អានតួអត្ថបទ
កម្ពុជា-ព្រះមហាក្សត្រ

រាជវាំងខ្មែរបដិសេធសំណេររបស់កាសែតបារាំង និងបំភ្លឺថាកម្ពុជាមិនមាន«រជ្ជទាយាទ»ទេ

ក្រសួង​ព្រះបរម​រាជវាំង​កម្ពុជា ​នៅថ្ងៃចន្ទនេះ ​បានប្រកាសថា ​ច្បាប់របស់​ប្រទេស​កម្ពុជា ​មិនមាន​ការចែងស្តីពី​ការចាត់តាំង​រជ្ជទាយាទឬ​« Prince Héritier » ទេ។​ ប្រតិកម្ម​របស់ស្ថាប័ន​ព្រះបរម​រាជវាំង​ដូច្នេះ ​គឺដោយសារ​កាលពីពេល​ថ្មីៗនេះ ​មានកាសែត​បារាំង​មួយចំនួន​ បានចុះផ្សាយ​ពាក់ព័ន្ធ​ដល់ព្រះអង្គ​ម្ចាស់រជ្ជ​ទាយាទ​កម្ពុជា​មួយព្រះអង្គ​ បានដាក់ស្នើ​សុំទិញក្លឹបបាល់ទាត់​ AS Saint-Etienne​ របស់ប្រទេស​បារាំង​ ក្នុងតម្លៃ​១០០លានអឺរ៉ូ​។

អង្គម្ចាស់រជ្ជទាយាទកម្ពុជាមួយព្រះអង្គ (រាប់ពីស្ដាំ ទី២) បានដាក់ស្នើសុំទិញក្លឹបបាល់ទាត់ AS Saint-Etienne របស់ប្រទេសបារាំង ក្នុងតម្លៃ១០០លានអឺរ៉ូ
អង្គម្ចាស់រជ្ជទាយាទកម្ពុជាមួយព្រះអង្គ (រាប់ពីស្ដាំ ទី២) បានដាក់ស្នើសុំទិញក្លឹបបាល់ទាត់ AS Saint-Etienne របស់ប្រទេសបារាំង ក្នុងតម្លៃ១០០លានអឺរ៉ូ © សហការី
ផ្សាយពាណិជ្ជកម្ម

កាសែតបារាំងមួយចំនួនកាលពីចុងសប្តាហ៍មុន បានចុះផ្សាយតៗគ្នា ដោយប្រើពាក្យដូចៗគ្នាថា  «រជ្ជទាយាទ» ឬ «Prince Héritier» នៃប្រទេសកម្ពុជា បានដាក់ស្នើសុំទិញក្លឹបបាល់ទាត់ AS Saint-Etienne របស់ប្រទេសបារាំង ក្នុងតម្លៃ១០០លានអឺរ៉ូ។ កាសែតទាំងនោះត្រូវគេដឹងថា កាសែត Le Parisien Liberation Le Figaro និងOuest-France ជាដើម។

កាសែតបារាំងទាំងនោះ បានចុះផ្សាយដូចៗគ្នាថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺជាចៅប្រុសរបស់សម្តេចព្រះនរោត្តម សីហនុ ដែលស្រលាញ់ប្រទេសបារាំង ហើយងប់ងល់នឹងកីឡាបាល់ទាត់ និងកីឡាជាទូទៅ ខណៈ ជាច្រើនឆ្នាំមកហើយ ដែលក្រុមគ្រួសារព្រះអង្គបានធ្វើដំណើរទៅមករវាងទីក្រុងភ្នំពេញ និងទីក្រុងប៉ារីស។ ព្រះអង្គម្ចាស់រ៉ាវីចក្រ ដែលគេដឹងថាជាបុត្រារបស់ព្រះអង្គម្ចាស់ចក្រពង្ស ត្រូវកាសែតបារាំង ដែលចុះផ្សាយទាំងអស់សរសេរថាជា«រជ្ជទាយាទ»។

ក៏ប៉ុន្តែតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំងខ្មែរនៅថ្ងៃនេះ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិនៃប្រទេសកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទឬ Prince Héritier ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងព្រះរជ្ជទាយាទឡើយ។

យោងតាមរដ្ឋធម្មនុញ្ញ ការជ្រើសរើសព្រះមហាក្សត្រ ត្រូវធ្វើឡើងក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ដោយក្រុមប្រឹក្សារាជ្យសម្បត្តិ ដែលរួមមានឥស្សរៈជន៩រូប។ ក្នុងនោះមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្ដេចព្រះសង្ឃរាជទាំង២គណៈ អនុប្រធានទី១ រដ្ឋសភា និងព្រឹទ្ធសភា និងអនុប្រធានទី២រដ្ឋសភា និងព្រឹទ្ធសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ