អានតួអត្ថបទ
កម្ពុជា-សង្គម

ពលរដ្ឋខ្មែរនៅតែទៅកាន់វត្តអារាមនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌច្រើនជាងថ្ងៃដាក់បិណ្ឌ

នៅ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នា​ថ្ងៃ​ពុធ​ទី​០៦ ​ខែ​តុលា​នេះ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ព.ស​ ២៥៦៥​ គ្រប់​អារាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​មាន​ភាព​ស្ងាត់​ស្ងៀម​ទេ​ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កាន់​ព្រះពុទ្ធ​សាសនា​បាន​នាំ​គ្នា​ទៅ​វត្ត​ ប្រគេន​ចង្ហាន់​ និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ បង្សុកូល ​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ​ បុព្វការីជន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​។ ក៏​ប៉ុន្តែ​ ជំងឺ​កូវីដ-១៩​ គឺ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ថមថយ​ចំនួន​ តែ​មិន​ថមថយ​ចង្ហាន់​ព្រះសង្ឃ​ទេ​។

ប្រជាពលរដ្ឋនាំគ្នាយកចង្ហាន់ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃនៅឯវត្តជាយរាជធានីភ្នំពេញ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋនាំគ្នាយកចង្ហាន់ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃនៅឯវត្តជាយរាជធានីភ្នំពេញ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ទាំងវត្តអារាមនៅក្នុងរាជធានីភ្នំពេញ និងវត្តអារាមនៅតាមបណ្តាខេត្ត ទាំងជាង ៤ ០០០វត្ត មិនមានវត្តណាមួយត្រូវបានទុកចោល ដោយពុទ្ធបរិស័ទឡើយ។ នៅភ្នំពេញ វត្តខ្លះបានរៀបរោងពិធីនៅត្រឹមខ្លោងទ្វារចូល វត្តខ្លះបានរៀបរោងពិធីនៅក្នុងទីធ្លាវត្តតែម្តង ដោយមានសន្តិសុខ និងគណៈកម្មការវត្តជួយរៀបចំសណ្តាប់ធ្លាប់ អនាម័យប្រដាប់ដោយអាល់កុល និងម៉ាស៊ីនវាស់កំដៅ។

ដោយឡែកចំពោះវត្ត ដែលមិនសូវមានមុខមានមាត់ គ្មានអ្នកធំ និងអ្នកមានធនធានជួយជ្រោមជ្រែង មិនសូវមានឧបករណ៍ការពារកូវីដ-១៩ គ្រប់គ្រាន់នោះទេ ក៏ប៉ុន្តែពុទ្ធបរិស័ទក៏មានវិធីការពាររៀងៗខ្លួនដែរ ដោយពាក់ម៉ាស់ និងកាន់ជាប់ជាមួយនូវកាល់កុលសំលាប់មេរោគ។

ក្រសួងធម្មការ និងសាសនា ក៏ដូចជាមន្ត្រីសង្ឃជាន់ខ្ពស់នៃប្រទេសកម្ពុជា នៅមិនទាន់មានការវាយតម្លៃពីស្ថានភាពនៃការធ្វើបុណ្យភ្ជុំបិណ្ឌនៅក្នុងសម័យកូវីដនេះយ៉ាងណានៅឡើយ។ ក៏ប៉ុន្តែតាមការឲ្យដឹងពីពុទ្ធបរិស័ទនានា ចំនួនអ្នកទៅធ្វើបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការធ្លាក់ចុះច្រើន ហើយស្ថានភាពនៅតាមវត្តអារាម ក៏មិនមានភាពអ៊ូអរ ប្រកបដោយអត្ថន័យសាសនាជ្រាលជ្រៅ ដូចជាឆ្នាំកន្លងៗទៅ ដែលប្រទេសមិនទាន់ប្រឈមនឹងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ នៅតែឆ្លៀតទៅវត្ត ដើម្បីធ្វើបុណ្យដាក់បិណ្ឌចាប់តាំងពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃភ្ជុំធំ បើទោះណាជារដ្ឋាភិបាលបានហាមប្រាមមិនឲ្យបើកវត្តសម្រាប់ធ្វើបុណ្យដោយចំហរដូចឆ្នាំកន្លងទៅក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ