អានតួអត្ថបទ
កម្ពុជា-ច្បាប់

រយៈពេល ២ខែកន្លះ មានរថយន្តអត់ពន្ធចូលទៅបង់ពន្ធចំនួន១៦៤០គ្រឿង មានចំណូលជាង១៧លានដុល្លារ

រយៈពេល​ប្រមាណ​៦០ថ្ងៃ​ នៃថ្ងៃ​ធ្វើការ​ អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋករ​ បាន​ទទួល​ម្ចាស់​រថយន្ត​អត់ពន្ធ​ ទាំងចង្កូតស្តាំ​ និង​ចង្កូតឆ្វេង​ ដែលជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ​ចំនួន​ ១ ៦៤០​គ្រឿង​ ចូល​ទៅបង់ពន្ធ​ និង​ប្រកាស​បង់ពន្ធអាករ។​ ការនាំ​យក​រថយន្ត​គ្មានពន្ធ​ ទៅបង់ពន្ធ​ពេលនេះ​ ធ្វើឡើង​ក្រោយពីគយ​ និង​រដ្ឋករ​ បាន​ផ្តល់ការ​អនុគ្រោះពន្ធ​ចំនួន១០%​ រហូត​ដល់ថ្ងៃ​ទី៣១​ ខែធ្នូ​ ឆ្នាំ២០២១​នេះ​ និង​នៅសល់​ពេល​ប្រមាណ​ជា​៧​ខែទៀត​ប៉ុណ្ណោះ​ ដែល​អង្គភាពគយ​ និងរដ្ឋករ​ នឹងចាត់​វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ ទៅលើ​រថយន្ត​ដែល​គ្មានពន្ធ។​

រថយន្ត (ខ.ម) (រូបតំណាង)
រថយន្ត (ខ.ម) (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

គិតចាប់តាំពីរដ្ឋាភិបាលបើកភ្លើងខៀវកាលពីខែកញ្ញា ឲ្យអង្គភាពគយ និងរដ្ឋករចាត់វិធានការប្រមូលរថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខកងទ័ព(ខម) ផ្លាកលេខនគរបាល(នប) ឬផ្លាកលេខស្ថាប័ន្ធរដ្ឋផ្សេងៗទៀត ឲ្យមកបង់ពន្ធ រហូតមកទល់ថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ មានរថយន្តចំនួន១ ៦៤០គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រកាសបង់ពន្ធអាករ។

ក្នុងចំណោមរថយន្តដែលម្ចាស់នាំយកមកបង់ពន្ធ និងប្រកាសតំកល់ប្រាក់ពន្ធទាំង១ ៦៤០គ្រឿងនេះ មានរថយន្តចង្កូតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កូតស្តាំចំនួន៨៣២គ្រឿង ក្នុងនោះ៨៥គ្រឿងបានកែចង្កូតពីស្តាំមកឆ្វេងរួចហើយ។ ដោយឡែក ប្រាក់ពន្ធ និងអាករ ដែលប្រមូលបានពីការបង់ពន្ធនៃរថយន្តទាំងចង្កូតឆ្វេង និងចង្កូតស្តាំនេះ មានចំនួនសរុប ១៧,៣លានដុល្លារ។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រនេះថា និន្នាការនៃការចូលទៅបង់ពន្ធរបស់ម្ចាស់រថយន្តអត់ពន្ធមានវឌ្ឍនភាពល្អប្រសើរ ដែលនេះគឺជាលទ្ធផលដ៏ប្រសើរមួយ បើគិតជាមធ្យមមានរថយន្តជិត៣០គ្រឿង ត្រូវម្ចាស់នាំយកមកបង់ពន្ធក្នុងមួយថ្ងៃ។ លោកកត់សម្គាល់ថាមួយរយៈចុងក្រោយនេះ ចំនួនរថយន្តចង្កូតស្តាំ ដែលម្ចាស់ចូលទៅតំកល់ប្រាក់ពន្ធមានការកើនឡើង។

តាមការឲ្យដឹងពីអង្គភាពគយ និងរដ្ឋករ មានរថយន្តអត់ពន្ធទាំងចង្កូតស្តាំ និងចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ មានរហូតដល់ទៅជិត១ម៉ឺនគ្រឿងឯណោះ ខណៈឱសានវាទនឹងផុតកំណត់នៅចុងខែមិថុនាឆ្នាំ២០២២។ ទោះយ៉ាងណា លោក គុណ ញឹម មានសុទិដ្ឋិនិយមថាម្ចាស់រថយន្តខុសច្បាប់ នឹងនាំយករថយន្តរបស់ពួកគេទៅបង់ពន្ធ បំពេញភាពស្របច្បាប់បានច្រើនគ្នា ដោយសារពេលវេលានៅច្រើនបន្ថែមទៀត។

សូមរំលឹកថា រថយន្តដែលគ្មានពន្ធ ត្រូវបានស្ថាប័ន្ធគយ និងរដ្ឋករ អនុគ្រោះពន្ធឲ្យ១០% ដែលនឹងបញ្ជប់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១នេះ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ រថយន្តដែលគ្មានពន្ធ នឹងត្រូវបង់ពន្ធពេញ។ លើសពីនេះ រថយន្តគ្មានពន្ធទាំងអស់ នឹងរងនូវការបង្ក្រាប និងពិន័យយ៉ាងតឹងតែង ដោយមិនមានការលើកលែង ចាប់ពីចុងខែមិថុនា ឆ្នាំ២០២២ទៅ ប្រសិនបើម្ចាស់មិននាំយកទៅបង់ពន្ធឲ្យទាន់កាលកំណត់ចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ