អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវី៖ លោក កឹម សុខា នឹងចូលរួមក្នុងសវនាការពេលខាងមុខព្រោះលោកចង់លាងជម្រះខ្លួនពីការចោទប្រកាន់

សាលា​ដំបូង​​រាជធានីភ្នំពេញ ​នឹងបន្ត​បើក​សវនាការឡើង​​វិញ លើ​សំណុំរឿង ​លោក​​ កឹម សុខា​ ​​​​នៅ​ដើម​ឆ្នាំក្រោយនេះ ​បន្ទាប់​ពី​​បាន​​ផ្អឹប​​ទុកសំណុំ​រឿង​នេះ​​​​ជាងមួយ​ឆ្នាំ​។​ បើតាម​មេធាវីការពារក្តី លោក កឹម សុខា នឹង​បង្ហាញវត្តមាន​នៅក្នុង​សវនាការ​នោះ ដូចពេល​កន្លងមកដែរ ពីព្រោះ​លោក​ចង់​ទៅ​បកស្រាយ​ពី​ភាព​ស្អាតស្អំរបស់​លោក​ និង​លាង​ជម្រះនូវការ​ចោទ​ប្រកាន់​របស់​តុលាការ​។ គឺជាការប្រកាន់​ថា ឃុបឃិតជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ © FB
ផ្សាយពាណិជ្ជកម្ម

ចំពោះអ្វីដែលជាបទចោទ​របស់​តុលាការក្រោមបទ«សន្និដ្ឋិភាពជាមួយបរទេស» ឬឃុបឃិតជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះ គឺគ្រាន់​តែជាការចោទប្រកាន់ប៉ុណ្ណោះ ប៉ុន្តែ​តុលាការ​នូវ​មិនមានភស្តុតាង​អ្វីរឹងម៉ាំបន្ថែមឡើយ។ នេះបើតាម​លោក ផែង ហេង សហមេធាវីការពារក្តី លោក កឹម សុខា។

បើតាម​មេធាវីរូបនេះ ដើម្បី​លាងជម្រះនូវការចោទប្រកាន់នេះ លោក កឹម សុខា ​នឹង​បង្ហាញវត្តមាន​នៅក្នុង​សវនាការនានៅថ្ងៃទី២២មករាខាងមុខ ដូចពេល​កន្លងមកដែរ ពីព្រោះ​លោក​ចង់​ទៅ​បកស្រាយ​ពី​ភាព​ស្អាតស្អំរបស់​លោក​។

សូមបញ្ជាក់ថា សំណុំរឿង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន​ផ្អឹបទុកអស់​រយៈពេលជាងមួយឆ្នាំ ក្រោមហេតុផលការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។ តែ​ជាការ​កត់​សំគាល់ ការ​ប្រកាស​បន្តសវនាការឡើងវិញនៅថ្ងៃទី២២មករា​ខាងមុខ គឺក្រោយ​ពី​លោក កឹម សុខា បានប្រកាសហាមប្រាម​មិន​ឲ្យ​លោក សម រង្ស៊ី យក​ឈ្មោះ និង​រូបថត​របស់លោក ទៅប្រើ​ប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា ដែល​ពុំ​មាន​ការ​អនុញ្ញាត ឬ​គាំទ្រ​ពីលោក​ ដែលមានន័យថា សម រង្ស៊ី និង​កឹម សុខា លែងជាមួយមនុស្សតែមួយហើយ។

សម្រាប់អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា ការ​ប្រកាស​បន្តសវនាការឡើងវិញ​លើ​សំណុំ​រឿង​របស់​មេបក្សប្រឆាំងនេះ គឺ​ស្របពេល​ដែល​កម្ពុជា​ត្រូវធ្វើជាប្រធាន​អាស៊ាននៅឆ្នាំ២០២២ និង​ក្រោយ​ពី​សម្ព័ន្ធភាពរវាង លោក សម រង្ស៊ី និង​លោក កឹម សុខា ទំនងជាដើរ​ដល់​ផ្លូវ​បំបែក។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នក​វិភាគ យល់ថា ការ​បន្ត​សវនាការ​ឡើងវិញនេះ គឺជាសញ្ញាវិជ្ជមាន ហើយពួកគេ​ចង់​ឲ្យអ្នក​នយោបាយ​ខ្មែរ​បញ្ចប់​រឿង​នេះ​ដោយ​ការ​ចរចាគ្នា​ដើម្បី​ផលប្រយោជន៍រួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ