អានតួអត្ថបទ
កម្ពុជា-រដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីគឺ«អាចធ្វើទៅបាន»

ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​នៅព្រឹកថ្ងៃ​ចន្ទនេះ ​បានបើកកិច្ច​ប្រជុំពិនិត្យលើ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញថ្មី​ដែលកំណត់​ឱ្យថ្នាក់ដឹកនាំនៃ​ស្ថាប័ន​កំពូលៗ​របស់ជា​តិត្រូវមានសញ្ជាតិ​ខ្មែរតែមួយ​ជាដាច់ខាត​។ បន្ទាប់ពី​ជជែក​ពិភាក្សាគ្នា ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បានគូសបញ្ជាក់ថា​ សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ«អាច​ធ្វើទៅបាន» ​ដោយមិនប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​និងរបប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នោះឡើយ​។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាដើម្បីពិនិត្យលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលកំណត់ឱ្យថ្នាក់ដឹកនាំនៃស្ថាប័នកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាដើម្បីពិនិត្យលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលកំណត់ឱ្យថ្នាក់ដឹកនាំនៃស្ថាប័នកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ © សហការី
ផ្សាយពាណិជ្ជកម្ម

«អាចធ្វើទៅបាន» នេះ គឺជាការប្រកាសបើកភ្លើងខៀវរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់ជាតិទៅលើដំណើរទៅមុខនៃសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលតម្រូវថ្នាក់ដឹកនាំនៃស្ថាប័នកំពូលៗរបស់ជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយជាដាច់ខាត។

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានអះអាងថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។

ការប្រជុំ និងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅពេលនេះ គឺធ្វើឡើងតាមសំ​ណើរបស់ព្រះមហាក្សត្រកម្ពុជា។ ជានីតិវិធីនៃការចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដំបូងឡើយប្រមុខរដ្ឋាភិបាលកម្ពុជាត្រូវថ្វាយសារសុំការអនុញ្ញាតពីព្រះមហាក្សត្រ ហើយព្រះមហាក្សត្រក៏បានបង្គាប់ឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងផ្តល់ការពិគ្រោះយោបល់ថ្វាយព្រះរាជាវិញថា តើអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានឬអត់ត្រង់ចំណុចនេះ? ហើយមានការប៉ះពាល់អ្វីដែរឬទេ? ជាក់ស្តែង ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានបញ្ជាក់ហើយថា មិនមានផលប៉ះពាល់ឡើយ ដោយនឹងថ្វាយសេចក្តីពិនិត្យនេះទៅព្រះមហាក្សត្រ ហើយព្រះមហាក្សត្រទ្រង់នឹងផ្ញើទៅរដ្ឋាភិបាល។

ជាជំហានបន្ទាប់ រដ្ឋាភិបាលកម្ពុជា នឹងផ្ញើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទៅកាន់រដ្ឋសភា ដើម្បីប្រជុំពិនិត្យ និងអនុម័ត ហើយរដ្ឋសភានឹងបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម។

ក្រោយពីបានអនុម័តរួចហើយ រដ្ឋសភានឹងបញ្ជូនមកកាន់រដ្ឋាភិបាលវិញ ហើយរដ្ឋាភិបាលនឹងថ្វាយបន្តទៅកាន់ព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ជាការប្រញាប់។ ជាការប្រញាប់ គឺសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ នឹងត្រូវអនុវត្តបានភ្លាមៗតែម្តង បន្ទាប់ពីម៉ោង០០ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ