អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរតាមខេត្តជាប់បឹងទន្លេសាប មានចំណាត់ការផ្សេងៗគ្នាចំពោះពលរដ្ឋដែលរំលោភកាប់ទន្ទ្រានព្រៃលិចទឹក

នៅ​ទន្លេសាប ​យុទ្ធនា​ការ​បង្ក្រាប​បទល្មើស​នៅ​តំបន់​ព្រៃ​លិចទឹក​ កំពុងតែធ្វើ​ឡើង​យ៉ាង​​ក្តៅគគុក។ នៅ​ខេត្ត​មួយ​ចំនួន  អាជ្ញាធរប្រើធម៌ក្តៅ ចាប់​​​ឃាត់ខ្លួនមនុស្ស​ និង​បញ្ចូនទៅ​តុលាការ ព្រោះតែ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ ក្នុង​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក។ នៅខេត្ត​ខ្លះទៀត​ អាជ្ញាធរ​និង​អ្នក​តំណាងរាស្ត្រ ប្រើធម៌​ត្រជាក់ ចុះ​សម្រប​សម្រួល ស្តាប់​សំណូមពរ និង​ធ្វើកិច្ចសន្យាព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​។

បឹងទន្លេសាប
បឹងទន្លេសាប © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយ​​ចេញបញ្ជា​ខ្លាំងៗ​ពី​នាយករដ្ឋមន្ត្រីខ្មែរ,​ ក្រុម​ការងារ​អន្តរក្រសួង បាន​ចុះ​ការស្រាវជ្រាវ​កាប់ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប។ ទន្លេសាបដែល​​​​ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។ នៅ​ខេត្ត​បាត់ដំបង លោកចៅហ្វាយ​ខេត្ត បា​នប្រាប់​វិទ្យុ​បារាំងRFI ថា អាជ្ញាធរជំនាញ បាន​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន​៧នាក់​ ដែល​កំពុង​តែ​ប្រព្រឹត្តបទល្មើសជាក់ស្តែង ទន្ទ្រានដីព្រៃលិចទឹក នៅថ្ងៃទី​២៩វិច្ឆិកា ថ្មីៗនេះ​​។ អមជាមួយ​វត្ថុតាង ជនល្មើស​ទាំង​៧នាក់​ បាន​ត្រូវ​បញ្ចូន​ទៅ​តុលាការ ដែល ព្រះរាជអាជ្ញាខេត្ត កំពុង​បន្ត​នីតិវិធី​។​ នេះបើតាម​លោក​អភិបាល​ខេត្ត សុខ លូ។

ចំពោះ​ខេត្ត​សៀមរាប មន្ត្រី​ជំនាញ​ខេត្ត​បាន​ក្តាប់​កិច្ចការ​បទល្មើស​នេះ តាំងពី​យូរយារ​ គឺតាំងពីមុន​​ពេល​ចង្អុ​រ​​បង្ហាញ​របស់​ប្រមុខរដ្ឋាភិបាល​ទៅទៀត​។ ជាសរុប ចាប់ពី​ឆ្នាំ ២០១៤ រហូត​ដល់​២០២១នេះ​ ខេត្ត​សៀមរាប ​រកឃើញបទល្មើស​ទន្ទ្រាន​ដីព្រៃលិចទឹក ចំនួន​ជាង​១៣០ករណី ហើយ​ជាង​៤០ករណី គឺ​ជនល្មើស​ត្រូវ​តុលា​ការ​​កាត់ទោស​ ដាក់​ពន្ធនាគារ និង​អ្ន​កខ្លះ​ក៏​រួច​ចេញ​ពីមន្ទីរឃុំ​ខ្លួន​ខ្លះទៅហើយ។ នេះបើតាម​ការ​បំភ្លឺ​របស់​លោក​ចៅហ្វាយ​ខេត្ត ទៀ សីហា ដែល​បន្ត​បញ្ជាក់ថា ពេល​នេះ​ក្រុម​ការងារ​ជំនាញ​ នៅ​ជួប​ការ​លំបាក​ក្នុង​ការ​វាស់វែង​ខ្លះៗ​ ព្រោះតែ​ទឹក​ទន្លេ​នៅ​មិនទាន់​ស្រក​ស្រួល​បួល​នៅឡើយ។ គេ​ត្រូវ​រង់​​ចាំ​ទឹក​ស្រក​សិន ទើប​ងាយ​ស្រួល​វាយ​តម្លៃ​ជាថ្មី។​

ចំពោះ​ខេត្ត​កំពង់​ឆ្នាំង ​ ​អាជ្ញាធរខេត្ត​ និង​អ្នក​តំណាងរាស្ត្រ​ម្នាក់របស់ខេត្ត​កំពង់​ឆ្នាំង បាន​ជួប​ពលរដ្ឋ​៥០គ្រួសារ ក្នុងស្រុក​កំពង់​លែង ដើម្បី​ស្តាប់​សំណុំពរ និងរក​ផ្លូវ​​ដោះស្រាយ។ តំណាង​ពលរដ្ឋ​ ៤ភូមិ នៅ​ស្រុក​កំពង់​លែង ស្នើសុំបន្តអាស្រ័យផលមួយរយៈទៀត​ លើផ្ទៃដីស្រែក្នុងតំបន់៣ ដែលបានសាបព្រោះស្រូវ​ដំណាំ​រួច​ហើយ​។ ដើម្បីជួយបន្ធូរភាពលំបាករបស់​អ្នកស្រែ​ក្រីក្រ​ អាជ្ញាធរខេត្ត​កំពង់ឆ្នាំ អនុញ្ញាតឲ្យ​ពួក​គេ​ មើល​ថែទាំដំណាំស្រូវរហូតដល់ច្រូតកាត់រួច ហើយធ្វើកិច្ចសន្យាបញ្ឈប់ការចូលទៅអាស្រ័យផលក្នុងទីតាំងនោះទៀត។ នេះបើតាមការឲ្យដឹង​ពី​អភិបាល​​ខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ កាលពី​ថ្ងៃ​សៅរ៍ ទី​៤ធ្នូ។​

តាមក្រុម​ស្រាវជ្រាវ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា, ការ​ទន្ទ្រាន​ព្រៃលិចទឹក គឺធ្វើ​ឲ្យ​ខូច​ខាត​ដល់​​ប្រព័ន្ធ​ជីវចម្រុះ បំផ្លាញ​ព្រៃលិចទឹកជាជម្រ​មច្ឆាជាតិ​ ខូច​ធ្លាទឹក ផ្លូវទឹក​ និង ​បាត់ពូជត្រីកម្រ​ ជាដើម។ ​ក សុខមច្ឆាជាតិ​ាក​ក្នុង​ការ​វាស់វស​នេះជា​ជារឿង​ឈឺចាប់​ក្នុងនាម​ជាខ្មែរ​។ នេះបើតាម​ប្រសាសន៍​​បណ្ឌិត សុខ ទូច ដែល​លើកឡើង​នៅវិទ្យុបារាំងRFI ទៀត​ថា នៅពេល​បែក​ចេញ​​សម័យ​ខ្មែរ​ក្រហមភ្លាមៗ​ នរណា​ក៏ទទួលស្គាល់​ថា ត្រី​ក្នុងបឹង​ទន្លេសាប​សម្បូរសម្បើមណាស់ និងធំៗទៀត​។ ពេលនេះ បែរជា​ខ្មែរ​ស្ទើរ​ខ្វះ​ត្រីទៅវិញ។​

សូមរំឮកថា ជំនាន់​សម័យ​បារាំង និងជំនាន់​សង្គម​រាស្ត្រ​និយម ត្រីខ្មែរ ​ត្រូវនាំចេញ​ទៅលើលក់​ក្នុង​តំបន់​អាស៊ី ​លក់​ដល់​ សិង្ហបុរី​ និង ហុងកុង។

ទន្លេសាប ជា​បេះដូង នៃ​ស្រុកខ្មែរ និងជា​បឹង​ទឹកសាប​ ដ៏​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ បើតាម​អាជ្ញាធរ​ទន្លេសាប, បឹង​នេះ​ បណ្ដោយ​ប្រមាណ ១១៦ គ​.​ម ហើយ​ទទឹង ប្រមាណ​ពី ៣គ​.​ម ទៅ៣៣ គ​.​ម និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ ៤៨២ គ​.​ម នៅ​រដូវប្រាំង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ