អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩បន្តធ្លាក់ចុះយ៉ាងគំហុកក្នុង១ថ្ងៃ ខណៈលទ្ធផលនៃការធ្វើតេស្តរហ័សឈប់រាប់បញ្ចូល

ក្នុងរយៈពេល២ថ្ងៃ​ចុង​ក្រោយ​នេះ ចំនួន​កូវីដ១៩​ដែល​ឆ្លង​ប្រចាំ​ថ្ងៃ​នៅកម្ពុជា​បាន​បន្ត​ធ្លាក់​ចុះយ៉ាងគំហុក ពោល​បានថយចុះពីជិត១០០០នាក់​មកនៅតែរង្វង់២០០នាក់​ក្នុង​មួយថ្ងៃ។ ការ​ដែល​ចំនួនអ្នក​វិជ្ជមាន​កូវីដ១៩​ប្រចាំថ្ងៃ​ធ្លាក់​ចុះបែបនេះ គឺ​បន្ទាប់​ពីលោក​​ប្រមុខ​រដ្ឋា​ភិបាល​បានបញ្ជាឲ្យ​ក្រសួង​សុខាភិបាល​បញ្ឈប់​ការ​រាប់​បញ្ចូលលទ្ធផល​នៃការ​ធ្វើ​តេស្ត​រហ័ស​​រក​កូវីដ១៩​ ដែល​អ្នក​ឆ្លង​មានកម្រិតស្រាល ឬមិនចេញ​រោគសញ្ញា។

ការធ្វើតេស្តរកមេរោគកូវីដ១៩ពីសំណាកក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទៅលើអាជីវករលក់ដូរក្នុងខេត្តសៀមរាប
ការធ្វើតេស្តរកមេរោគកូវីដ១៩ពីសំណាកក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទៅលើអាជីវករលក់ដូរក្នុងខេត្តសៀមរាប © FBរដ្ឋបាលខេត្តសៀមរាប
ផ្សាយពាណិជ្ជកម្ម

យោងតាម​លទ្ធផល​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​នៅថ្ងៃទី​៣០​កញ្ញា បង្ហាញថា ចំនួន​អ្នក​វិជ្ជមាន​កូវីដ១៩​ គឺមានចំនួន​២៣២​នាក់ គឺបានថយចុះ​យ៉ាង​គំហុក​បើ​ប្រៀប​ធៀប​នឹង​​លទ្ធផល​ថ្ងៃ​ទី​២៩​កញ្ញា ដែល​មាន​អ្នក​វិជ្ជមានចំនួន៩៧៨នាក់ ហើយបន្តធ្លាក់ចុះ​បន្ថែមទៀត​នៅថ្ងៃទី១​តុលា គឺចំនួនអ្នក​ឆ្លង​កូវីដ១៩​ប្រចាំថ្ងៃ​នៅសល់តែ​១៧៤​នាក់​ប៉ុណ្ណោះ។

លទ្ធផល​ធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​ប្រចាំ​ថ្ងៃបែបនេះ បានញាំងឲ្យពលរដ្ឋ​ជា​ច្រើន​នាំគ្នា​ភ្ញាក់ផ្អើល និង​បាន​ចូល​ទៅ​បញ្ចេញ​យោបល់​ក្នុង​ទំព័រ​ហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។ អ្នក​ខ្លះ​បញ្ចេញ​យោបល់​ក្នុង​ន័យ​រីករាយ ដោយសារ​ឃើញ​តួលេខ​ថយ​ចុះ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​សរសេរ​ថា នេះ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទៅ​វិញ​ទេ ខណៈតួលេខ​ដែល​ក្រសួង​ប្រកាស​ថា ថយ​ចុះ​នេះ គឺ​មិន​បាន​រាប់​បញ្ចូល​អ្នក​កើត​ជំងឺ​ដែល​មិន​ចេញ​រោគសញ្ញា និង​អ្នក​ដែល​ទទួល​លទ្ធផល​វិជ្ជមាន​ តាម​រយៈ​ឧបករណ៍​តេស្ដ​រហ័ស​នោះ​ឡើយ។ ដូច្នេះពួកគេយល់ថា​ចំនួន​អ្នក​ឆ្លងកូវីដ១៩​ជាក់ស្ដែង​អាច​នៅ​តែ​ច្រើន​ដដែល។

យ៉ាងណាក៏ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកញ្ញា តាម​រយៈ​សារ​ជាសំឡេង​តាម​តេឡេក្រាម​លោកបាន​ថ្លែងថា  នៅពេលនេះពលរដ្ឋខ្មែរគួរតែចេះសម្របខ្លួនក្នុងស្ថានភាពកូវីដ១៩​  ដោយមិនចាំបាច់ធ្វើតេស្តរហ័សតទៀតនោះឡើយ ពីព្រោះ​វាធ្វើ​មានបញ្ហា​ដល់​ច្រមុះ​ដែល​ធ្វើ​តេស្ត​ច្រើន​ដង​ពេក។ លោកបានបញ្ជាឲ្យអាជ្ញាធរ​សុខាភិបាល​បញ្ឈប់​ការតាមរុករកពលរដ្ឋ​នៅតាមភូមិ មកធ្វើ​តេស្ត​កូវីដ១៩  តាមរយៈការ​​ធ្វើ​តេស្ត(rapid tests)តទៅទៀត។  បទបញ្ជារបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ​ដោយសំអាងថា ពលរដ្ឋខ្មែរស្ទើរតែទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារ​កូវីដ១៩​រួចហើយ។

ប៉ុន្តែ​អ្នកជំនាញវេជ្ជសាស្រ្ត ព្រមានថា កម្ពុជានឹងកាន់តែគ្រោះថ្នាក់   ប្រសិនបើការធ្វើតេស្តរហ័សរកជំកូវីដ១៩​ត្រូវបាន​ផ្អាក ខណៈការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ(Delta)កំពុងមានសន្ទុះខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ