អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋនិងក្រុមហ៊ុនឯកជន សម្រេចបញ្ចុះតម្លៃចំពោះការប្តូរចង្កូតរថយន្តពីស្តាំមកឆ្វេង របស់ម្ចាស់រថយន្តស្លាកលេខ(ខ.ម)

កងទ័ពជើងគោក​ និងវិស័យឯកជន​កាលពី​ពេលថ្មីៗនេះ​ បាន​សហការ​គ្នាពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ​ទៅលើការ​កែចង្កូត​រថយន្ត​ពីសាំ្តមកឆ្វេង​ ចំពោះ​ម្ចាស់​រថយន្ត​ដែលកំពុង​ប្រើប្រាស់​ផ្លាកលេខ​កងយោធពល​ខេមរភូមិន្ទ។​ ការ​សហការ​បញ្ចុះតម្លៃ​នេះ​ ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​ប្រកាសរឹត​បន្តឹង​ការបង់ពន្ធ​ អាករនាំចូល​ និងឱ្យស្រប​ទៅតាមច្បាប់​ក្នុងការ​ធ្វើចរាចរណ៍​ក្នុងប្រទេសកម្ពុជា​ ដើម្បី​ធានា​បាននូវ​ការ​ប្រើប្រាស់​រថយន្ត​នៅលើដង​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព។​  

រថយន្តចង្កូតស្តាំ និងរថយន្តពាក់ផ្លាកលេខ (ខ.ម)
រថយន្តចង្កូតស្តាំ និងរថយន្តពាក់ផ្លាកលេខ (ខ.ម) © Internet
ផ្សាយពាណិជ្ជកម្ម

លោកឧកញ៉ា​ តែ តាំងប៉ះ​ អគ្គនាយកក្រុមហ៊ុន​ S.T.P International Cambodia Public​ ដែលប្រតិបត្តិការ​ទៅលើការ​ជួសជុល​រថយន្ត​ និងកែឆ្នៃ​ចង្កូត​រថយន្ត​បានបញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នាព្រឹកថ្ងៃទី២២​ វិច្ឆិកានេះថា​ ដើម្បី​ជួយសម្រួល​ដល់បន្ទុក​យោធិន​មួយចំនួន​ដែលកំពុង​ប្រើប្រាស់​រថយន្ត​ចង្កូតស្តាំ​ ក្រោមផ្លាកលេខ​កងយោធពលខេមរភូមិន្ទ​ ដែលត្រូវ​ធ្វើការ​កែតម្រូវ​មកជាចង្កូតឆ្វេង​ និងបង់ពន្ធ​ អាករ​នាំចូល​ឱ្យស្រប​តាមបទ​បញ្ជា​របស់​រដ្ឋាភិបាល​ លោកឧកញ៉ា​ សម្រេច​បញ្ចុះតម្លៃ​ដល់ការ​ប្តូរចង្កូត​រថយន្ត​ពីស្តាំមក​ឆ្វេង​ចំពោះស្លាក​លេខរថយន្ត​(ខ.ម)​នៅទូទាំងប្រទេស​ ជា​ពិសេស​យោធិន​ដែលមាន​ជីវភាព​ក្សត់ខ្សោយ។​

ការសម្រេច​បញ្ចុះតម្លៃ​បែបនេះ​ ក្រោយ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី០៨​ តុលា​កន្លងទៅ​បាន​ប្រកាស​ ប្តេជ្ញា​បញ្ចប់​បញ្ហា​រថយន្ត​មិនបង់ពន្ធ​ អាករនាំចូល​ និងរថយន្ត​ចង្កូតស្តាំ​ខុសច្បាប់​ ដែល​ជាបញ្ហា​ច្រំដែល​ចាប់ពីថ្ងៃទី០១​ កក្កដា​ ឆ្នាំ២០២១។​

បើតាម​លោកឧកញ៉ា​​ តែ តាំងប៉ះ​ ការបញ្ចុះ​តម្លៃពិសេស​លើថ្លៃប្តូរ​ចង្កូតរថយន្ត​សម្រាប់​យោធិន​នៃកងយោធពល​ខេមរភូមិន្ទ​នឹងអនុវត្ត​ទៅតាមប្រភេទ​ និង​ឆ្នាំផលិត​ ដោយធានា​លើគុណភាព​សម្ភារៈ​ លក្ខណៈ​បច្ចេកទេស​ និងស្តង់ដារ​សុវត្ថិភាព​រថយន្ត។​ ការអនុវត្តបែបនេះ​ គឺដើម្បី​ធានា​បាននូវ​សុវត្ថិភាព​លើដងផ្លូវ​ និងស្រប​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​ ក៏ដូចជា​ចូលរួម​ដោះស្រាយ​ជីវភាព​របស់យោធិន​ដែលមាន​បញ្ហាជីវភាព​ជាដើម។​

ជាការ​បញ្ជាក់​បន្ថែម​ពីអគ្គនាយក​ក្រុមហ៊ុន​ S.T.P​ ក្រៅតែពី​ រថយន្ត​ចង្កូតស្តាំ​របស់យោធិន​នៃកងយោធពល​ខេមរភូមិន្ទ​ លោកឧកញ៉ា​ ក៏នឹងធ្វើ​ការបញ្ចុះ​តម្លៃ​ទៅលើ​រថយន្ត​របស់កងរាជ​អាវុធហត្ថ​ ប៉ូលីស​ និងពលរដ្ឋផងដែរ។​ ប៉ុន្តែ​ សម្រាប់​តម្លៃ​បញ្ចុះទៅលើរថយន្ត​ចង្កូតស្តាំ​ក្រៅតែពីផ្លាកលេខ​(ខ.ម)​ គឺត្រូវ​ផ្អែកទៅ​លើលទ្ធភាព​ជាក់ស្តែង​ដូចជាតម្លៃ​បញ្ចុះ​ជាដើម​ ខណៈគ្រឿងបន្លាស់​ និងបច្ចេកទេស​សម្រាប់​ផ្លាស់ប្តូរ​ទាំងអស់​ត្រូវនាំចូល​ពីបរទេស​ ដូច្នេះតម្លៃ​អាចនឹង​ខុសគ្នាបន្តិចបន្តូច។​  

សូម​រំលឹកថា​រថយន្ត​អត់ពន្ធ​ ដែល​ជ្រកក្រោម​ផ្លាកលេខផ្សេងៗ​ទាំងចង្កូតឆ្វេង​ និងចង្កូតស្តាំ​ត្រូវ​បានស្ថាប័នគយ​ និងរដ្ឋករ​ប៉ាន់​ប្រមាណថា​ មានរហូតជិត​១ម៉ឺនគ្រឿង​ ដែលភាគច្រើន​ជារថយន្ត​ឯកជន​ពាក់ផ្លាកលេខ​កងទ័ព​ ឬ(ខ.ម)។​ កាលពី​ថ្ងៃទី១០​ ខែកញ្ញា​ ស្ថាប័ន​គយ​ និងរដ្ឋករ​ បានចាប់​ផ្តើមយុទ្ធនាការ​ឲ្យម្ចាស់រថយន្ត​គ្មានពន្ធ​ ជ្រកក្រោម​ផ្លាកលេខ​ផ្សេងៗ​ ចូលទៅបង់ពន្ធ​ ដោយមានការ​អនុគ្រោះពន្ធ​១០%​ រហូតដល់​ចុងខែធ្នូ​ខាងមុខនេះ​ ខណៈ​ យុទ្ធនាការ​នេះនឹង​មាន​សុពលភាព​ដល់ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២២។​

ជាការ​បញ្ជាក់​បន្ថែម​ ស្ថាប័នគយ​និងរដ្ឋករ​ នឹងអនុវត្ត​ការបង្ក្រាប​យ៉ាងសកម្ម​ និងម៉ឺងម៉ាត់​ ចំពោះ​រថយន្ត​គ្មានពន្ធ​ ហើយ​មិនបានចូល​ទៅបង់ពន្ធ​ ដោយ​មិនមាន​ការលើកលែង​ ឬពន្យាពេល​ រួមទាំង​ការពិន័យ​ផងដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ