អានតួអត្ថបទ

ករណីផ្ទះបណ្ដែតទឹក៖ អ្នករាយការណ៍ពិសេសរបស់UN ស្នើឲ្យកម្ពុជាបង្ហាញពីមូលដ្ឋានគតិយុត្តិ

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ចំនួន​ប្រាំ​រូប​ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​អំពី​មូលដ្ឋាន​គតិ​យុត្តិ​សម្រាប់​ការ​រុះ​រើ​ផ្ទះ​បណ្តែត​ទឹក​របស់​ជន​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​វៀត​ណាម​ប្រមាណ​៧០០​គ្រួសារ ​នា​ពេល​កន្លង​ទៅ​នេះ​។ ​ការ​បញ្ចេញ​លិខិត​បែប​នេះ​ ជា​សាធារ​ណៈ​របស់​អ្នករាយការណ៏​ពិសេស​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​នេះ​អស់​រយៈ​ពេល​៦០​ថ្ងៃ​មក​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ អះអាងថា​ កម្ពុជា​គ្មាន​កាតព្វ​កិច្ច​ឆ្លើយ​តប​នឹង​សំណើ​នេះ​ឡើយ​។

ផ្ទះបណ្ដែតទឹក​របស់ជនជាតិវៀតណាម​នៅកម្ពុជា
ផ្ទះបណ្ដែតទឹក​របស់ជនជាតិវៀតណាម​នៅកម្ពុជា © UN special Raporter
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​សាក​សួរ ជា​ពិសេស​អំពី​មូល​ដ្ឋាន​គតិ​យុត្តិ​នៃ​ការ​បញ្ជា​ឲ្យ​រុះ​រើផ្ទះ​បណ្តែត​ទឹក​របស់​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​វៀត​ណាម​ប្រមាណ​៧០០​គ្រួសារ ដែល​ត្រូវ​បាន​រុញ​ច្រាន​ឲ្យចាក​ចេញ​ពី​ផ្ទៃ​ទឹក​នៅ​ទី​ក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ចំនួន​ប្រាំ​រូបក៏​បាន​ផ្តោត​ផង​ដែរ អំពី​ការ​គាំ​ទ្រ និង​ជំនួយ​អ្វីខ្លះ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដល់​គ្រួសារ ដែលភាគ​ច្រើន​ត្រូវ​បាន​ទុក​ចោល​ដោយ​គ្មាន​ផ្ទះ​សម្បែង បន្ទាប់ពី​មាន​ការ​វាយ​កម្ទេច និង​រុះរើ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​។

 

កាល​ពី ៦០​ថ្ងៃ​កន្លង​ទៅ អ្នក​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ស្នើរ​ដល់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​មូលដ្ឋាន​គតិ​យុត្តិ​នៃ​ការ​បញ្ជា​ឲ្យ​រុះ​រើ​ផ្ទះ​បណ្តែត​ នៅភ្នំពេញ និង​ខេត្តកណ្តាល តាម​រយៈ​លិខិតមួយ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៦​វិច្ឆិកា។ គឺជាការផ្សព្វផ្សាយ​ក្រោយពីគ្មានការ​ឆ្លើយតបណាមួយពីអាជ្ញាធរកម្ពុជា។

ប៉ុន្តែ​លោក កត្តា អ៊ន ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានអះអាងថា រដ្ឋាភិបាលកម្ពុជា​គ្មាន​កាតព្វកិច្ច​ឆ្លើយតប​នឹង​សំណើ​របស់​ក្រុមអ្នកជំនាញសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​ទាំងនោះឡើយ។ ទោះជាយ៉ាងណា លោក​ពន្យល់ថា វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ​ក្នុង​ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​របស់​ជន​អន្តោប្រវេសន៍ខុស​ច្បាប់​ទាំងនោះ គឺជារឿងសមស្រប ពីព្រោះតែពួកគេ​រស់នៅ​ធ្វើ​ខូច​បរិស្ថាន និង​ទឹកប្រើ​ប្រាស់។

សម្រាប់ អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ នៃ​ការ​ពិគ្រោះយោ​បល់​ជាមួយ​ប្រជា​ពលរដ្ឋ ការ​ជូន​ដំណឹង​សម​ស្រប ការ​ផ្តល់​នូវ​ជម្រើស​នៃការ​ស្នាក់​នៅ ឬ​ដំ​ណោះ​ស្រាយដែល​មាន​ប្រសិទ្ធ​ភាព ដែល​សំដៅ​ទៅ​លើ កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស ដើម្បីការ​ពារ ជន​ជាតិ​ដើម​ភាគ​តិច ​និងសិទ្ធិ​របស់​មនុស្ស​គ្រប់​រូប ក្នុង​ការ​ទទួល​បាន​លំនៅ​ឋាន​សម​រម្យ អាហារ​គ្រប់​គ្រាន់ និងសុភាព។

បើតាម​ លោក កត្តា អ៊ន មានប្រជាជនខ្លះក្នុងចំណោម​នោះ តែងតែ​វិល​មករស់នៅលើទឹកវិញ បើទោះបីជាអាជ្ញាធរបាន​ផ្តល់ជាសំណងឲ្យរស់​នៅលើដីគោកក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ