អានតួអត្ថបទ
កម្ពុជា-នយោបាយ

បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​នា​ពេល​អនាគត៖ លោក ស ខេង ថានឹងគោរព​តាម​ការ​សម្រេច​របស់​បក្ស

នៅ​ទី​បំផុត​ទៅ លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​របស់​លោក​ហើយ ជុំ​វិញ​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​បន្ត​ពី​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។ លោក ស ខេង តាម​រយៈ​សារ​ផ្ញើ​ជូន​ជន​រួម​ជាតិ នៅ​ថ្ងៃ​អង្គារ​ទី​០៧​ខែ​ធ្នូ​ម្សិលមិញ សង្កត់​ធ្ងន់​ថា លោក​តែង​តែ​គោរព និង​គាំទ្រ​សេចក្ដី​សម្រេច​របស់​មហា​សន្និបាត និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជ្រើស​តាំង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ដ្រី សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្ត​បន្ទាប់​ទៀត​។

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។
លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ @RFI
ផ្សាយពាណិជ្ជកម្ម

ចំពោះ​ការជ្រើស​រើស​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី នា​ពេល​អនាគត អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បញ្ជាក់​ថា លោក​ក៏​នឹង​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ដូច​គ្នា​ដែរ​។ ការ​ប្រកាស​របស់​លោក ស ខេង យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី បន្ត​ពី​រូប​លោក​។

យ៉ាង​ណា​ក៏​ដោយ បើ​តាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ាណែត មែន​ទែន​ទៅ មិនទាន់ដល់ពេលធ្វើជានាយករដ្ឋមន្ត្រីភ្លាមៗទេ ដ្បិតថ្នាក់ដឹកនាំចាស់ៗ កំពុងឈរជើងនៅឡើយ នៅក្នុងជួរបក្សកាន់អំណាច​។ លោក ហ៊ុន សែន ​បញ្ជាក់​បន្ថែម​ថា គណបក្ស​ប្រជាជន​នឹងមិនរៀបចំផ្លាស់ប្តូរបេក្ខភាព​នាយករដ្ឋមន្ត្រីក្នុង​រវាង​៨ទៅ១០ឆ្នាំខាង​មុខ​នេះទេ ខណៈដែលលោក ហ៊ុន សែន អះអាងថា សុខភាពលោកនៅរឹងមាំ និង​អាច​បន្ត​ដឹកនាំ​ប្រទេស​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ