អានតួអត្ថបទ
កម្ពុជា-ជនជាតិដើមភាគតិច

របាយការណ៍៖ ជនជាតិដើមភាគតិចនៅកម្ពុជាកំពុងប្រែប្រួលទៅរកស្ថានភាពប្រជាសាស្ត្ររបស់ប្រជាជនកម្ពុជាទូទៅ

គិតមកត្រឹម​ឆ្នាំ២០១៣ ​ជនជាតិដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​មានចំនួន​ជាង១៨ម៉ឺននាក់​ ស្មើនឹង ១,២៥% ​នៃប្រជាជន​កម្ពុជា​សរុប​ ដែលរួមមាន​២២អំបូរ​ និងរស់នៅច្រើន​ជាងគេរហូតដល់​ជាង៩០% នៅក្នុង​ខេត្តចំនួន៦​ ភាគឦសានត ​និងកំពង់ធំ​។ ​ការកំណត់​ចំនួនជនជាតិ​ដើមជាក់លាក់ដូច្នេះ ​គឺធ្វើឡើងនៅក្នុង​ពិធីផ្សព្វផ្សាយ​របាយការណ៍ដំបូង ​នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ​ស្តីពី​ស្ថានភាព​ប្រជាសាស្ត្រ ​និងសង្គម-សេដ្ឋកិច្ច ​របស់​ជនជាតិ​ដើមភាគតិច​នៅកម្ពុជា​នៅរាជធានី​ភ្នំពេញ។

បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា
បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ការកំណត់ជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវបានកំណត់តាមរយៈការប្រើភាសានិយាយពីដើមកំណើត។ ជនជាតិដើមភាគតិចនៅកម្ពុជា មានចំនួន ២២អំបូរ ដែលមានប្រជាជនសរុប ១៧៩ ១៩៣នាក់ ស្មើនឹង១,៣៤% នៃប្រជាជនកម្ពុជាសរុបនៅឆ្នាំ២០០៨ និងមានចំនួន១៨៣ ៨៣១នាក់ ស្មើនឹង១,២៥% នៃប្រជាជនកម្ពុជាសរុប នៅឆ្នាំ២០១៣(អត្រាកំណើនមានត្រឹម ០,៥១% ក្នុងមួយឆ្នាំ)។

តាមរបាយការណ៍លោករដ្ឋមន្ត្រី ក្នុងចំណោមអំបូរទាំង២២ ជនជាតិដើមភាគតិចដែលមានចំនួនច្រើនជាង១ម៉ឺននាក់ មានតែ៦អំបូរប៉ុណ្ណោះ គឺទំពួន ព្នង គ្រឹង កួយ ចារាយ និងព្រៅ ដែលសរុបមានចំនួនស្មើនឹង ៨៨% នៃប្រជាជនជនជាតិដើមភាគតិចទាំង២២អំបូរ។ ភាគច្រើននៃជនជាតិដើមភាគតិចទាំងនោះរស់នៅក្នុងខេត្តចំនួន៦ប៉ុណ្ណោះ គឺខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ ដែលមានចំនួន ៩២,៤% នៃជនជាតិដើមភាគតិចរស់ទាំងអស់ នៅឆ្នាំ២០១៣។

ទាក់ទងទៅនឹងការសិក្សាអប់រំ ជនជាតិដើមភាគតិចទទួលបានការអប់រំតិច គឺប្រហែល១ភាគ៣ នៃជនជាតិដើមភាគតិចចេះអាន និងចេះសរសេរភាសាខ្មែរ ក្នុងនោះកុមារជិត៥០%មិនបានរៀនសោះ។ ក្នុងចំណោមជនជាតិដើមភាគតិចអាយុ១៥ឆ្នាំឡើងជិត៦៦% មិនបានរៀន ឬបញ្ចប់កម្រិតសិក្សាអ្វីទាំងអស់ រីឯ២៤,១% ទៀត បានរៀនត្រឹមបឋមសិក្សា ខណៈ១០%បានរៀនដល់មធ្យមសិក្សាបឋមភូមិ និង៤%រៀនបានមធ្យមសិក្សាទុតិយភូមិ។

ចំពោះស្ថានភាពសេដ្ឋកិច្ច និងការងារវិញ ជនជាតិដើមភាគតិចចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលមានការងារធ្វើ ប្រកបរបរក្នុងវិស័យកសិកម្មគឺមានសរុបចំនួន ៩៣,៣% មានតិចតួចគឺ១,៦% ធ្វើការក្នុងវិស័យឧស្សាហកម្ម និង៥,១% បានបំរើការងារក្នុងវិស័យសេវាកម្ម។

ជាមួយគ្នានេះ របាយការណ៍ស្តីពីស្ថានភាពជនជាតិដើមភាគតិចក៏បានលើកឡើងផងដែរពីបញ្ហាសុខភាព និងអនាម័យ ពោលគឺជនជាតិដើមភាគតិច៥៣% ច្រើនសម្រាលកូនតាមផ្ទះ និង៣៨%ទៅមន្ទីរពេទ្យ ខណៈ៦% នៅមណ្ឌលសុខភាព។ ជាទូទៅជនជាតិដើមភាគតិច ៩៥% ឆ្នាំ២០១៣ មានលំនៅឋានខ្លួនឯង

 ដោយពួកគេនៅបន្តប្រើប្រាស់ចង្កៀងប្រេងកាត និងអាគុយជាប្រភពភ្លើងបំភ្លឺ ខណៈអ្នកប្រើអគ្គិសនី ឬម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនមានចំនួន២០,៦%។ ក្រៅពីនេះ ៩៥%នៃជនជាតិដើមភាគតិចនៅបន្តប្រើប្រាស់អុសជាថាមពលចម្អិន ហើយ១ភាគ៣នៃគ្រួសារពួកគេមានទូរទស្សន៍ប្រើ។ ដោយឡែកសម្ភារៈសម្រាប់ធ្វើដំណើរវិញ គ្រួសារជនជាតិដើមភាគតិចជាង៧៦% មានម៉ូតូប្រើ ២,២% មានរថយន្ត ជាង៩%មានគោយន្ត ៧,៨%មានទូក និងជាង៣៧%ប្រើកង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ