អានតួអត្ថបទ
កម្ពុជា-សេរីភាពសារព័ត៌មាន

រយៈពេល១១ខែ៖ ខេមបូចារកឃើញករណីយាយីអ្នកកាសែតមានចំនួន៤០ករណី

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬហៅថា​ ខេមបូចា​ បានរក​ឃើញថា​នៅរយៈ​ពេល១១ខែ​នៅ​ឆ្នាំ២០២១​នេះ​ មាន​ករណី​យាយី​អ្នកកាសែត​ចំនួន៤០ករណី​ បាន​កើតមាន​ក្នុងប្រទេសកម្ពុជា។​ ចំនួននេះ​មានការ​កើនឡើង​៥ករណី​ បើធៀប​នឹងទៅ​របាយការណ៍​កាលពី​ឆ្នាំ២០២០​របស់សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា។​

សិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» (រូបតំណាង)
សិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​សិក្ខាសាលា​ស្តីពី​ «ការអនុវត្តវិជ្ជាជីវៈ​និងសេរីភាព​សារព័ត៌មាន​ក្នុងក្របខ័ណ្ឌ​ច្បាប់នៃ​ព្រះរាជាណាចក្រកម្ពុជា»​ ដែលរៀបចំ​ឡើងដោយ​ក្រសួង​ព័ត៌មាន​នៅថ្ងៃអង្គារ​នេះ​ លោក ណុប វី​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ បាន​អះអាងថា​ ក្នុង​ចំណោម​៤០ករណី​នោះ​ មាន​អ្នកកាសែត​ចំនួន​៨៤នាក់​បាន​រងការយាយី​ ដោយ​គិតពី​ខែមករា​ដល់ខែវិច្ឆិកា​ឆ្នាំ២០២១នេះ។​

ករណី​យាយីអ្នកកាសែត​ទាំង៨៤នាក់​នោះ​ មានជាអាទិ៍​ ករណី​ចាត់វិធានការ​ផ្លូវច្បាប់​៧ករណី​កើតមាន​លើអ្នកកាសែត​ចំនួន៨នាក់​ ករណី​អំពើហិង្សា​៥ករណី​កើតមាន​លើអ្នក​កាសែត​ចំនួន២០នាក់​ ករណី​គំរាមកំហែង​១៣ករណី​កើតមាន​លើអ្នកកាសែត​ចំនួន១៧នាក់​ ករណី​បង្ខាំងទុក​២ករណី​កើតមាន​លើអ្នកកាសែត​ចំនួន៥នាក់​ ករណី​ជាប់ឃុំឃាំង​១២ករណី​កើតមាន​លើអ្នកកាសែត​ចំនួន៣៣នាក់​ និង​ករណី​បៀតបៀន​ផ្លូវភេទមាន១ករណី។​ ករណី​បៀតបៀន​ផ្លូវភេទ​ ដែល​លោកណុប វី​ កត់​សម្គាល់​ថាជារឿងមួយថ្មី​ដែល​ពុំធ្លាប់កើតមាន។​

យ៉ាងណាមិញ​តួលេខ​ដែលរកឃើញនេះ​ គឺមានការ​កើនឡើង​ចំនួន៥ករណី​ បើធៀប​ទៅនឹងឆ្នាំ២០២០​កន្លងទៅ។​ ឆ្នាំ២០២០​ដែលមាន​ករណី​យាយី​អ្នកកាសែត​ចំនួន៣៥ករណី​ ឬចំនួន​៨៤នាក់។​ ជាការ​កត់សម្គាល់​ ការកើនឡើង​ករណី​យាយី​អ្នកកាសែតនេះ​កើតមាន​ស្របពេល​ដែលអាជ្ញាធរ​អនុវត្ត​វិធានការ​តឹងរឹង​នៅអំឡុង​ពេលទប់ស្កាត់​ការរាលដាល​ជំងឺកូវី១៩​ ដែលមាន​ការរឹតត្បិត​ផ្នែកសេរីភាព​ ខណៈ​ដែលស្ថាប័ន​សារព័ត៌មាន​យ៉ាងហោចណាស់​៧​ត្រូវ​បានដកហូត​អាជ្ញាប័ណ្ណ។​

បើតាម​លោកណុប វី ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​ពង្រីក​ការយល់ដឹង​ពីការអនុវត្ត​វិជ្ជាជីវៈ​របស់អ្នកសារព័ត៌មាន​និងអាជ្ញាធរ​ ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ហានិភ័យ​ណាមួយ​ដែលអាច​កើតមាន​តាមផ្លូវច្បាប់។​ ហើយ​សម្រាប់​នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​រូបនេះ​ អាជ្ញាធរ​គួរតែ​បញ្ឈប់ការ​ប្រើប្រាស់​បទល្មើសញុះញង់​នៃក្រមព្រហ្មទណ្ឌ​ ដើម្បី​ដាក់បន្ទុក​លើអ្នក​សារព័ត៌មាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ