អានតួអត្ថបទ
កម្ពុជា-ព្រះមហាក្សត្រ

៩ឆ្នាំទៅហើយ តែអ្នកនយោបាយខ្មែរនៅតែចងចាំ និងរំឮកដឹងគុណសម្តេច ព្រះនរោត្តម សីហនុ

ថ្ងៃទី១៥ តុលា ​ឆ្នាំ២០២១នេះ ​គឺជាខួប៩ឆ្នាំ​ដែលព្រះបាទ ​សម្តេច​ ព្រះនរោត្តម​ សីហនុ​ ព្រះមហាវីរក្សត្រ ​បានយាង​ចូលព្រះទិវង្គត​។ នៅព្រឹកនេះ​ ថ្នាក់ដឹកនាំ​ស្ថាប័នជាតិ​នានាបានចូលរួម​ដាក់កម្រង​ផ្កាគោរព​ព្រះវិញ្ញាណក្ខន្ធ ​ព្រះករុណា ​ព្រះបរមរតនកោដ្ឋ​នៅស្តូប ​ក្បែរវិមានឯករាជ្យ។​ ចំណែក ​អ្នកនយោបាយ​ និងគណបក្ស​នយោបាយ​ចំនួននៅកម្ពុជា​វិញក៏បាន​ចូលរួម​គោរព​រំឮកដឹងគុណ​សម្តេច​ ព្រះនរោត្តម​ សីហនុ​ នៅតាមបណ្តា​ទំនាក់ទំនង​សង្គមហ្វេសប៊ុក​ផងដែរ​។

ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា
ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃសុក្រនេះបានលលើកឡើងថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់សម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីក៏បានសរសេរថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាត។

មិនជាខុសគ្នានឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែរ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកសុខ សុវណ្ណវឌ្ឍណា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក ក៏ដូចជាគណបក្សឆន្ទៈខ្មែររបស់លោកគង់ មុនីកា និងគណបក្សកម្ពុជានិយមរបស់លោកយ៉ែម បុញ្ញឬទ្ធិ ក៏បានចូលរួមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះសម្តេច ព្រះនរោត្តម សីហនុដែលបានបំពេញបេសកកម្មយ៉ាងធំធេងចំពោះជាតិមាតុភូមិកម្ពុជា។

ប៉ុន្តែ ខុសពីគណបក្សនយោបាយទាំងអស់នេះ គណបក្សរាជានិយមហ៊ុនស៊ិនប៉ិចវិញនៅថ្ងៃនេះ បានរៀបចំ ប្រារព្វព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប៩ឆ្នាំ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា។ គណបក្សហ្វ៊ុនស៊ិនប៉ិចបានរៀបចំព្រះរាជពិធីនេះនៅទីស្នាក់ការកណ្តាលគណបក្សតែម្តង។ បន្ថែមពីលើអ្នកនយោបាយ ​និងគណបក្សនយោបាយកម្ពុជា គឺគម្រប់ខួបសោយទិវង្គតរបស់សម្តេច ព្រះនរោត្តម សីហនុនៅឆ្នាំនេះ ក៏មានការចូលរួមរំឮកពីស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។

សូមជម្រាបជូនថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ បានយាងសោយព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ ការយាងសោយទិវង្គតរបស់ព្រះអង្គ បានក្លាយជាទុក្ខសោកសៅយ៉ាងខ្លាំងដល់ប្រជារាស្រ្តខ្មែ។ ប្រជារាស្រ្តខ្មែរតែងតែចងចាំមិនភ្លេចនូវស្នាព្រះហស្ថដ៏មានតម្លៃបំផុតជាប្រវត្តិសាស្រ្តរបស់ព្រះអង្គ គឺការទាមទារបាននូវឯករាជ្យជូនប្រជាជាតិខ្មែរពីអាណានិគមបារាំង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និង ការដឹកនាំប្រទេសមានការរីកចម្រើនខ្លាំងក្នុងសម័យសង្គមរាស្ត្រនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ