អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្មករ និយោជិកចាប់ផ្តើមត្រលប់ទៅលេងស្រុកកំណើត ខណៈដែលរដ្ឋនិងសហជីពអំពាវនាវឲ្យចូលរួមអនុវត្តវិធានសុខាភិបាល

នៅ​ថ្ងៃ​អាទិត្យ​ទី​០៣​តុលា​នេះ​ កម្មករ និយោជិក ​មួយ​ចំនួន​ធំ​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​តាម​មធ្យោបាយ​រៀងៗខ្លួន​ មុន​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ទី​០៥​តុលា​។ ការ​ចាកចេញ​ទៅ​ស្រុក​កំណើត​ក្នុង​បរិបទ​កូវីដ១៩​នេះ​ បាន​ធ្វើ​ឲ្យ​ភាគី​រដ្ឋាភិបាល​និង​ភាគី​សហជីព​ មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺ​កូវីដ១៩​ជា​យថាហេតុ ​នៅ​ខណៈ​ដែល​វិធានការ​សុខាភិបាល​មួយ​ចំនួន​នៅ​មិនទាន់​អនុវត្ត​បាន​ល្អ​នៅ​ឡើយ​។

កម្មការិនីរោងចក្រកាត់ដេរដើរឆ្លងផ្លូវ បន្ទាប់បំពេញការងារប្រចាំថ្ងៃរួចរាល់
កម្មការិនីរោងចក្រកាត់ដេរដើរឆ្លងផ្លូវ បន្ទាប់បំពេញការងារប្រចាំថ្ងៃរួចរាល់ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ស្របពេលដែលប្រជាពលរដ្ឋ ជាពិសេសកម្មករ និយោជិក ជាច្រើនកំពុងសម្រុកធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ លោកហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានអំពាវនាវឲ្យកម្មករ និយោជិកមានការប្រយ័ត្នប្រយែងខ្ពស់ពេលដំណើរតាមរថយន្តឈ្នួល។ បើតាមអ្នកនាំពាក្យរូបនេះ កម្មករ និយោជិកដាច់ខាតកុំអង្គុយទល់មុខគ្នា ហើយត្រូវពាក់ម៉ាស និងបាញ់អាកុលជាចាំបាច់។

រីឯលោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាវិញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនេះថា មានកម្មករនិយោជិកប្រមាណ៥០ទៅ៦០ម៉ឺននាក់បានចាកចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតនៅពីរថ្ងៃចុងសប្តាហ៍នេះ។ ចរន្តធ្វើដំណើរទៅស្រុកកំណើតរបស់កម្មករប្រមាណ៥០%នេះ ត្រូវបានប្រមុខសហជីពរូបនេះសង្កេតឃើញថា នៅមានចន្លោះប្រហោងក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។

បើតាមលោកអាត់ ធន់ ការប្រជ្រៀតគ្នាជិះរថយន្តឈ្នួលនៅតែជាកង្វល់និងកើតមានដដែលនៅក្នុងបរិបទកូវីដ១៩ជាង២ឆ្នាំមកនេះ។ លោកលើកឡើងថា រថយន្តឈ្នួលមួយចំនួនធំនៅបន្តដាក់កម្មករនិយោជិកប្រជ្រៀតគ្នា ពី១៥ទៅ២០នាក់តាមចំណុះរថយន្ត ដែលនេះធ្វើឲ្យការរក្សាគម្លាតបុគ្គលមិនអាចអនុវត្តបាន។ ហើយប្រសិនបើមានករណីឆ្លងនៅលើរថយន្តនោះនឹងក្លាយជាការរាលដាលបន្ត ពេលកម្មករ និយោជិកទៅដល់ស្រុកកំណើត។ លោកបន្តថា ក្នុងករណីមិនចាំបាច់ពេកទេ កម្មករនិយោជិកគួរកុំទាន់ទៅលេងស្រុកកំណើត និងរង់ចាំពេលវេលាណាមួយសមស្របវិញល្អជាង។

ការធ្វើដំណើរទៅកាន់ស្រុកកំណើតនេះដែរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យម្ចាស់រោងចក្រ សហគ្រាស ធ្វើតេស្តរហ័សលើកម្មករ មុនពេលពួកគេចូលធ្វើការវិញ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ទៅក្នុងរោងចក្រ សហគ្រាស ក៏ប៉ុន្តែលោកអាត់ ធន់ យល់ឃើញថា វាមិនមែនជាការចាំបាច់ពេកទេ។ ការធ្វើតេស្តនេះគួរធ្វើតែលើកម្មករនិយោជិកណាដែលមានការសង្ស័យ ខណៈដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏ធ្លាប់ស្នើឲ្យអាជ្ញាធរផ្អាកការធ្វើតេស្តរហ័សប្រសិនបើមិនចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ