អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកកឹម សុខា ជួបមន្ត្រីទូតធំៗជជែកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

លោក​កឹម សុខា ​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ចាប់​ផ្តើម​ជួប​ជាមួយ​មន្ត្រី​ទូត​អន្តរជាតិធំៗ​នៅ​កម្ពុជា​ ដោយ​និយាយ​រៀបរាប់​ពី​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​២៣​តុលា​។ ត្រឹម​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ លោក​កឹម សុខា ​បាន​ជួប​និយាយ​ពី​បញ្ហា​កិច្ច​ព្រៀមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ជាមួយ​មន្ត្រី​ទូត​អន្តរជាតិធំៗ​ចំនួន​២ ​គឺ​សហភាព​អ៊ឺរ៉ុប​ និង​អូស្ត្រាលី ​នៅ​ទន្ទឹម​ដែល​ខួប​លើក​ទី​៣០​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​នឹង​មក​ដល់​នៅ​១០​ថ្ងៃ​ខាង​មុខ​។

លោកកឹម សុខា ជួបពិសារអាហារពេលព្រឹកជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ដោយជជែកគ្នាពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
លោកកឹម សុខា ជួបពិសារអាហារពេលព្រឹកជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ដោយជជែកគ្នាពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស © FB
ផ្សាយពាណិជ្ជកម្ម

លោកកឹម សុខា នៅថ្ងៃអង្គារនេះ បានជួបជាមួយឯកអគ្គរាជទូតអូស្ត្រាលី ពិសារអាហារពេលព្រឹកនៅនិវេសដ្ឋានទូតអូស្ត្រាលី ដោយពិភាក្សាលើបញ្ហាមួយចំនួន។ ជាមួយឯកអគ្គរាជទូតអូស្ត្រាលី លោក Pablo Kang លោកកឹម សុខា បានលើកឡើងពីការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សជឿនលឿនរបស់អូស្រា្តលី និងជាពិសេសការលើកឡើងពីកិច្ចព្រមពៀងសន្ធិសញ្ញាទីក្រុងប៉ារីស ដែលជាខួបលើកទី៣០ឆ្នាំ នៅថ្ងៃទី២៣តុលាខាងមុខ។

សម្រាប់កិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស លោកកឹម សុខា បានលើកឡើងថា អូស្ត្រាលីជាប្រទេសដែលចូលរួមយ៉ាងសកម្មជួយកម្ពុជាក្នុងការបង្កើតនិងអនុវត្តន៍នូវកិច្ចព្រមព្រៀងមួយនេះតាំងពីឆ្នាំ១៩៩១មក។ ដូច្នេះប្រធានអតីតគណបក្សប្រឆាំងរូបនេះ នៅតែសង្ឃឹមថា ប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យមួយនេះ នៅតែចង់ឃើញ និងជួយដល់ប្រជាពលរដ្ឋខ្មែរឲ្យទទួលបាននូវអ្វីដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា។

ក្រៅតែពីជំនួបជាមួយភាគីអូស្រ្តាលី លោកកឹម សុខា កាលពីថ្ងៃទី១១តុលាកន្លងទៅ ក៏បានលើកយកកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ទៅពិភាក្សាជាមួយភាគីរដ្ឋទូតសហភាពអ៊ឺរ៉ុបផងដែរ។ ក្នុងជំនួបជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកកឹម សុខា បានអរគុណពីការយកចិត្តទុកដាក់នៃបណ្តាប្រទេសមួយចំនួន ជុំវិញស្មារតីនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសនេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងក្នុងការឈានទៅបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា ដោយមានការទទួលស្គាល់ពីភាគីជាប្រទេសនិងអង្គការអន្តរជាតិ។ ហើយនៅឆ្នាំ២០២១ កិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសមានអាយុ៣០ឆ្នាំហើយ បន្ទាប់ពីបង្កើតឡើងនៅថ្ងៃទី២៣តុលាឆ្នាំ១៩៩១។ តែយ៉ាងណា រដ្ឋាភិបាលកាលពីឆ្នាំ២០២០ បានសម្រេចលុបចោលការឈប់សម្រាកនៅថ្ងៃខួបកិច្ចព្រមព្រៀងមួយនេះ ចេញពីពិធីបុណ្យជាតិនិងអន្តរជាតិ ដោយសម្អាងហេតុផលថា ដើម្បីទាក់ទាញវិនិយោគិនចូលមកកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ