អានតួអត្ថបទ
កម្ពុជា-នយោបាយ

សារដូចទឹកបាក់ទំនប់គាំទ្រលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ត តែអ្នកវិភាគថាអាស្រ័យលើអ្នកបោះឆ្នោត

ភ្លាមៗ​បន្ទាប់​ពីលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាស​ថាកូន​ប្រុសច្បង​របស់​លោកគឺ​ លោក​ ហ៊ុន​ ម៉ាណែត​ នឹង​ធ្វើជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពីលោក​ តែត្រូវ​ឆ្លង​កាត់​ការបោះឆ្នោត​ ស្ថាប័ន​សាធារណៈ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ សកម្មជន​ដែល​ស្រលាញ់​គណបក្ស​កាន់​អំណាច​បាន​បង្ហោះ​សារ​ព្រោងព្រាធ​ តាម​បណ្តាញ​សង្គម​ និង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ គាំទ្រ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន។​ អ្នកវិភាគ​ និង​អង្គការ​សង្គម​ស៊ីវិល​ទទួល​ស្គាល់ថា​ វាជា​រឿងធម្មតា​ និង​ជាគោលការណ៍​ផ្ទៃក្នុង​គណបក្ស​ ដែល​មេដឹក​នាំកាន់​ ត្រូវ​តែត្រួសត្រាយ​ផ្លូវសម្រាប់​អ្នកជំនាន់​ក្រោយ​ ខណៈ​ការសម្រេច​ចុងក្រោយ​ស្ថិតនៅ​លើការ​ជ្រើសរើស​របស់​ប្រជាពលរដ្ឋ។​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក © សហការី
ផ្សាយពាណិជ្ជកម្ម

សារគាំទ្រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានរំលេចនូវខ្លឹមសារដូចៗគ្នាផង និងខ្លឹមសារផ្សេងៗគ្នាផង នៅក្នុងន័យរួមថា ជាការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

អ្នកគាំទ្របក្សកាន់អំណាចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ដែលទទួលបានការកោតសរសើរ ការគោរព ស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងក្រសែភ្នែកអ្នកតាមដានសង្គម-នយោបាយ និងក្រុមអង្គការសង្គមស៊ីវិលវិញ គឺគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលចំពោះការប្រកាសជាសាធារណៈ​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​គាំទ្រកូនប្រុសច្បង​របស់​លោក ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រីបន្តពីលោកនោះទេ។ នេះជាការលើកឡើងតាមបណ្តាញហ្វេសប៊ុករបស់លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន លើកហេតុផល២ចំណុចគឺទី១ លោកនាយករដ្ឋមន្ត្រីបានគិតគូរ និងធ្វើកិច្ចការជាច្រើន​ ដើម្បីត្រួសត្រាយផ្លូវឲ្យ​អ្នក​បន្តវេនរបស់ខ្លួន។ ទី២ គឺជាគោលការណ៍ គណបក្សនីមួយៗ​ត្រូវជ្រើសរើសបេក្ខជន​នយោបាយ​សម្រាប់មុខតំណែងកំពូល ដូចជាបេក្ខជននាយករដ្ឋមន្ត្រី។ គណបក្សប្រជាជន ក៏មានគោលនយោបាយផ្ទៃក្នុងរបស់ខ្លួន​ក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី។ ប៉ុន្តែទោះជា​ យ៉ាងណា​ កត្តាសម្រេចចុងក្រោយ​អាស្រ័យលើការជ្រើសរើស​របស់​ប្រជាពលរដ្ឋខ្មែរ នៅក្នុង​ការ​បោះឆ្នោតខាងមុខ។​  នេះបើតាម លោក ប៉ា ច័ន្ទរឿន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូប ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកដែរថា របបប្រជាធិបតេយ្យសេរីពហុបក្សកំណត់ក្នុងរដ្ឋធម្មនុញ្ញ អាចក្លាយឲ្យទៅជារបបយោធាតត្រកូលជាក់ស្តែង ដូចរបបយោធាតត្រកូលហ្សូហ្គន់(Shogunate) ដែលគ្រប់គ្រងដឹកនាំប្រទេសជប៉ុននៅសតវត្សទី១៧ដល់ទី១៩។ លោកថា វប្បធម៌នយោបាយបច្ចុប្បន្ន ស្ថាប័នរដ្ឋ និងដំណើរការប្រព្រឹត្តទៅជាក់ស្តែងនៃស្ថាប័នទាំងនេះ អំណោយផលណាស់ ដល់ការកកើតនៃរបបយោធាតត្រកូល និងដំណើរប្រព្រឹត្តទៅនៃរបបនយោបាយបែបនេះ។

ទោះយ៉ាងណា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីពីបេក្ខភាពលោក ហ៊ុន ម៉ាណែត ដែលធ្លាប់ទទួលបានការសិក្សានៅប្រទេសប្រជាធិបតេយ្យ ត្រូវអ្នកវិភាគភាគច្រើនមើលឃើញថា គុណសម្បត្តិ និងលក្ខណៈសម្បត្តិលោក ហ៊ុន ម៉ាណែត ធៀបទៅនឹងជំនាន់ក្រោយរបស់គណបក្សកាន់អំណាចផ្សេងទៀត អាចទទួលយកបានជាទូទៅ ព្រមទាំងជឿជាក់ថា ទស្សនវិស័យ និងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទំនងជានឹងមិនចម្លងតាមឳពុករបស់លោកទាំងស្រុងនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ