អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជំនួបកំពូលកម្ពុជា-វៀតណាម-ឡាវ មេដឹកនាំទាំង៣ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្រុមមេដឹកនាំ​គណបក្ស​កាន់អំណាច​របស់​កម្ពុជា-វៀតណាម-ឡាវ ​បានបើក​ជំនួប​កំពូល​កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅទីស្នាក់ការ​កណ្តាល​គណបក្ស​កុម្មុយនីស្ត​វៀតណាម​នៅទី​ក្រុង​ហាណូយ។​ ក្នុង​ជំនួប​កំពូល​នេះ​ មេដឹកនាំ​គណបក្សទាំង៣​ បាន​ប្តេជ្ញាពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ក្នុង​អ្វី​ដែល​គេអះអាងថា​ ដើម្បី​ប្រយោជន៍​ប្រជាជន​របស់​ប្រទេស​នីមួយៗ ក្នុង​គោលដៅ​រក្សា​សន្តិភាព ​និងការ​អភិវឌ្ឍន៍​។

មេដឹកនាំបក្សកាន់អំណាចរបស់ប្រទេសកម្ពុជា វៀតណាម និងឡាវ
មេដឹកនាំបក្សកាន់អំណាចរបស់ប្រទេសកម្ពុជា វៀតណាម និងឡាវ © សហការី
ផ្សាយពាណិជ្ជកម្ម

«មេដឹកនាំទាំង៣​បានពិគ្រោះ​យោបល់គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​រយៈ​ពេល​កន្លង​មក​  និង​បានពិភាក្សា​អំពី​ទិសដៅ​នៃកិច្ច​សហប្រតិបត្តិការ​នាពេល​ខាងមុខ ហើយបា​ន​ឯកភាព​រួម​អំពី​សារសំខាន់នៃទំនាក់ទំនង​ជាប្រពៃណី សាមគ្គី​ភាព មិត្តភាព ស្អិត​រមួត​រវាង​ប្រទេស​ទាំង៣»។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

មិនខុសគ្នាប៉ុន្មានឡើយ​ សារព័ត៌មានរបស់​វៀតណាម​វិញ ​ក៏បានរាយការណ៍​ពីលទ្ធផល​នៃជំនួប​កំពូល​រវាង​មេដឹកនាំ​គណបក្សទាំង៣ ប្រហាក់​ប្រហែលគ្នានេះដែរ។ មេដឹកនាំគណបក្សទាំង៣ ​បានឯកភាព​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​ក្នុង​អ្វី​ដែល​គេអះអាងថាដើម្បី​ប្រយោជន៍ប្រជាជន​របស់​ប្រទេស​នីមួយៗ ក្នុង​គោលដៅ​រក្សា​សន្តិភាព និងការ​អភិវឌ្ឍន៍ក្នុង​តំបន់​ និង​លើ​ពិភពលោក។

កាលពីសប្តាហ៍មុន សន្និសីទលើកទី៨នៃគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃសភាជាតិកម្ពុជា ឡាវ និងវៀតណាម (CLV) បានរៀបចំឡើង​តាម​រយៈ​វីដេអូ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលកម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅក្រោម​ប្រធានបទ“ ការពង្រឹងភាពជាដៃគូសភាសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នៅក្នុងតំបន់ត្រីកោណ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលតំបន់បានកត់ត្រានៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមចំពេលកូវីដ-១៩​ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ​។

គណៈកម្មាធិការ​បានអំពាវនាវឱ្យមានការចែករំលែកវ៉ាក់សាំងពីបណ្តាប្រទេសដែលមានការ​អភិវឌ្ឍន៍ និងស្វែងរក​ការគាំទ្រពីប្រទេសទាំងនោះ​ចំពោះការលះបង់សិទ្ធិប៉ាតង់សម្រាប់វ៉ាក់សាំងការពារកូវីដ-១៩។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានវៀតណាមថាមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ