អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សនយោបាយ៣គ្រោងនឹងច្របាច់បញ្ចូលគ្នា ដើម្បីប្រជែងនឹងបក្សកាន់អំណាចក្នុងការបោះឆ្នោតខាងមុខ

តំណាង​គណបក្ស​កែទម្រង់​កម្ពុជា​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ ​បានជួបដាច់​ដោយឡែកជា​មួយតំណា​ងគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​និងគណបក្ស​ឆន្ទៈខ្មែរ​។ ​ជំនួបនេះ​ គឺដើម្បី​ស្វែងយល់​ពីគ្នាបាន​កាន់តែច្បាស់ ​និងបានជជែក​ពីលទ្ធភាព​ និងរូបមន្ត​ក្នុងការឈាន​ទៅច្របាច់​បញ្ចួលគ្នា​ទៅជា​គណបក្ស​នយោបាយ​តែមួយត្រៀម​ប្រកួត​ប្រជែង​នឹងគណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ​។

តំណាងគណបក្សកែទម្រង់កម្ពុជា និងតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជួបជជែកពិភាក្សាគ្នាជុំវិញយន្តការដំណើរការបង្រួបបង្រួមគណបក្សនយោបាយ
តំណាងគណបក្សកែទម្រង់កម្ពុជា និងតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជួបជជែកពិភាក្សាគ្នាជុំវិញយន្តការដំណើរការបង្រួបបង្រួមគណបក្សនយោបាយ © FB
ផ្សាយពាណិជ្ជកម្ម

ដូចការគ្រោងទុកអ៊ីចឹង គឺបន្ទាប់ពីត្រូវបានក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីជាផ្លូវការ គណបក្សកែទម្រង់កម្ពុជារបស់លោកប៉ុល ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន បានចាប់ផ្តើមធ្វើសកម្មភាពគៀងគរគណបក្សនយោបាយដទៃ ដើម្បីរកផ្លូវបង្រួបង្រួមគ្នាទៅជាគណបក្សតែមួយ។ ជាបឋមនេះ គណបក្សកែទម្រង់កម្ពុជាទាក់ទងបានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សឆន្ទៈខ្មែរដែលមានឆន្ទៈដូចគ្នា។

នៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ លោកអ៊ូ ច័ន្ទរ័ត្ន សហស្ថានិកគណបក្សកែទម្រង់កម្ពុជាបានអះអាងពីភាពវិជ្ជមាននៃការដើរទៅមុខជាមួយគ្នានៃគណបក្សទាំង៣នេះ។ លោកគូសបញ្ជាក់ថា គណបក្សទាំង៣បានស្រុះស្រួលគ្នាលើបញ្ហាមួយចំនួនដូចជា បង្កើតបណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់ កំណត់ពេលវេលាជួបគ្នា និងគ្រោងធ្វើសេចក្តីថ្លែងការណ៍រួមគ្នាលើបញ្ហាអ្វីមួយជាដើម។

ចំណែក លោកសាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) និងលោកគង់ មុនីកា ដែលជាប្រធានគណបក្សឆន្ទៈខ្មែរវិញត្បិតថា បានជួយដាច់ដោយឡែកជាមួយតំណាងគណបក្សកែទម្រង់កម្ពុជាក្តី ប៉ុន្តែ ពួកគេអះអាងដូចគ្នាថា កំពុងស្វែងរករូបមន្ត ដើម្បីឈានទៅបង្រួបបង្រួម និងច្របាច់បញ្ចូលគ្នានាពេលខាងមុខ។ បើតាមពួកគេ គឺតំណាងគណបក្សទាំង៣នេះ នឹងបន្តជួបគ្នាទៀតនាពេលខាងមុខ ដើម្បីស្វែងរកឱ្យបាននូវរូបមន្តរួមមួយសម្រាប់ធ្វើការបង្រួបបបង្រួមគ្នា។

សូមបញ្ជាក់ថា គំនិតបង្រួបបង្រួមគ្នានេះ កើតចេញពីគណបក្សកែទម្រង់កម្ពុជា។ គណបក្សកែទម្រង់កម្ពុជាបានអះអាងឱ្យដឹងថា ក្រៅពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សឆន្ទៈខ្មែរ គឺគណបក្សកែទម្រង់កម្ពុជាក៏គ្រោងនឹងទាក់ទងជាមួយគណបក្សដទៃទៀតដែរ រួមមានជាដូចជាកម្ពុជានិយម គណបក្សខ្មែរស្រ​ឡាញ់ជាតិ និងគណបក្សដែលបង្កើតឡើងដោយសមាជិកអតីតគណបក្សសង្រ្គោះជាតិ។

ក៏ប៉ុន្តែ គណបក្សកែទម្រង់កម្ពុជាបានដាក់លក្ខខណ្ឌកំណត់មួយថា ប្រសិនបើគណបក្សនយោ​បាយណាមួយមានការជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សកាន់អំណាចដោយផ្ទាល់ និងដោយប្រយោលក្តី គឺមិនអាចសហការជាមួយគ្នាបានទេ។ គណបក្សកែទម្រង់កម្ពុជាបានអះអាងថា ដោយសារតែគោលដៅរួមនៃការបង្រួបបង្រួមគ្នានេះ គឺប្រកួតប្រជែងនឹងគណបក្សកាន់អំណាច ដូច្នេះហើយគណបក្សទាំងអស់មិនអាចមានទំនាក់ទំនងជាមួយបក្សកាន់អំណាចបានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ