អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អ្នកនាំពាក្យក្រសួងការងារ៖កម្មករនិយោជិត៣៧៥នាក់វិជ្ជមានកូវីដ១៩ ក្រោយត្រឡប់ពីភ្ជុំបិណ្ឌ

លោក ហេង សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ​បានប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃទី១៣​តុលានេះថា ​មានរោងចក្រ​ចំនួន៤៣៤​បានស្ម័គ្រចិត្ត​ធ្វើតេស្តរក​វីរុស​កូវីដ១៩​ និងមានការ​ស្ម័គ្រចិត្ត​ពីកម្មករ​ជិត៧ម៉ឺននាក់ ​បន្ទាប់ពីពួកគេ​ត្រឡប់​មកពីស្រុក​កំណើតវិ​ញ ក្នុងឱកាស​ឈប់សម្រាក​នៃពិធី​បុណ្យភ្ជុំបិណ្ឌ​កាលពីសប្ដាហ៍មុន​។ តាមរយៈ​លទ្ធផលតេស្ត​ពីថ្ងៃទី៨​ដល់ថ្ងៃទី​១២តុលា​រកឃើញថា​ កម្មករនិយោជិ​ត៣៧៥នាក់​បានរកឃើញ​វិជ្ជមាន​វីរុ​ស​កូវីដ១៩​។

កម្មករ កម្មការិនី ធ្វើដំណើរចេញពីធ្វើការរោងចក្រ
កម្មករ កម្មការិនី ធ្វើដំណើរចេញពីធ្វើការរោងចក្រ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្រោយរកឃើញកម្មករនិយោជិត៣៧៥នាក់វិជ្ជមានវីរុសកូវីដ១៩ ភាគីពាក់ព័ន្ធបានរៀបចំកន្លែងស្នាក់នៅនិងព្យាបាលពួកគេទៅតាមស្ថានភាពជាក់ស្ដែង ខណៈដែលអ្នកវិជ្ជមានទាំង៣៧៥នាក់នេះមិនមានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ។ នេះបើតាមលោក ហេង សួរ។

អ្នកនាំពាក្យក្រសួងការងាររូបនេះបានគូសបញ្ជាក់ថា កម្មករនិយោជិត៣៧៥ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩នេះទាបជាង១ភាគរយប៉ុណ្ណោះ និងមិនបានបង្កជាក្ដីព្រួយបារម្ភធំប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាទេ បើធៀបកាលពីដើមឆ្នាំដែលកម្ពុជាប្រឈមនឹងបិទខ្ទប់នោះ។ បើលោក ហេង សួរ នេះ ភាគរយទាបនេះបណ្ដាលមកពីល្បឿននៃការចាក់វ៉ាក់សាំងជូនកម្មករនិយោជិត និងពលរដ្ឋទូទៅស្រោចស្រពស្ទើរតែបាន១០០ភាគរយទៅហើយ ហើយម្យ៉ាងទៀតដោយសារកម្មករនិយោជិតខ្លួនឯង ចូលរួមអនុវត្តបានល្អ ចំពោះវិធាការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។

ទោះជាមានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន មួយចំនួននៅក្នុងវិស័យឧស្សាហកម្មបាន និងកំពុងធ្វើតេស្តរហ័សរកវីរុសកូវីដ១៩លើកម្មករ-កម្មាការិនីក៏ដោយ តែមានរោងចក្រ សហគ្រាស ក្រុមហ៊ុនភាគច្រើនមិនបានធ្វើតេស្តរហ័សរកកូវីដ១៩ លើកម្មករនិយោជិតនោះទេ។ នេះក៏ដោយសារភាគីនិយោជកត្រូវចំណាយច្រើនការទិញឧបករណ៍តេស្ត ហើយកម្មករនិយោជិតវិញពួកគេហាក់មានភាពធុញទ្រាន់នឹងការធ្វើតេស្តម្ដងជាពីរដងទាំងដែលពួកគេបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចទៅហើយ។ ម្យ៉ាងកម្មករនិយោជិតភាគច្រើនពេលទៅដល់ផ្ទះកំណើត​ គេមិនបានចល័តទៅកន្លែងផ្សេងឡើយ​ ក្រៅពីផ្ទះផ្ទាល់ខ្លួន​។ នេះបើតាមការឲ្យដឹងរបស់លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។

ដំណាលគ្នានេះលោក អាត់ ធន់ ​ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានឲ្យដឹងដែរថា មានរោងចក្រមួយចំនួនទៀតបានធ្វើតេស្តរហ័ស តែទៅលើកម្មករនិយោជិតដែលគេសង្ស័យប៉ុណ្ណោះ។ បើតាមសហជីពរូបនេះ ក្រុមហ៊ុន សហគ្រាស រោងចក្រខ្លះក៏បង្ខំចិត្តធ្វើតេស្តលើបុគ្គលិកខ្លួន ដោយសារតែពួកគេបានបញ្ជាទិញឧបករណ៍តេស្តរួចទៅហើយ មុនក្រសួងការងារប្ដូរពីការធ្វើតេស្តដោយចាំបាច់ទៅជាការធ្វើតេស្តដោយស្ម័គ្រចិត្តវិញ។

សូមជម្រាបជូនថា ការធ្វើតេស្តរហ័សនេះគឺឈរលើគោលការណ៍ស្ម័គ្រចិត្តពីភាគីនិយោជក និងកម្មករនិយោជិត ស្របតាមសេចក្ដីណែនាំរបស់ក្រសួងការងារកាលពីទី៤តុលា។ ការធ្វើតេស្តនេះទៀតសោតផ្ដោតតែទៅលើកម្មករនិយោជិតដែលមានរោគសញ្ញានិងអាការៈសង្ស័យប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ