អានតួអត្ថបទ

ASEM 13៖ អ្នក​ទទួល​ថ្នាំ​បង្ការ​កូវីដ នៅតែ​​​អតុល្យភាព​ រវាង​ប្រទេស​ធំនិងប្រទេស​ក្រីក្រ

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា បាន​ចប់​ហើយនៅ​យប់​ម្សិលមិញ។ នៅថ្ងៃ​ចុងក្រោយ​នៃអង្គប្រជុំ​​ឆ្នាំនេះ គឺ​មានសេចក្តីថ្លែងការណ៍រួម ចំនួន​បី។ ទី​១ ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អង្គប្រជុំ។​ ទី២ ​​សេចក្តីថ្លែងការណ៍​ក្រុងភ្នំពេញ ស្តីពីការស្តារ​ឡើងវិញ ទាំង​សង្គម​និងសេដ្ឋកិច្ច​ ក្រោយ​ជំងឺ​កូវីដ ហើយ​ទី៣ គឺ​ស្តីពី​សកម្មភាពអនាគត​របស់​​អង្គវេទិកា​ប្រជុំកំពូលអាស៊ី-អឺរ៉ុប។​  

ASEM 13
ASEM 13 © ASEM 13
ផ្សាយពាណិជ្ជកម្ម

ក្នុង​​ប្រជុំកំពូលអាស៊ី-អឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក សាល មីស៊ែល (Charles Michel) បានថ្លែង សរសើរកម្ពុជា ​និងបញ្ជាក់ពីភាពត្រូវការគ្នាទៅវិញទៅមក រវាងអាស៊ីនិងអឺរ៉ុប ដើម្បីចូលរួមដោះស្រាយនិងស្តារសេដ្ឋកិច្ចពាណិជ្ជកម្ម ក្រោយរងគ្រោះពីវិបត្តិកូវីដ១៩។ ​ការ​ចាក់​វ៉ាក់​សាំង ប្រឆាំង​នឹង​កូវីដ​ ត្រូវ​ថ្នាក់ដឹកនាំ​ ASEM យល់ថា ជាមធ្យោបាយដ៏សំខាន់ ដើម្បីចាកចេញពី​វិបត្តិ។ ប៉ុន្តែ​​ បើទោះបី​ជា​ ប្រទេស​ជាច្រើន​ នៅ​ក្នុង​ទាំងទ្វីបពីរ អាស៊ីអឺរ៉ុប​ កំពុងតែ​ជំរុញការ​ផ្តល់​ថ្នាំបង្ការ​កូវីដក្តី តែ​ អតុល្យភាព​ភាព ក្នុង​ចំណោម​ពលរដ្ឋ​ទទួល​ថ្នាំបង្ការរួច គឺ​មាន​នៅ​គម្លាតគ្នា​ឆ្ងាយ​​ រវាង​ប្រទេស​ធំៗ មានៗ និងនៅតាម​​ប្រទេស​ក្រីក្រ​។​

ដោយឡែក នៅ​ក្នុង​​កិ​ច្ចប្រជុំចង្អៀត ថ្ងៃទី​២ មាន​ប្រធាបទ​​ក្តៅ​ៗ គួរ​ឲ្យ​ទាក់​ចិត្ត​​ គឺ​​ថ្នាក់​ដឹកនាំ ASEM មួយ​ចំនួន​របស់​​ ASEM លើកឡើង ពី​សំណុំ​រឿង​សមុទ្រចិន​ខាងត្បូង និង​រឿង​ភូមា ដែល​ជៀស​មិននិយាយ​មិនបាន​។ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងជា​ប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ​មានប្រសាសន៍ថា ​​​សំណុំ​រឿងនុយក្លេអ៊ែរ​​កូរ៉េខាង​ជើង​ គឺថ្នាក់ដឹកនាំ​ASEM​នៅ​តែ​ជំរុញ​ចង់​ឲ្យ​ភាគី​កូរ៉េខាងជើង​ចូល​តុចរចា។​ ចំណែកវិបត្តិ​អាហ្វហ្គានីស្ថាន​, អាស៊ី-អឺរ៉ុប ​កោត​សរសើរស្មារតី​ជួយ​យកចិត្តទុកដាក់​ដល់​ជន​ភៀសខ្លួន​។​

គួរ​ជ្រាបដែរ​ ក្នុង​អង្គប្រជុំ​ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក សាល មីស៊ែល ​បានរំលឹក​ប្រាប់វេទិកា​កំពូល​នេះ ពីជំហរសហភាពអឺរ៉ុប គឺនៅតែប្រកាន់យ៉ាងមុតមាំពីការគោរពគោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិតេយ្យ និងសេរីភាព​ជាមូលដ្ឋាន​។ ការ​រំលឹក​នេះ ពុំ​មែន​ជារឿង​ចៃដន្យ​នោះទេ ខណៈ​ដែល​ប្រជាជាតិ​ច្រើន​នៅ​តំបន់​អាស៊ី​និងអឺរ៉ុប កំពុងតែប្រឈម​រឿង​រំលោបបំពាន​សិទ្ធិ​ពលរដ្ឋ ពិសេស​ក្នុង​ដំណាក់​កាល​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ប្រយុទ្ធ​ប្រឆាំងការ​រាតត្បាត​មេរោគ​កូវីដ។​​ ក៏ប៉ុន្តែ​ ​​លោក លុយ ដាវីដ មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ ដែល​តាមដាន​​ដិតដល់​​ក្នុង​អង្គប្រជុំ បាន​បញ្ជាក់ថា ប្រសាសន៍របស់ ប្រធានក្រុមប្រឹក្សាអឺរ៉ុប គឺស្តីពី​គោលការណ៍សិទ្ធមនុស្ស និងសេរីភាព​​ទូទៅ​ ដែល​ជា​សសរ​ស្តម្ភ​របស់​សហភាពអឺរ៉ុប​តែ​ប៉ុណ្ណោះ ហើយ​មិន​សំដៅ​ប្រទេស​ណាមួយ​ ក្នុង​អង្គប្រជុំទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ