្រទេសតែមួយគត់ដែលមានកំណើនប្រាក់ឈ្នួល២ដុល្លារបន្ថែម នៅក្នុងបរិកាណ៍នៃការរីករាលដាលជំងឺកូវីដ-១៩។

ជាការកត់សម្គាល់ ប្រទេសដែលមានប្រាក់ឈ្នួលអប្បរមាវិស័យកាត់ដេរខ្ពស់ជាងកម្ពុជា គឺម៉ាឡេស៊ី ចំនួន២៩០ដុល្លារ ថៃ២៦៩ដុល្លារ។ ដោយឡែកប្រទេសចំនួន៦ផ្សេងទៀត ដែលមានប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជានោះគឺ ហ្វីលីពីនទាបបំផុត ១៥២ដុល្លារ វៀតណាមទាបបំផុត ១៣៣ដុល្លារ ឡាវ ១១៨ដុល្លារ បង់ក្លាដែស ៩៤ដុល្លារ ភូមា ៩០ដុល្លារ និងស្រីលង្កា៦៧ដុល្លារ។ ប្រទេសទាំងអស់៩ លើកលែងកម្ពុជាសុទ្ធតែមិនមានកំណើនប្រាក់ឈ្នួលឡើយ អំឡុងពេលនៃវិបត្តិកូវីដ-១៩។

ទាក់ទងទៅនឹងបញ្ហាប្រាក់ឈ្នួលនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ យល់ថាការតម្លើងប្រាក់ឈ្នួលវិស័យឧស្សាហកម្មកាត់ដេរនៅឆ្នាំ២០២២ គួរតែរដ្ឋាភិបាលពិចារណាឡើងវិញ ដោយសារសេដ្ឋកិច្ចប្រជាពលរដ្ឋកំពុងជួបប្រទះការលំបាកខ្លាំង។ លំបាកខ្លាំងគឺដោយសារតែកម្មករកាត់ដេរ ត្រូវរ៉ាប់រងសមាជិកគ្រួសារដទៃទៀត ដែលមិនអាចធ្វើចំណាកស្រុកបាន។ មួយវិញទៀតកម្មករត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនទៅលើសេវាសុខភាព ជាជាងប្រើប័ណ្ណ ប.ស.ស។

ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាក៏បានបន្ទរដែរថា ការឡើងប្រាក់ឈ្នួលដ៏តិចតួចដល់កម្មករកាត់ដេរសម្រាប់ឆ្នាំ២០២២ គឺមិនអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងបានទេ ដោយសារអតិផរណាកើនឡើងខ្ពស់ ជាហេតុមានផលប៉ះពាល់សេដ្ឋកិច្ចកម្មករយ៉ាងខ្លាំង។

ទោះយ៉ាងណា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១ កាលពីម្សិលមិញថា កម្ពុជាបានបន្តតំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជាបានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមាអ្វីឡើយ នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

លោកថា ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថិតភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គម-សេដ្ឋកិច្ច និងការងារផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ