អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

ជាប្រធានអាស៊ាន កម្ពុជាប្តេជ្ញាដោះស្រាយវិបត្តិជាប់គាំងនយោបាយនៅភូមា

កម្ពុជា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​បាន​ប្តេជ្ញា​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោ​បាយ​នៅ​ភូមា​ដែល​ជា​បញ្ហា​ក្តៅ​មួយ​នៅ​ក្នុង​តំបន់​។​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន  ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ជា​មួយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​Reuter​ នា​ថ្ងៃ​ទី​២៨ ​ខែ​តុលា​។​ លោក​លើក​ឡើង​ទៀត​ថា ​កម្ពុជា​ត្រៀម​តែង​តាំង​អន្តរ​ការី​ពិសេស​ សម្រាប់​បន្ត​ការងារ​ពី​អន្តរ​ការី​ពិសេស​បច្ចុប្បន្ន​ នៅ​ដើម​ឆ្នាំ​២០២២​ខាងមុខ​។ 

លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ភូមា​ធ្វើ​ពហិការ​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៨-៣៩​ កម្ពុជា ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ចាប់​ពីខែមករា​ ឆ្នាំ​២០២២​ខាងមុខ​នេះ ​កម្ពុជា​នឹង​ប្តេជ្ញា​ជំរុញ​ឱ្យ​មាន​កិច្ចសន្ទនា​បើក​ចំហរ​ជា​មួយ​មេដឹក​នាំ​ភូមា​លោក ​មីន​ អោង​ឡាំង ​ក៏​ដូចជា​ព្យាយាម​ដោះស្រាយ​នូវ​វិបត្តិ​ជាប់គាំង​នយោបាយ​ដ៏​រ៉ាំរ៉ៃ​នៅ​មីយ៉ាន់ម៉ា​ផង​ដែរ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ រដ្ឋ​មន្ត្រី​ក្រសួង​បរទេស​កម្ពុជា​លោក ​ប្រាក់​ ​សុខុន​ជាមួយ​សារព័ត៌មាន​រ៉យទ័រ​កាល​ពី​ថ្ងៃទី២៨​ តុលា​កន្លង​ទៅ​។

លោក ប្រាក់ សុខុន បានលើកឡើងថា ជាត្រីវិស័យក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាក៏នឹងត្រៀមតែងតាំងអន្តរការីពិសេស សម្រាប់បន្តការងារពីអន្តរការីពិសេសនាពេលបច្ចុប្បន្ន ក្នុងការដោះស្រាយបញ្ហានយោបាយជាមួយភូមាប្រកបដោយប្រសិទ្ធភាព។ តែយ៉ាងណា កម្ពុជានៅមិនទាន់អាចបញ្ជាក់អំពីឥស្សរជនរូបណាមួយដែលនឹងត្រូវតែងតាំងជាអន្តរការីពិសេសរបស់កម្ពុជាសម្រាប់បញ្ហាភូមានៅឡើយនោះទេ។

បើតាម រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជារូបនេះ កម្ពុជាក៏ដូចជាសមាជិកអាស៊ាន៨ផ្សេងទៀត ចង់ជួយភូមាឱ្យចៀសផុតពីសោកនាកម្មបន្តទៀត ខណៈប្រទេសមួយនេះកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមស៊ីវិលទៅហើយ បូកផ្សំជាមួយនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរលើផ្នែកសេដ្ឋកិច្ច សុខភាព និងមនុស្សធម៌ថែមទៀត។

តែយ៉ាងណា​ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា  ច្រកចេញនៃវិបត្តិនៅភូមា គឺត្រូវពឹងផ្អែកយ៉ាងសំខាន់ទៅលើតួអង្គនយោបាននៅក្នុងប្រទេសភូមាផ្ទាល់តែម្តង ពោលគឺត្រូវដោះស្រាយវិបត្តិរបស់ខ្លួនឱ្យច្រើនជាងការជួយពីខាងក្រៅ។ ទោះបីជាយ៉ាងនេះក្តី កម្ពុជាក៏ត្រៀមដោះស្រាយ និងធ្វើនូវអ្វីដែលកម្ពុជាអាចធ្វើបាន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងមួយនេះ។

សូមរំលឹកថា ភូមាបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រោយប្រទេសប្រ៊ុយណេដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះ មិនបានអញ្ជើញមេដឹកនាំភូមា​លោក​​ មីន អោងឡាំងឱ្យចូលរួមកិច្ចប្រជុំនោះទេ។​ ដោយប្រ៊ុយណេបានអញ្ចើញតំណាងមិនមែនជាអ្នកនយោបាយមកពីភូមាជំនួសកន្លែងមេដឹកនាំយោធាទៅវិញ។

ជាក់ស្តែង ការមិនអញ្ជើញមេដឹកនាំភូមារូបនេះ ធ្វើឡើងក្រោយពេលរូបលោក បដិសេធមិនអនុញ្ញាតឱ្យបេសកជនពិសេសរបស់អាស៊ាន ដែលជារដ្ឋមន្ត្រីការបរទេសទីពីររបស់ប្រ៊ុយណេ លោក Erywan Yusof ជួបជាមួយលោកស្រី Aung San Suu Kyi និងមេដឹកនាំដទៃទៀតដែលត្រូវបានឃុំខ្លួនចាប់តាំងពីការឡើងកាន់អំណាចកាលពីថ្ងៃទី១ខែកុម្ភៈ​ និងដោយសារ ការមិនគោរពកិច្ចសន្យារបស់ឧត្តមសេនីយន៍យោធារូបនេះ ជាមួយមេដឹកនាំអាស៊ានកាលពីខែមេសាកន្លងមកជុំវិញការឯកភាពគ្នាចំនួនប្រាំចំណុច។

គូសបញ្ជាក់ផងដែរ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានរួមមាន៖ ការបញ្ឈប់អំពើហិង្សាភ្លាមៗ និងការអនុវត្តការអត់ធ្មត់ជាអតិបរមា, ការសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, តែងតាំងបេសកជនពិសេសដោយប្រធានអាស៊ានដើម្បីជួយសម្រួលដល់ការសម្រុះសម្រួលក្នុងដំណើរការសន្ទនា និងបើកផ្លូវ​សម្រាប់​ជំនួយ​មនុស្សធម៌​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ