អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVAXIN ផលិតនៅឥណ្ឌា ក្នុងលក្ខខណ្ឌបន្ទាន់

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី៥​វិច្ឆិកា ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ​ប្រភេទ COVAXIN​ (កូវ៉ាសាំង)​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ​ក្នុង​លក្ខខណ្ឌ​បន្ទាន់​។ ការ​ប្រកាស​យ៉ាងដូច្នេះ​របស់​ក្រសួង​សុខា​ភិបាល​ គឺធ្វើ​ឡើង​២​ថ្ងៃ​ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក ​ទើប​តែបាន​ប្រកាស​ទទួលស្គាល់​វ៉ាក់សាំង​ទី​៨នេះ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ១៩។

វ៉ាក់សាំងប្រភេទ  COVAXIN ដែលជាផលិតផលរបស់ឥណ្ឌា
វ៉ាក់សាំងប្រភេទ COVAXIN ដែលជាផលិតផលរបស់ឥណ្ឌា © Internet
ផ្សាយពាណិជ្ជកម្ម

គឺ​ជាថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩ Covaxin (កូវ៉ាសាំង) ត្រូវបាន​រក​ឃើញ​ដោយ​មន្ទីរ​ពិសោធន៍​ឥណ្ឌា ឈ្មោះ Bharat Biotech (ភារ៉ាត ប៊ីយូតិច)។ គណៈកម្មការ​ពិគ្រោះ​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ចាត់​ទុក​វ៉ាក់សាំង​របស់​ក្រុមហ៊ុនឱសថ​ឥណ្ឌានេះថាជា​ថ្នាំ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ ដែល​អាច​យក​ទៅ​ប្រើប្រាស់​នៅ​ទូទាំងពិភពលោក​បាន។

នៅក្នុង​​សេចក្តី​ថ្លែងការណ៍​ ​អង្គការ​សុខភាពពិភពលោកបាន​លម្អិត​ថា Covaxin អាច​ប្រើ​លើ​ជំពូក​​មនុស្ស​ចាប់​ពី អាយុ​ ១៨​ឆ្នាំ ឡើង​ទៅ និង​ត្រូវ​ចាក់​ចំនួន ២​ដូស ដែល​​មាន​គម្លាត​ បួន​សប្តាហ៍ ​ពី​ដូស​ទី​មួយ​ទៅ​ដូស​ទីពីរ។ ថ្នាំបង្ការ​ឥណ្ឌា អាច​មានប្រសិទ្ធភាពលើស​ ៧៨% នៅ​ពីរ​សប្តាហ៍​ក្រោយ​ចាក់​បាន​គ្រប់​ដូស (ដូសទីពីរ)។ ដោយឡែក គេ​ពុំ​ទាន់​មានទិន្នន័យ​គ្រប់​គ្រាន់​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទេ។ អ្នក​ស្រាវជ្រាវ​ត្រូវ​ការ​បន្ត​សិក្សា​ថែមទៀត​សិន។

ប៉ុន្តែ​ Covaxin ជា​ថ្នាំបង្ការ ដែល​មាន​លក្ខណៈ​សមស្រប​បំផុត សម្រាប់​បណ្តាប្រទេស​ក្រីក្រ និង​មានចំណូល​មធ្យម ព្រោះ​ជា​ថ្នាំ​ដែល​ងាយ​ទុក​ដាក់​ និង​ស្តុក​ទុក។ នេះ​បើ​តាមការ​​អះអាង​​​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​រំពឹង​ថា ​ការទទួល​ស្គាល់​វ៉ាក់សាំង​ Covaxin មួយ​បន្ថែម​ទៀតនេះ នឹង​ជួយ​សម្រួលការ​ទទួលស្គាល់​ពី​​សហគមន៍​អន្តរជាតិ​ផង ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិផង និងជាពិសេសជួយ​ប្រព័ន្ធ Covax។

គួរឲ្យដឹងថា ក្រសួង​សុខា​ភិបាល​ កាល​ពី​ថ្ងៃ​ទី​២៩​ តុលា ក៏បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​ប្រភេទ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី​ចំនួន​៤​ប្រភេទ ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​បន្ទាន់ដែរ​។ ក្រសួង​សុខា​ភិបាល​ក៏​បាន​បញ្ជាក់​ទៀត​ថា ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ គឺ​ប្រើ​តែ​ក្នុង​អំឡុង​គ្រោះ​អាសន្ន​សុខភាព​សាធារណៈ​នៃ​ជំងឺ​កូវីដ​១៩​ដែល​កំពុង​កើត​មាន​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ