អានតួអត្ថបទ
កម្ពុជា-សេរីភាពសារព័ត៌មាន

អង្គការជាតិ និងអន្តរជាតិអំពាវនាវឱ្យអាជ្ញាធរកម្ពុជាធានាសន្តិសុខ សុវត្ថិភាព និងការពារអ្នកកាសែត

ថ្ងៃទី២ ​ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ ​គឺជាទិវា​អន្តរជាតិ​បញ្ចប់​និទណ្ឌភាព​លើឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​។ នៅថ្ងៃនេះ ​ក្រុមអង្គការ​សង្គមស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន១០ ​បានរួមគ្នា​សម្តែង​ការព្រួយបារម្ភ​ពីចំណាត់​ការមិនមាន​ប្រសិទ្ធភាពរ​បស់​រដ្ឋាភិបាលក្នុង​ការចាប់អ្នក​ប្រព្រឹត្ត​ល្មើសលើ​អ្នកសារព័ត៌មាន​មកផ្តន្ទាទោស​តាមច្បាប់​។ ​ដូច្នេះហើយ ​ជាថ្មីម្តងទៀត​ ក្រុមអង្គការ​ទាំងនេះអំពាវនាវ​ឱ្យអាជ្ញាធរ​កម្ពុជា​ធានាពី​សន្តិសុខ ​សុវត្ថិភាព ​និងការពារ​អ្នកសារព័ត៌មាន​គំរាមកំហែង ​និងការយាយីផ្សេងៗ​។

វិជ្ជាជីវៈជាអ្នកកាសែត
វិជ្ជាជីវៈជាអ្នកកាសែត © Internet
ផ្សាយពាណិជ្ជកម្ម

ក្រុមអង្គការសង្គមស៊ីវិលចំនួន៩ បានរួមគ្នាចេញមុខសម្តែងការព្រួយបារម្ភពីការបរាជ័យរបស់រដ្ឋាភិបាលកម្ពុជា​ក្នុងការចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មានយកមកផ្តន្ទាទោសតាមច្បាប់។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ មានជាអាទិ៍ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វ​ផ្សា​យឯករាជ្យ សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ សមាគមកម្ពុជា ដើម្បីការពារអ្នកកាសែត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សជាដើម។

បើតាមអង្គការទាំងអស់នេះ គឺចាប់តាំងពីឆ្នាំ១៩៩៤មក មានអ្នកសារព័ត៌មានចំនួនប្រមាណ១៧នាក់ត្រូវបានសម្លាប់ និងស្លាប់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោម១៧នាក់នេះ មាន១២នាក់ ត្រូវបានសម្លាប់ក្នុងពេលពួកគេរាយការណ៍ពីព័ត៌មានរសើប ហើយអ្នកប្រព្រឹត្តបទល្មើសមិនត្រូវបាននាំយកមកផ្តន្ទាទោសទេ។ ដោ​យឡែក ក្នុងរយៈពេល១០ខែចុងក្រោយនេះវិញ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបញ្ជាក់ពីកា​រ​រកឃើញអ្នកសារព័ត៌មាន៨១នាក់ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ។ ក្នុងនោះ អ្នកសា​រព័ត៌មានចំនួន៣១នាក់ត្រូវបានចាប់ខ្លួន ២០នាក់រងអំពើសិង្សា ១៦នាក់រងការគំរាមកំហែង ៨នាក់រងពាក្យបណ្តឹងពីតុលាការ ៥នាក់រងការឃាត់សួរចម្លើយ និងអ្នកសារព័ត៌មានស្ត្រីម្នាក់រងការបៀតបៀនផ្លូវភេទ។

អាស្រ័យហេតុដូច្នេះហើយ ទាំងខេមបូចា និងអង្គការចំនួន៨ទៀត បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យចាត់វិធានការជាក់ស្តែង ដើម្បីធានាថា ការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាពនាំយកជនល្មើសមកផ្តន្ទាទោស។ ចំណែក អង្គការយូណេស្កូវិញ ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់លើការស៊ើបអង្កេត និងកាត់ទោស ការគំរាមកំហែង មិនថាតាមរយៈអនឡាញ ឬលើរាងកាយ ដើម្បីការពារអ្នកសារព័ត៌មាន។ ដូចនេះដែរ ក្រុមអង្គការទាំង៩បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខដល់អ្នកសារព័ត៌មាន។

សម្រាប់អង្គការរទាំងអស់នេះ គឺថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាខកខានក្នុងការស៊ើបអង្កេតយ៉ាងត្រឹមត្រូវ និងដាក់ទណ្ឌកម្មចំពោះអំពើហិង្សាលើអ្នកសារព័ត៌មាន បែបនេះជាសារបង្ហាញថា ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា គឺត្រូវបានអនុញ្ញាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ