អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

អាមេរិក​ចង់​ឃើញ​កម្ពុជា​និង​អាស៊ាន​ដោះស្រាយ​វិបត្តិ​ភូមា ​ដោយ​ឈរ​លើ​គោល​ការណ៍​ទាំង​ប្រាំ​ចំណុច

ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក​ លោក ​Derek​ Chollet​ បាន​មក​បំពេញ​ទស្សកិច្ច​នៅ​កម្ពុជា​និង​ឥណ្ឌូនេស៊ី ​ចំនួន​៥ថ្ងៃ ​ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នយោបាយ​ភូមា​។ នៅ​កម្ពុជា ​លោក​Derek​ Chollet​ បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់ ​ដោយ​លើក​ឡើង​ពីអ្វី​ដែល​សហរដ្ឋ​អាមេរិក​ ចង់​ឃើញ​នោះ​ គឺ​កម្ពុជា​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ​ដោយ​ឈរ​លើ​គោលការណ៍​ទាំង​ប្រាំ​ចំណុច ​ដែល​អាស៊ាន​បាន​ដាក់​ចេញ​កន្លង​មក​។

លោកប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet
លោកប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រទ្វីតធ័ររបស់ខ្លួន នៅថ្ងៃទី១០ធ្នូ លោក Derek Chollet បានបញ្ជាក់ពីជំនួបរបស់លោកជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាចំនួន២រូបផ្សេងគ្នា។ ក្នុងនោះជំនួបជាមួយប្រមុខការទូតកម្ពុជា លោកប្រាក់ សុខុន លោក Derek Chollet បានអះអាងថា ភាគីទាំងសងខាងបានជជែកគ្នាដោយផ្លែផ្កា អំពីការចូលរួមរបស់អាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការវិវត្តិនៃវិបត្តិនយោបាយក្នុងប្រទេសភូមា និងការដើរតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ។

ដោយឡែកក្នុងជំនួបជាមួយលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក Derek Chollet បានជជែកគ្នាពីផែនការជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំក្រោយដូចគ្នា។ ក៏ប៉ុន្តែបើតាមទីប្រឹក្សាក្រសួងការបរទេសអាមេរិករូបនេះ អាមេរិកឲ្យតម្លៃលើ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​ខ្លួន​ជាមួយ​អាស៊ាន ហើយ​ជំរុញ​ឲ្យ​សមាជិក​របស់អាស៊ានបន្ត​ដាក់​សម្ពាធ​លើ​របប​ភូមា​ឲ្យ​អនុវត្ត​ការ​ឯកភាពទាំង​ប្រាំចំណុច​របស់​អាស៊ាន។

គោលការណ៍ទាំងប្រាំចំណុចនោះរួមមាន ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសភូមា ការបង្កើតកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធក្នុងន័យរក្សាផលប្រយោជន៍ប្រជាពលរដ្ឋ ការតែងតាំងបេសកជនពិសេសដើម្បីជួយសម្របសម្រួល ការផ្តល់នូវជំនួយមនុស្សធម៌ និងការបំពេញទស្សកិច្ចពីបណ្តាប្រទេសនានាទៅកាន់ភូមា។ ទាំងនេះជាគោលការណ៍ប្រាំចំណុច ដែលថ្នាក់ដឹកនាំក្នុងតំបន់អាស៊ាន បានឯកភាព កាលពីថ្ងៃទី២៤មេសា ដើម្បីដោះស្រាយវិបត្តិនយោបាយនៅភូមា ក្រោយមានរដ្ឋប្រហារកាលពីថ្ងៃទី០១កុម្ភៈ។

ទោះជាយ៉ាងណា វិទ្យុបារាំងអន្តរជាតិ មិនអាចសុំការបញ្ជាក់បន្ថែមពីលទ្ធផលនៃជំនួបរវាងទីប្រឹក្សាក្រសួងការបរទេសអាមេរិកជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ពីក្រសួងការបរទេសកម្ពុជាបាននៅឡើយនោះទេ។ ដោយលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ស្នើឲ្យរង់ចាំសេចក្តីប្រកាសព័ត៌មានជាផ្លូវការតែម្តង។

ក៏ប៉ុន្តែ ពីខាងអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក Phil Robertson បានសរសេរលើទំព័រទ្វីតធ័ររបស់ខ្លួនថា គ្មានការសង្ស័យអ្វីនោះទេគឺ ទីប្រឹក្សាក្រសួងការបរទេសអាមេរិក នឹងលើកយកបញ្ហាកំពុងកើតនៅភូមា ជាពិសេសទៅលើបញ្ហសិទ្ធិមនុស្ស។

ជុំវិញបញ្ហានៅភូមា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានប្រកាសពីដំណើរទស្សកិច្ចរបស់ខ្លួនទៅកាន់ប្រទេសភូមានៅខែមករាឆ្នាំ២០២២។ បើតាមលោកហ៊ុន សែន ការធ្វើបែបនេះគឺដើម្បីដោះស្រាយវិបត្តិដែលជាប់គាំងនៅភូមា ខណៈដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនោះ។ នៅទន្ទឹមនេះវៀតណាមជាប្រទេសក្បែរខាង ក៏បានប្រកាសគាំទ្រកម្ពុជា ក្នុងការអញ្ជើញមេដឹកនាំយោធាភូមា ចូលរួមក្នុងការកិច្ចប្រជុំកំពូលអាស៊ាន នៅពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ