អានតួអត្ថបទ
កម្ពុជា-សង្គម

លោកសុខ ឥសាន៖មរណភាពរបស់លោកងួន ញ៉ិល គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្សប្រជាជនកម្ពុជា

លោកបណ្ឌិត ងួន ញ៉ិល​ ដែលជា​អនុប្រធាន​ទី១ ​នៃរដ្ឋសភា​កម្ពុជា ​បានទទួល​មរណភាព​នៅវេលាម៉ោង១០កន្លះ​នាព្រឹកថ្ងៃសុក្រនេះនៅ​មន្ទីរពេទ្យ​រុស្ស៉ី។ ​រដ្ឋសភា​កម្ពុជា​បានបង្ហាញ​ឱ្យដឹងថា ​លោកងួន ញិល ​ទទួលមរណភាព​ដោយរោគាពាធ ​ហើយសពរបស់​លោកនឹង​តម្កល់ធ្វើបុណ្យ​នៅគេហដ្ឋាន​ នៅភូមិអូរអណ្តូង ​សង្កាត់បព្រែកប្រា​ ខណ្ឌច្បារអំពៅ។​ លោកសុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​បានចាត់ទុក​មរណភាព​របស់​លោកងួន ញ៉ិលនេះថា​ ជាការបាត់បង់​ដ៏ធំធេង​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា បានទទួលមរណភាពថ្ងៃនេះ
លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា បានទទួលមរណភាពថ្ងៃនេះ © សហការី
ផ្សាយពាណិជ្ជកម្ម

«ថ្នាក់ដឹកនាំក៏ដូចជាសមាជិក សមាជិកាទាំងអស់នៃគណបក្សប្រជាជនកម្ពុជាមានការសោយស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់ឯកឧត្តមងួន ញ៉ិលនេះ» នេះ គឺជាការពោលឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីទទួលដំណឹងពីមរណភាពរបស់លោកងួន ញ៉ិល ដែលជាអនុប្រធានទី១នៃរដ្ឋសភាកម្ពុជា។ សម្រាប់លោកសុខ ឥសាន លោកងួន ញ៉ិល មានគុណសម្បត្តិច្រើនណាស់ទាំងសម្រាប់គណបក្សប្រជាជនកម្ពុជា និងទាំងសម្រាប់ប្រទេសជាតិ ដោយលោកកាន់ដំណែងតាំងតែពីមន្រ្តីមូលដ្ឋាន រហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ។ ហេតុដូច្នេះហើយ លោកអះអាងថា មរណភាពលោកងួន ញ៉ិលនេះ គឺជាការបាត់បង់មួយដ៏ធំធេងពុំអាចកាត់ថ្លៃបានឡើយ។

ដូចគ្នាដែរ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌  និងទេសចរណ៍នៃរដ្ឋសភាដែលជាគណៈកម្មការទី៧ បានចាត់ទុកមរណភាពរបស់លោកងួន ញ៉ិល ថា ជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ពេញមួយជីវិតចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងបេស​កកម្មបម្រើប្រជាជន និងប្រទេសជាតិ ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។

លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មុនឡើងកាន់ដំណែងជាអនុប្រធានទី១នៃរដ្ឋសភា លោកធ្លាប់ធ្វើជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីឆ្នាំ១៩៨៩ -១៩៩៣ផងដែរ។ លោកងួន ញ៉ិល បានបញ្ចប់បរិញាបត្រគរុកោសល្យនៅមហាវិទ្យាល័យគរុកោសល្យភ្នំពេញ និងបរិញាបត្រវិទ្យាសាស្រ្តសង្គមដែលទទួលស្គាល់ដោយក្រសួងអប់រំប្រទេសកម្ពុជា។

លោកងួន ញ៉ិល បានកាន់ដំណែងជាអនុប្រធានទី១នៃរដ្ឋសភានៅអាណត្តិទី៣ ទី៤ និងទី៥ ប៉ុន្តែនៅក្នុងអាណត្តិទី៥នេះ ពោល គឺនៅក្នុង២០១៤ ដោយសារតែមានការត្រូវរ៉ូវគ្នាខាងនយោបាយ លោកត្រូវជ្រើសតាំងឱ្យធ្វើអនុប្រធានទី២ ហើយលោកកឹម សុខា ឡើងកាន់ដំណែងជាអនុប្រធានទី១។ ប៉ុន្តែ ក្រោយលោកកឹម សុខា ត្រូវបានដកចេញ រូបលោកក៏បានឡើងទៅធ្វើជាអនុប្រធានទី១វិញរហូតមកដល់ពេលទទួលមរណភាព។

ដោយឡែក នៅក្នុងជួរគណបក្សប្រជាជនកម្ពុជាវិញ លោកងួន ញ៉ិល គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ