អានតួអត្ថបទ
កម្ពុជា-សង្គម

បាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែចាប់ផ្តើមស្រកវិញជាបណ្តើរៗមកនៅជាង១៣ម៉ែត្រ

កម្ពស់​ទឹក​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង​ចាប់​ផ្តើម​ស្រក​វិញ​ជា​បណ្តើរៗ មក​នៅ​ជាង​១៣​ម៉ែត្រេ ​បន្ទាប់​ពី​កើន​ដល់​កម្ពស់​១៤​ម៉ែត្រ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី​១៦​តុលា​ម្សិលមិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​សុខ លូ ​អភិបាល​ខេត្ត​បាត់ដំបង​ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ ទី​១៧​តុលា​នេះ​។ មុន​នឹង​ស្រក​ចុះ​បន្តិច​នា​ព្រឹក​នេះ ទឹក​ស្ទឹង​សង្កែ​បាន​ហូរ​ចាក់​ទៅ​ក្នុង​ក្រុង​ បណ្តាល​ឲ្យ​ជន់​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។

ទិដ្ឋភាពជន់លិចក្រុងបាត់ដំបង បន្ទាប់ពីកម្ពស់ទឹកស្ទឹងសង្កែកើនដល់១៤ម៉ែត្រ
ទិដ្ឋភាពជន់លិចក្រុងបាត់ដំបង បន្ទាប់ពីកម្ពស់ទឹកស្ទឹងសង្កែកើនដល់១៤ម៉ែត្រ © FB
ផ្សាយពាណិជ្ជកម្ម

ភ្លៀងធ្លាក់ច្រើន២ថ្ងៃជាប់គ្នានៅផ្នែកខាងលើនៃស្រុកសំឡូត បណ្តាលឲ្យស្ទឹងសង្កែចាប់ផ្តើមកើនកម្ពស់រហូតដល់១៤ម៉ែត្រ​។ ភ្លាមៗ រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃសុក្រ ក៏បានជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសនូវហានិភ័យណាមួយជាយថាហេតុ។ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ក្នុងខេត្តបាត់ដំបង។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យ​ទី​១៧​តុលា​ថា ជំនន់ទឹកស្ទឹងសង្កែ បានហូរចូលមកក្នុងក្រុងបាត់ដំបង បណ្តាលឲ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្នុងទីរួមខេត្ត និងប្រជាពលរដ្ឋមួយចំនួនទៀតរស់នៅតាមដងស្ទឹង ដែល​បង្ក​ការខូចខាតបន្តិចបន្តួចតាំងពីល្ងាចថ្ងៃទី១៦តុលា​។

បើតាមអភិបាលខេត្តរូបនេះ អាជ្ញាធរក៏បានអន្តរាគមន៍ចុះទៅបិទទំនប់មួយ​ចំនួន​​នៅ​តាមដងស្ទឹង ក្នុងន័យបង្ការទឹកហូរចាក់មកខ្លាំងចូលមកតំបន់ទំនាបបន្ថែមទៀត។

យ៉ាងណាមិញ លោកសុខ លូ បញ្ជាក់បន្ថែមទៀតថា ជំនន់ទឹកក្នុងក្រុងមានសភាពរាក់នៅឡើយ ហើយក៏ចាប់ផ្តើមស្រកទៅវិញជាបណើ្តរៗ ខណៈដែលកម្ពស់ទឹកស្ទឹងសង្កែក៏ចាប់ផ្តើមស្រកជាង១ម៉ែត្រមកវិញដែរនោះ។ ដូច្នេះលោករំពឹងថា ជំនន់ទឹកនេះនឹងអាចស្រកទៅវិញឆាប់ៗក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

សូម​ជម្រាប​ជូន​ថា ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បាត់ដំបង​នា​ពេល​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ទទួល​រង​ឥទ្ធិពលមូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប ភ្ជាប់​ជាមួយ​វិសម្ពាធ ដែល​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។ បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ស្ថានភាព​នេះ ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​តុលា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ