អានតួអត្ថបទ
កម្ពុជា-សង្គម

រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗជាង៥០០គ្រឿង ចូលទៅបង់ពន្ធគយក្នុងរយៈពេលជាង១ខែ

ចាប់តាំងពី​ការបើក​យុទ្ធនាការ​ប្រមូល​ពន្ធអាករ​ កាលពីដើម ​ខែកញ្ញា​មកទល់​ថ្ងៃទី២៦ ​ខែតុលានេះ​ អគ្គនាយកដ្ឋាន​គយ និងរដ្ឋករ​ បានទទួល​ម្ចាស់រថយន្ត​គ្មានពន្ធ​ដែលជ្រកក្រោម​ផ្លាកលេខផ្សេងៗ ​ចូលទៅបង់ពន្ធ ​អាករ​ សរុបចំនួន​ ៥៤២គ្រឿង។​ ការស្ម័គ្រចិត្ត​ចូលទៅបង់ពន្ធ​របស់​ម្ចាស់រថយន្ត​ពេលនេះ ​ត្រូវបានស្ថាប័ន​គយ ​និងរដ្ឋករ ​បរិយាយថា​ជាដំណើរការ​មួយរលូន ​ក្នុងការឈាន​ទៅបញ្ចប់​ការធ្វើចរាចរណ៍រ​ថយន្តគ្មានពន្ធ​ និងរថយន្ត​ចង្កូតស្តាំ​នៅកម្ពុជា ​និងមានចំណូល​ពន្ធចូល​រដ្ឋផងដែរ​។

រថយន្ដដែលមានផ្លាកលេខរដ្ឋ (រូបតំណាង)
រថយន្ដដែលមានផ្លាកលេខរដ្ឋ (រូបតំណាង) © internet
ផ្សាយពាណិជ្ជកម្ម

តែរយៈពេល៤០ថ្ងៃ គិតមកទល់នឹងថ្ងៃទី២៦ ខែតុលា មានម្ចាស់រថយន្តចង្កូតឆ្វេងអត់ពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងចំនួន ៣៥២គ្រឿង បានចូលទៅបង់ពន្ធ ដែលគិតជាទឹកប្រាក់ចំនួន ៥,៨លាន ដុល្លារ។ ជាមួយគ្នានេះ ក៏មានម្ចាស់រថយន្តចង្កូតស្តាំចំនួន ១៩០គ្រឿងដែរ ដែលបានទៅកក់ប្រាក់ពន្ធ អាករ ហើយនាំរថយន្តរបស់ខ្លួនទៅកែចង្កូត គិតជាទឹកប្រាក់ចំនួន ១,៥លានដុល្លារ។ សរុបទាំងប្រាក់ពន្ធអាករ និងប្រាក់កក់ គឺមានចំនួន ៧,៣លានដុល្លារ។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចាត់ទុកថាការចូលមកបង់ពន្ធរបស់ម្ចាស់រថយន្តទាំងឆ្វេង ទាំងស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ កំរិតនេះ គឺជាលទ្ធផលមួយល្អប្រសើរ បើធៀបទៅនឹងពេលវេលានៃការចាប់ផ្តើម និងដំណាក់កាលនៃការផ្សព្វផ្សាយ។ ទោះយ៉ាងណា លោក គុណ ញឹម សង្ឃឹមថានឹងមានម្ចាស់រថយន្តអត់ពន្ធចូលទៅបង់ពន្ធជាបន្តបន្ទាប់ដោយសារនៅសល់ពេលវេលាច្រើនដល់ទៅជាង៨ខែទៀត។

ស្ថាប័នគយ និងរដ្ឋករ ក៏មានការប្រឈមដែរ នៅក្នុងការងារនេះ ដូចជារៀបចំផ្សព្វផ្សាយមិនទាន់បានទូលំទូលាយ និងការរអ៊ូរទាំងពីម្ចាស់រថយន្តចង្កូតស្តាំជាដើម ដែលថាពេលវេលាក្នុងការកែចង្កូតមានរយៈពេលយូរ តម្លៃនៃការកែចង្កូតថ្លៃ ខណៈយានដ្ឋាន កែចង្កូតរថយន្តមានតែ៣កន្លែងប៉ុណ្ណោះ ក្នុងនោះ១ ទើបតែបង្កើតថ្មីនៅបាត់ដំបង និង២ទៀតមានតែនៅភ្នំពេញ។ នេះបើតាម លោក គុណ ញឹម។

សូមរំលឹកថារថយន្តអត់ពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតឆ្វេង និងចង្កូតស្តាំត្រូវបានស្ថាប័នគយ និងរដ្ឋករប៉ាន់ប្រមាណថា មានរហូតជិត១ម៉ឺនគ្រឿង ដែលភាគច្រើនជារថយន្តឯកជនពាក់ផ្លាកលេខកងទ័ព ឬ(ខ.ម)។

កាលពីថ្ងៃទី១០ ខែកញ្ញា ស្ថាប័នគយ និងរដ្ឋករ បានចាប់ផ្តើមយុទ្ធនាការឲ្យម្ចាស់រថយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗ ចូលទៅបង់ពន្ធ ដោយមានការអនុគ្រោះពន្ធ១០% រហូតដល់ចុងខែធ្នូខាងមុខ។ យុទ្ធនាការនេះនឹងមានសុពលភាពដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ស្ថាប័នគយនិងរដ្ឋករ នឹងអនុវត្តការបង្ក្រាបយ៉ាងសកម្ម និងម៉ឺងម៉ាត់ ចំពោះរថយន្តគ្មានពន្ធ ហើយមិនបានចូលទៅបង់ពន្ធ ដោយមិនមានការលើកលែង ឬពន្យាពេល រួមទាំងការពិន័យផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ