អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជាអញ្ជើញមន្ដ្រី​ជាន់​ខ្ពស់​នៃ​ប្រទេសជិតខាងមកទស្សនកិច្ចបន្តគ្នា មុនខ្លួនធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ

មន្ដ្រី​ជាន់​ខ្ពស់​នៃប្រទេស​ចំនួន​ពីរ​ក្នុង​តំបន់​អាស៊ាន​នឹង​មក​ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​រហូត​ដល់​ថ្ងៃទី១​ធ្នូ ​តប​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ការ​ទូត​កម្ពុជា។ ទស្សនកិច្ច​បន្ត​បន្ទាប់​គ្នា​នៃ​មន្ដ្រី​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ពេល​នេះ​ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​អន្តរជាតិ​មើល​ឃើញ​ថា ជា​ការ​ស្វែង​យល់​ពី​គ្នា​បន្ថែម​ទៀត​ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​លើ​បញ្ហា​តំបន់​ ជា​ពិសេស​វិបត្តិ​នយោបាយ​នៅ​ភូមា ​ខណៈ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។

លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីប្រកាសព័ត៌មានពីរដាច់ដោយឡែកពីគ្នា ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា មន្ដ្រី​ការទូត​ជាន់​ខ្ពស់​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​២ រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី ​នឹង​មកបំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពីថ្ងៃទី២៩វិច្ឆិការហូតដល់ថ្ងៃទី១ធ្នូ។

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានវត្តមានរបស់នាយករដ្ឋមន្ត្រី ផនខាំ វីផាវ៉ាន់ នឹងមកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជាចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩និង៣០ខែវិច្ឆិកានេះ។ បើតាមសេចក្តីប្រកាសព័ត៌មាន ប្រមុខរដ្ឋាភិបាលឡាវរូបនេះ នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មកទៀតលោកនាយករដ្ឋមន្ត្រី ផនខាំ វីផាវ៉ាន់ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា ដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកសាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកហេង សំរិន ប្រធានរដ្ឋសភា។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ដំណើរទស្សកិច្ចនេះធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ ក្នុងក្របខណ្ឌជាអ្នកជិតខាង និងក្នុងតំបន់អាស៊ាន។

ចំណែកឯសាធារណរដ្ឋឥណ្ឌូនេស៊ីវិញ លោកស្រីរ៉េតណូ អិល ភី ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នឹងមកបំពេញទស្សកិច្ចពីរថ្ងៃដូចគ្នា ពីថ្ងៃទី៣០ដល់ថ្ងៃទី១ខែធ្នូ។ បើតាមក្រសួងការបទេសកម្ពុជា ប្រមុខការទូតឥណ្ឌូនេស៊ីជាស្ត្រីរូបនេះ នឹងលើកយកទិដ្ឋភាពមួយចំនួនមកពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រួមនឹងលោកប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ដើម្បីស្វែងរកផលប្រយោជន៍រួម ខណៈដែលកម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ​ទី​២៨​វិច្ឆិកានេះថា ដំណើរទស្សកិច្ចផ្លូវការនៃប្រទេសទាំងពីរនេះ ធ្វើឡើងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង ក៏​ដូច​ជា​កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគីផង និងអាស៊ានផង។

ក៏ប៉ុន្តែយ៉ាងណា សម្រាប់អ្នកជំនាញផ្នែកអន្តរជាតិ យល់ថា លើសពីកិច្ចសហប្រតិបត្តិការរវាង​គ្នា ដំណើរទស្សកិច្ចនៃថ្នាក់ដឹកនាំក្នុងតំបន់អាស៊ាននៅ​កម្ពុជា​នាពេលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់គ្នាបន្ថែមទៀត ហើយជារឿងមួយដែលសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ឃើញថា ការស្វែងយល់គ្នាទៅវិញទៅមកពេលនេះ នឹងអាចឈានទៅរកការសម្រេចរួមក្នុងការដោះស្រាយបញ្ហាប្រកួតប្រជែងអំណាចក្នុងតំបន់ បញ្ហាជាប់គាំងនៃវិបត្តិនយោបាយភូមា និងការស្តារឡើងវិញនូវសេដ្ឋកិច្ចអាស៊ាន ក្រោយវិបត្តិកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ