អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលសង្ឃឹមថានឹងមានការដោះលែងសកម្មជននយោបាយ និងបរិស្ថានបន្ថែមទៀត

រាប់​ចាប់​តាំង​ពី​ចុង​ខែតុ​លា​រហូត​មក​ដល់​ដើម​ខែវិច្ឆិកា​នេះ​ មាន​សកម្មជន​បរិស្ថាន ​និង​នយោបាយ​៧​នាក់​ហើយ ដែល​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នៅ​ក្នុង​សំណុំ​រឿង​ញុះញង់​។ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ដំណើរ​ការ​នេះ មាន​សង្ឃឹម​ថា ​នៅថ្ងៃ​ចន្ទ​ទី​៨​វិច្ឆិកា​ខាង​មុខ​នេះ ​ពោលគឺ​នៅមុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​ តុលា​ការ​នឹង​ដោះលែង​សកម្មជន​បរិស្ថាន ​និង​នយោបាយ​បន្ថែម​ទៀត​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន ​បន្ទាប់​ពី​ពួក​គេ​អនុវត្ត​ទោស​ចប់​សព្វ​គ្រប់​។

សកម្មជននយោបាយនិងសកម្មជនបរិស្ថានចំនួន៥នាក់ដែលត្រូវបានដោះលែងកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១
សកម្មជននយោបាយនិងសកម្មជនបរិស្ថានចំនួន៥នាក់ដែលត្រូវបានដោះលែងកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ © FB
ផ្សាយពាណិជ្ជកម្ម

តាមគម្រោង កូនប្រុសសកម្មជនអតីតគណបក្សប្រឆាំង គឺយុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ នឹងត្រូវបានដោះលែងចេញពីពន្ធនាគារ នៅថ្ងៃទី៨វិច្ឆិកាខាងមុខនេះ។ បើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនាពេលថ្មីៗនេះ យុវជន សុវណ្ណច្ឆ័យ ត្រូវបានដាក់ពន្ធនាគារកំណត់ទណ្ឌកម្មត្រឹមពាក់កណ្តាលនៃទោសដែលច្បាប់បានកំណត់ចំពោះអនីតិជន។ ទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារតែមួយផ្នែកប៉ុណ្ណោះ។ ចំណែក​ទោសនៅសល់ត្រូវព្យួរសាកល្បង ដោយតម្រូវឱ្យទណ្ឌិតគោរពវិធានការត្រួតពិនិត្យមួយចំនួន។ សុវណ្ណច្ឆ័យ ត្រូវផ្តន្ទាទោសអោយចាប់ពន្ធនាគារ៨ខែ ក្រោមបទ «ញុះញង់បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម» និង បទ«ជេរប្រមាថមន្រ្តីថ្នាក់ដឹកនាំប្រទេសជាសាធារណៈ»។ 

ក្រៅពីកុមារា កាក់ សុវណ្ណច្ឆ័យ មន្ត្រីសិទ្ធិមនុស្សនិងមេធាវីក៏សង្ឃឹមផងដែរថា នៅថ្ងៃចន្ទដដែលនោះ ក៏នឹងមានការដោះលែងជាបន្ទាប់ សកម្មជននយោបាយនិងបរិស្ថាន ជាពិសេសសកម្មជនមាតាធម្មតាបីនាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានប្រកាសសាលដីកានៅព្រឹកថ្ងៃទី៥ វិច្ឆិកា។ ជា​សាលដីកា​ដែលសម្រេចព្យួរទោសសកម្មជនបរិស្ថាន លោក ថុន រដ្ឋា ចំនួន៦ខែដែលនៅសល់ ហើយកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវព្យួរទោសចំនួន៤ខែដែលនៅសល់។

មេធាវីការពារក្ដីអ្នកទាំងបីលោក សំ ចំរើន បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍ទី​០៦​វិច្ឆិកា​នេះថា ត្បិតថា ពួកគេអនុវត្តទោសក្នុងសំណុំរឿងញុះញង់រយៈពេល១៤ខែចប់សព្វគ្រប់ក៏ពិតមែន តែពួកគេនៅប្រឈមនឹងសំណុំរឿងរួមគំនិតក្បត់មួយករណីទៀត ដែលជាហេតុផលធ្វើឲ្យលោកមេធាវីមិនអាចនិយាយមុនបានទេថា កូនក្ដីរបស់លោកនឹងត្រូវបានដោះលែង ឬយ៉ាងណានោះ។​ តែចំពោះបទចោទញុះញង់ ផ្អែកតាមនីតិវិធី បើគ្មានបណ្ដឹងតំណាងអយ្យការរារាំងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនោះទេ តុលាការត្រូវដោះលែងកូនក្ដីរបស់លោកឱ្យមានសេរីភាពវិញ។

លោក ​អំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូបន្តអំពាវនាវឲ្យតុលាការដោះលែងសកម្មជននយោបាយនិងបរិស្ថានទាំងអម្បាលមាណចេញពីពន្ធនាគារឲ្យអស់ មុនកម្ពុជាត្រូវធ្វើជាប្រធាន​ប្ដូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​។ បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ តិចឬច្រើន ការដោះលែងពួកគេ អាច​រួម​ចំណែក​ស្ដារ​លំហសិទ្ធិមនុស្សរបស់កម្ពុជាបាន​មួយ​ផ្នែក​ធំ​។

តែយ៉ាងណាមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បន្តអះអាងថា ការដោះលែងសកម្មជនបរិស្ថាននយោបាយ ឬសកម្មជនបរិស្ថាន ធ្វើ​ឡើង​ក្រោម​ហេតុផលច្បាប់ដែលពួកគេអនុវត្តទោសចប់សព្វគ្រប់ មិន​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេង​នោះទេ។ ម្យ៉ាង សំណុំរឿងរបស់ពួកគេស្ថិតនៅក្នុងគោលការណ៍អនុគ្រោះរបស់ក្រសួងយុត្តិធម៌នៃសំណុំរឿងព្រហ្មទណ្ឌ។

គួរជម្រាបជូនថា ថ្មីៗនេះ នៅក្នុងសំណុំរឿងញុះញង់ អ្នកស្រី សាត ផា ត្រូវបានដោះលែងកាលពីថ្ងៃទី២៨តុលា។ អ្នកស្រី សាត ផា ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជន១០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីនាំគ្នាទៅតវ៉ានៅមុខស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។  ចំណែកនៅថ្ងៃទី០៥ ​ខែវិច្ឆិកា​នេះ សកម្មជន​សង្គម​ និងអតីត​គណបក្សប្រឆាំង ​ចំនួន៥នាក់​ ត្រូវបាន​ដោះលែង​ឲ្យមានសេរីភាពវិញ​ បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង១ឆ្នាំ។​ ​អ្នកដែលត្រូវ​បានដោះលែង​ គឺ​អតីតព្រះសង្ឃ ​កើត សារ៉ាយ, លោក​ ថា ឡាវី ​ដែលជា​សមាជិក​របស់ក្រុម​ខ្មែរថាវរៈ​ និង លោក​ មាន ព្រហ្មមុនី ​ជាប្រធាន​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្តខ្មែរ​ រួមនឹង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​២នាក់ទៀត គឺ​លោក ជុំ ពុទ្ធី និងលោក ឈួរ ផេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ