អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ហ៊ុន សែន ជម្រុញឲ្យបន្តពង្រឹងទំនាក់ទំនងអាស៊ាន-ចិន និងផ្តល់តម្លៃខ្ពស់នៃការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ឲ្យដឹង​ថា​បញ្ហាការ​ឆ្លើយតប​នឹងជំងឺកូវីដ-១៩​ ការបន្ត​ពង្រឹងការ​តភា្ជប់​ក្នុង​តំបន់​តាមសេចក្តី​ថ្លែងការណ៍​រួមអាស៊ាន​-ចិន​ ការ​លើកកម្ពស់​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ បញ្ហា​ប្រព័ន្ធពហុភាគី​និយម​ ដែលរួម​បញ្ចូល​បញ្ហាសមុទ្រ​ចិនខាងត្បូង​ដែរនោះ​ សុទ្ធសឹង​ជាបញ្ហា​ដែល​ត្រូវ​ពង្រឹង​បន្ថែមនៃទំនាក់ទំនង​អាស៊ាន-ចិន។​ ការលើកឡើង​របស់លោក​ ហ៊ុន សែន​ ទាំងអស់​នេះគឺធ្វើឡើង​តាមរយៈ​ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន​តាមអនឡាញ​នាព្រឹកថ្ងៃចន្ទនេះ​ដើម្បីអបអរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងចិន។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រៅពីការលើកទឹកចិត្តឲ្យចិនបន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេសផ្តល់ការគាំទ្រចំពោះ ក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្តួចផ្តើមនានាក្នុងការឆ្លើយតបជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឲ្យអាស៊ាន-ចិន ពង្រឹងការតភា្ជប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សុំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងគំនិតផ្តួចផ្តើមខ្សែរក្រវាត់ និងផ្លូវ(BRI) ដើម្បីបង្កើនប្រិសិទ្ធភាពលំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន។

សុន្ទរកថាខ្លីរបស់លោក ហ៊ុន សែន ទៅកាន់មេដឹកនាំអាស៊ាន-ចិន ឲ្យដឹងទៀតថា ប្រទេសកម្ពុជាគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។

លោកនាយករដ្ឋមន្ត្រី បន្តថា កម្ពុជាក៏ស្វាគមន៍ផងដែរនូវគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ អាស៊ានគប្បីបន្តប្រកាន់យកប្រព័ន្ធពហុនិយម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោកដោយសន្តិវិធី។ នេះបើតាមលោក ហ៊ុន សែន។ លោកបន្តថា ប្រទេសកម្ពុជាក៏សូមគាំទ្រគំនិតផ្តួចផ្តើមប្រារព្ធខួប២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ ២០២២ ហើយប្រធានអាស៊ានឆ្នាំ២០២២នេះ ក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ