អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

រយៈពេល២សប្តាហ៍ ប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីមានជាង១៦ម៉ឺននាក់

នៅក្នុងរយៈ​ពេល២សប្តាហ៍ ​ពោល គឺ​ចាប់ពី​ថ្ងៃទី១២ ​ខែតុលា ​ដល់ថ្ងៃទី​២៧ ខែតុលា​ ឆ្នាំ២០២១​ ប្រជាពលរដ្ឋ​ដែលបាន​ទៅចុះឈ្មោះបោះ​ឆ្នោតថ្មី​មានចំនួន​ជាង១៦ម៉ឺន​៣ពាន់នាក់។​ នេះបើតាម​ការប្រកាសឱ្យ​ដឹងរបស់​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​នៅយប់ថ្ងៃ​ទី២៨​ ខែតុលា ​ឆ្នាំ២០២១​។ ជាមួយនឹង​ចំនួនអ្នក​ចុះឈ្មោះ​ខ្ទង់ម៉ឺន​នាក់នេះ ​គ.ជ.ប​ ក៏បាន​គូសបញ្ជាក់​ឱ្យដឹងដែរថា​ ដំណើរការ​ពិនិត្យ​ឈ្មោះ និងចុះ​ឈ្មោះបោះឆ្នោត​បានប្រព្រឹត្ត​ទៅល្អ ​ត្បិតមាន​ការរំខានល្អៗ​ដោយទឹកជំនន់​ក៏ដោយ។ ​

សកម្មភាពប្រធាន គ.ជ.ប  ដឹកនាំប្រតិភូ គ.ជ.ប ចុះត្រួតពិនិត្យតាមការិយាល័យចុះឈ្មោះបោះឆ្នោតកាលពីពេលកន្លងទៅ
សកម្មភាពប្រធាន គ.ជ.ប ដឹកនាំប្រតិភូ គ.ជ.ប ចុះត្រួតពិនិត្យតាមការិយាល័យចុះឈ្មោះបោះឆ្នោតកាលពីពេលកន្លងទៅ © FB/គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានគូសបញ្ជាក់ឱ្យដឹងថា ចំនួនប្រជាពលរដ្ឋថ្មីដែលមកចុះឈ្មោះបោះឆ្នោតមាន១៦៣,៥៤២នាក់ ហើយប្រជាពលរដ្ឋដែលត្រូវលុបឈ្មោះចេញមានចំនួនជិត១០ម៉ឺននាក់(៩១,៤១៤នាក់) ប្រជាពលរដ្ឋមកកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួនជាង៤ម៉ឺននាក់(៤៧,១៣១នាក់) និងប្រជាពលរដ្ឋដែលផ្ទេរចូលមានចំនួនជាង៥ម៉ឺននាក់(៥០,៤៤៣នាក់)។ ទន្ទឹមគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក៏បានអះអាងថា ដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

ក៏ប៉ុន្តែទឹកជំនន់នាពេលថ្មីៗនេះ ក៏បានបង្កការរំខានខ្លះៗដែរ។ ជាក់ស្តែង សាលាឃុំ សង្កាត់ខ្លះត្រូវប្តូរការិយា​ល័យមកទីទួលសុវត្ថិភាព ហើយសម្ភារ បរិក្ខារមួយចំនួនបានខូច គាំង ឬដំណើរការអាក់រអួល។ ចំណែក តំបន់ខ្លះ ​មានបញ្ហារអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធើណែតសម្រាប់បញ្ជូនទិន្នន័យទៅគ.ជ.ប។ នេះបើតាមការអះអាងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដដែល។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីបានចាប់ផ្តើមឡើងពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល៥០ថ្ងៃ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអះអាងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ គឺធ្វើឡើងរៀងរាល់ថ្ងៃតែម្តង រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក៏បានបញ្ជាក់ឱ្យដឹងដែរថា ចាប់ពីថ្ងៃទី២៧ ខែតុលាដល់ថ្ងៃទី២១ ខែវិច្ឆិកា ក្រុមការងារចុះឈ្មោះបោះឆ្នោតនឹងដាក់ការិយាល័យចុះឈ្មោះទៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់នានា។ ប៉ុន្តែ បើសិនគ.ជ.ប សង្កេតឃើញថា ការចុះឈ្មោះតាមភូមិមានកំណើនខ្ពស់ នោះ គ.ជ.ប នឹងពិចារណាពន្យាពេលវេលាចុះឈ្មោះបោះឆ្នោតបន្ថែមទៀតតាមភូមិ និងកាត់បន្ថយពេលវេលាចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ សង្កាត់វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ