អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងអប់រំ៖ ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវលើកពីថ្ងៃទី ០៦ ធ្នូ ទៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១វិញ

ក្រសួង​អប់រំ​កាល​ពី​ថ្ងៃ​ទី​ ០៥ ​វិច្ឆិកា ​បាន​ប្រកាស​សម្រេច​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​សញ្ញបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ពី​ថ្ងៃទី​ ០៥​វិច្ឆិកា ​ទៅ​ថ្ងៃ​ទី ​២៧​ ខែ​ធ្នូ ​ឆ្នាំ​២០២១​វិញ​។ ការ​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​ប្រឡង​នេះ ​ត្រូវ​បាន​លោក​ រស់​ សុវា​ចា ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ ​RFI ​ថា ​គឺ​ដើម្បី​ទុក​ពេល​ឱ្យ​សិស្ស​អាច​មាន​ពេល​វេលា​សិក្សា​ស្រាវជ្រាវ​ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​។

សកម្មភាពរបស់សិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សកម្មភាពរបស់សិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងអប់រំ បានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីល្ងាចថ្ងៃទី ០៥​ វិច្ឆិកាថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ នឹងត្រូវកំណត់យកថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១ ជាថ្ងៃបើកដំណើរការប្រឡងនៅទូទាំងប្រទេស ក្រោយរំកិលពីកាលបរិច្ឆេទចាស់។ កាលបរិច្ឆេទ​ចាស់នៃ​ការ​ប្រឡងដែលគ្រោងរៀបចំនៅ​ថ្ងៃទី ០៦ ធ្នូ ឆ្នាំ២០២១។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា មូលហេតុដែលក្រសួងអប់រំសម្រេចលើកពេលប្រឡងរបស់សិស្សថ្នាក់ទី១២នេះ គឺដើម្បីទុកឱកាសឱ្យសិស្សអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួន និងពង្រឹងសមត្ថភាពបន្ថែមទៀតចំពោះការប្រឡងនាពេលខាងមុខ។

បើតាម លោក រស់ សុវាចា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងបរិបទជំងឺកូវីដ១៩នេះ គឺមិនខុសពីការប្រឡងនាបណ្តាឆ្នាំកន្លងមកនោះទេ ពោលគឺត្រូវគោរពតាមស្តង់ដារប្រឡងឱ្យបានម៉ឺងម៉ាត់ និងត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ឱ្យស្របតាមវិធានការស្តង់ដារសុវត្ថិភាព SOP។

ជា​ការ​កត់​សម្គាល់ ចំពោះ​ការ​ប្រឡង​បាក់ឌុប​នេះ ក្រុមសិស្សថ្នាក់ទី១២មួយចំនួនធ្លាប់​បានចេញមកស្នើឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ សម្រេចឱ្យពួកគេជាប់ដោយស្វ័យប្រវត្តិក្នុងឆ្នាំ២០២១នេះ។ ចង់​ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយពួកគេលើកឡើងហេតុផលថា សិស្សភាគច្រើនមិនបានរៀនដិតដល់ ខ្វះខាតសម្ភារៈសិក្សាក្នុងអំឡុងពេលរៀនតាមប្រព័ន្ធអនឡាញ និងរៀនមិនសូវទាន់ជាដើម។

ចំណែក​ក្រុមសិស្សថ្នាក់ទី១២មួយក្រុមផ្សេងទៀត ក៏បានចេញមកស្នើដល់ក្រសួងអប់រំដូចគ្នាផងដែរ។ ប៉ុន្តែសំណើរបស់ពួកគេ គឺចង់ឱ្យក្រសួងអប់រំរៀបចំ​ការ​ប្រឡង​តាម​កាល​បរិច្ឆេទ​ដើម ដោយ​ពុំ​ចាំ​បាច់ពន្យារពេលនៃការប្រឡងរបស់ពួកគេទេ។ សម្រាប់​យុវសិស្ស​ថ្នាក់​ទី​១២​មួយ​ក្រុម​​នេះ ការពន្យារពេលប្រឡង នឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ជាពិសេសបង្កើតភាពស្មុគស្មាញជាច្រើនដល់ពួកគេ។

ប៉ុន្តែ​បើតាមក្រសួងអប់រំ ដំណើរការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ នឹងនៅតែបន្តរៀបចំឡើងក្រោមស្តង់ដារចាស់ដដែល ដោយគ្រាន់តែពង្រឹងទៅលើវិធានសុខាភិបាលនិងសុវត្ថិភាពប៉ុណ្ណោះ។

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី០១ វិច្ឆិកា បានបញ្ជាក់ថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ មិនអនុញ្ញាតឱ្យមានការប្រឡងជាប់ដោយស្វ័យប្រវតិ្តដូចឆ្នាំកន្លងទៅនោះទេ។ លោកនាយករដ្ឋមន្ត្រីបន្តថា ប្រសិនបើនៅតែបន្តឱ្យសិស្សប្រឡងជាប់ដោយស្វ័យប្រវត្តិបន្ថែមទៀត នោះប្រៀបបានទៅនឹងការសាងសង់ផ្ទះដែលគ្មានគ្រឹះ និងសសរជាដើម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ