អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

FTA កម្ពុជា-កូរ៉េខាងត្បូងនឹងធ្វើពិធីប្តូរសារគ្នាតាមប្រព័ន្ធអនឡាញទាំងស្រុង

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-កូរ៉េ​ខាងត្បូង​ នឹងធ្វើ​ពិធីប្តូរសារ​ដើម្បី​ចូលជា​ធរមាន​នៅថ្ងៃអង្គារ​ទី២៦​តុលាសប្តាហ៍ក្រោ​យនេះ។ តែស​ម្រាប់ពិធីប្តូរសារ​ FTA​ កម្ពុជា-កូរ៉េខាងត្បូង​នៅសប្តាហ៍​ក្រោយនេះ​ នឹងត្រូ​វធ្វើឡើង​តាមប្រព័ន្ធអនឡាញ​ទាំងស្រុង​។ ​ហើយនេះ​ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​ទីពីរដែលកម្ពុជា​ទទួលបាន ​បន្ទាប់ពីមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​ជាមួយភាគី​ចិនរួចរាល់​។

ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង
ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង © Internet
ផ្សាយពាណិជ្ជកម្ម

ដោយសារតែបញ្ហានៃវិបត្តិសកលកូវីដ១៩ ទើបជំរុញឲ្យការផ្លាស់ប្តូរសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង ខុសពីការផ្លាស់ប្តូរសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានធ្វើឡើងដោយផ្ទាល់កាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះ។

មែនទែនទៅ កម្ពុជានិងកូរ៉េខាងត្បូងធ្លាប់បានគ្រោងរៀបចំពិធីប្តូរសារគ្នាតាំងពីខែមិថុនាមកម្ល៉េះ បន្ទាប់ពីភាគីទាំងសងខាង បានប្រកាសបិទបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តាមរយៈកិច្ចប្រជុំដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៣ ខែកុម្ភៈ ដើមឆ្នាំកន្លងទៅ។ ក៏ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ផង និងតម្រូវការពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​យក​ចិត្ត​ទុកផង ទើបធ្វើឲ្យកិច្ចព្រមព្រៀងនេះត្រូវអូសបន្លាយមកដល់ចុងខែតុលានេះ។

លោកប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា តាមរយៈការផ្ទៀងផ្ទាត់និងឯកភាពគ្នាលើរបៀបវារៈមួយចំនួន កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះនឹងជួយឲ្យកម្ពុជាអាចនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារកូរ៉េខាងត្បូង មានលំនាំស្រដៀងទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាធ្លាប់សម្រេចបានជាមួយភាគីចិនដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ចំពោះទីផ្សារកូរ៉េខាងត្បូង កម្ពុជានឹងអាចនាំចេញទំនិញសំខាន់របស់ខ្លួន មានជាអាទិ៍ ផលិតផលកសិផល ផលិតផលបច្ចេកវិទ្យា ផលិតផលឧស្សាហកម្មខ្នាតតូចនិងមធ្យម និងផលិតផលវាយនភ័ណ្ឌ ក្នុងបន្ទាត់ពន្ធប្រមាណចំនួន១ម៉ឺនដោយពុំជាប់របាំងពន្ធគយ ខណៈដែលបន្ទាត់ពន្ធនាំចូលពីកូរ៉េមកកម្ពុជាមានចំនួនតិចជាង។

បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងចូលជាធរមានពិតមែន ក៏ប៉ុន្តែមិនមែនមានន័យផលិតផលកសិផលកម្ពុជាអាចនាំចេញដោយមិនត្រូវបានពិនិត្យស្តង់ដារអនាម័យនិងភូតគាមអនាម័យនោះទេ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បញ្ជាក់បន្ថែមទៀតថា បញ្ហាស្តង់ដារអនាម័យនិងភូតគាមអនាម័យនេះ គឺរាល់គ្រប់ប្រទេសទាំងអស់សុទ្ធតែមាននិតីវិធីក្នុងការត្រួតពិនិត្យឲ្យបានម៉ត់ចត់មុននឹងធ្វើការនាំចេញ។ ក៏ប៉ុន្តែសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនេះ លោករំពឹងថាភាគីកូរ៉េខាងត្បូងអាចពន្លឿននីតិវិធី និងពេលវេលាត្រួតពិនិត្យលើបញ្ហាភូតគាមអនាម័យនូវរាល់ទំនិញកសិផលកម្ពុជានាំចេញទៅឲ្យបានឆាប់។

គួរជ្រាបថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងកា្លយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទីពីរ ដែលកម្ពុជាទទួលបាន បន្ទាប់ពីមានជាមួយភាគីចិនមួយរួចទៅហើយ។ ហើយសម្រាប់ក្រសួងពាណិជ្ជកម្មក៏នឹងគ្រោងចរចាឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗទៀត ដូចជា ជប៉ុន ឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ