អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​នយោ​បាយអតីត​​បក្ស​ប្រឆាំង​២​រូប​ទៀត​ទទួល​បាន​សិទ្ធិ​ធ្វើ​ន​យោ​បាយ​ឡើង​វិញ

អ្នក​នយោ​បាយ​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប​ទៀត បាន​ទទួល​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ​ ​តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ចុះ​ថ្ងៃទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​។ ​គិត​មក​ដល់​ពេល​នេះ​ មាន​អតីត​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២៦ ​រូប​ក្នុង​ចំណោម​ ១១៨ រូប​ ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ នោះ បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ។

លោក មុត មល្លា (ឆ្វេង) និង​លោក លោក ស៊ុន ចន្ធី (ស្ដាំ) ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។
លោក មុត មល្លា (ឆ្វេង) និង​លោក លោក ស៊ុន ចន្ធី (ស្ដាំ) ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ © សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​នយោ​បាយ​២​រូប​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ផ្តល់​នីតិសម្បទា​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ គឺ​មាន ​លោក ស៊ុន ចន្ធី ជា​អតីត​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ធំ និង​លោក មុត មល្លា គឺ​ជា​អតីត​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​សៀមរាប​។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​អ្នក​នយោបាយ​ទាំង​២​រូប​នេះ​ទៅ​ធ្វើ​នយោបាយ​តាមរយៈ​ការ​បង្កើត​គណ​បក្ស​ថ្មី ឬ​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ណាមួយ​នៅ​ឡើយ​។ ប៉ុន្តែ​សម្រាប់​អ្នក​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​នេះ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ភាគ​ច្រើន​គឺ​ពួកគេ​ចេញ​ទៅ​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​។

អ្នក​ដែល​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​រួម​មាន លោក អ៊ូ ច័ន្ទរ័ត្ន ទៅ​បង្កើត​គណ​បក្ស«កែ​ទម្រង់​កម្ពុជា» ដែលមាន​ការ​ចូល​រួម​ពី លោក ប៉ុល ហំម ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេមើល​ឃើញ​ថា ជា​មនុស្ស​ស្និទ​នឹង​លោក កឹម សុខា។ ក៏​មាន​ដែរ លោក ជីវ កត្តា និង​លោក កង គឺមហាក់ ទៅ​បង្កើត​បក្ស​ថ្មីដាក់​ឈ្មោះថា «ខ្មែរ​ស្រឡាញ់​ជាតិ» ខណៈ ​លោក យ៉ែម ប៉ុញ្ញាឬទ្ធិ អតីត​មនុស្ស​ស្និទ​នឹង ​លោក កឹម សុខា ទៅ​បង្កើត​បក្សថ្មី​ដាក់​ឈ្មោះ​ថា »កម្ពុជា​និយម»។

ចំណែក​មនុស្ស​មួយ​ចំនួន ​ដែល​គេ​ដឹង​ថា​ស្និទ​នឹង លោក សម រង្ស៊ី ដូចជា លោក ថាច់ សេដ្ឋា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​ទៅ​ដឹក​នាំ​គណ​បក្ស«ភ្លើងទៀន» ជា​អតីត​គណ​បក្ស «សម រង្ស៊ី» ខណៈ​ លោក សៀម ភ្លុក ដែល​ត្រូវគេ​អះអាង​ថា​ជា​មនុស្ស​របស់​​ លោក សម រង្ស៊ី​ ទៅ​បង្កើត​គណបក្ស « បេះ​ដូង​ជាតិ» តែ​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​បដិសេធ​។ ជា​មួយ​គ្នា​នោះ លោក ជូង ជូងី ដែល​ជា​មេធាវីការ​ពារ​ក្តី​លោក សម រង្ស៊ី ​មិន​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ​ឡើយ បើ​ទោះបី​ជា​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ក៏ដោយ​។

​ចំណែក​ ​លោក​ ​គង់​ ​គាំ​ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ​ទៅ​ធ្វើជា​ទីប្រឹក្សា​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​គាត់​ ​គឺ​លោក​ ​គង់​ ម៉ូ​នី​កា​ ​ខណៈ​លោក​ ​គង់​ ​បូរ៉ា​ ​ជា​កូនប្រុស​ម្នាក់ទៀត​ ​ទៅ​ចុះចូល​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ