អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងព្រលានយន្តហោះនៅខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ សម្រេចផ្អាកការតវ៉ាបណ្តោះអាសន្ន

ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់​នៅ​ក្នុង​វិវាទ​ដី​ធ្លី​ត្រង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កណ្ដាល​ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​កញ្ញា​នេះ​ថា សកម្មភាព​តវ៉ា​ដី​ធ្លី​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​ ក្រោយ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​រង​ការ​ចាប់​ខ្លួន​ និង​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​សមត្ថកិច្ច​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​ប្រជាពលរដ្ឋ​បាន​រក្សា​ជំហរ​តវ៉ាទាមទារ​ប្រាក់​សំណង​ និង​បន្ត​ស្វែង​​រក​កិច្ច​អន្តរាគមន៍​ផ្សេងៗ​ទៀត​ដដែល​។

ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល
ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល © សហការី
ផ្សាយពាណិជ្ជកម្ម

«យើង​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ លុះត្រា​ទទួល​បាន​សំណង​មួយ​ដ៏​ត្រឹមត្រូវ​ ហើយ​ក៏មិន​ទទួល​យក​សំណង​៨ដុល្លារ​ពីក្រុមហ៊ុននេះ​ដែរ»។ ​នេះ​គឺជា​ការ​លើកឡើង​របស់​តំណាង​ប្រជាពលរដ្ឋ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដែល​រស់នៅ​ក្នុង​ភូមិខ្យាង ​ខេត្ត​កណ្តាល​។ ​តំណាង​ប្រជាពល​រដ្ឋ​រូប​នេះ​បាន​ប្រាប់វិទ្យុ​បារាំង​តាមទូរស័ព្ទ​នៅ​ថ្ងៃសៅរ៍​ទី​១៨​​កញ្ញា​នេះថា​ ការ​តវ៉ា​ទាមទារ​រក​​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហាវិវាទ​ដី​ធ្លី ​នឹង​អាច​ធ្វើ​ឡើង​វិញ ​ប្រសិន​បើ​ក្រុមហ៊ុន​​នៅ​​តែ​គ្មាន​ដំណោះ​ស្រាយ​ជូន​ពួកគាត់​។ សូម​ជម្រាប​ថា ​ការ​លើកឡើង​នេះ​ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ផ្អាក​ការប្រមូលផ្តុំ​គ្នាតវ៉ា ​ក្រោយ​​ការប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច​កាលពី​ថ្ងៃទី​១២ ​កញ្ញា ​ឆ្នាំ​២០២១​។  

ទោះបី​ការ​តវ៉ា​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជិត​១​សប្តាហ៍​មក​ តំណាង​ពលរដ្ឋ​ក្នុង​ភូមិខ្យាង​រូបនេះ​បាន​ប្រាប់ថា​​ ពលរដ្ឋ​នៅ​តែប្រកាន់​ជំហរ​ទាមទារ​យក​សំណង​ឱ្យ​សមស្រប​តាម​តម្លៃ​ទីផ្សារ​ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះវាយតម្លៃ​ដី​ធ្លី​ឱ្យ​បាន​ត្រឹមត្រូវ​ ព្រោះ​បើតាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ ទំហំ​ដី​ក្នុង​មួយម៉ែត្រការ៉េ អាច​មាន​តម្លៃ​ចន្លោះ​ពី​៨០​ដុល្លារ​ឡើងទៅ​។

ទាក់​ទង​នឹង​តម្លៃ​ដី​នេះ បើ​តាម​ប្រជាពលរដ្ឋ​ដដែល​ អាជ្ញាធរ​បាន​ប្រាប់​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ចំ​ផ្លូវរត់​របស់​យន្តហោះ​ថា ​ពួកគេ​មាន​ជម្រើស​ចំនួន២​៖ គឺ​ទទួល​បាន​សំណង​៨​ដុល្លារ​ និង​ប្តូរ​យក​ដី​នៅ​ទីតាំង​ផ្សេង​។​ ចំណែក​ប្រជាពល​រដ្ឋ​ដែល​មានដី​មិន​នៅ​ចំ​ផ្លូវ​រត់​ទេ គឺ​ទទួល​បាន​តែ​សំណង​៨​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។ តែយ៉ាងណា ​តំណាង​ពលរដ្ឋ​នៅ​ភូមិ​ខ្យាង​រូបនេះ​បន្តថា​ គិត​មក​ទល់​ពេល​នេះ ​មាន​តែ​ពលរដ្ឋ​ចំនួន​២​គ្រួសារ ​ក្នុងចំណោម​១១​គ្រួសារ​ប៉ុណ្ណោះ ​ដែល​ព្រមទទួល​យក​សំណង​ ក្រោយ​អាជ្ញាធរ​គំរាម​ចាប់​ខ្លួន​គ្រួសារ​ពួក​គេ​ដាក់​ពន្ធធនាគារ ​ក្រោម​បទ​ចោទ​ ញុះញង់​។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា ការ​តវ៉ា​ស្វែង​រក​សំណង​របស់​ប្រជាពលរដ្ឋ នៅ​ត្រង់​គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​អន្ដរជាតិ​នៅ​ខេត្ត​កណ្ដាល បាន​រង​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ បន្ទាប់​ពីការ​ប៉ះ​ទង្គិច​នេះ ពលរដ្ឋ​ចំនួន​៩​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​បញ្ជូន​ទៅ​ពន្ធនាគារ។ មួយ​សប្ដាហ៍​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នានេះ ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ផ្អាក​។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​កំពង់តាឡុង ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​តវ៉ា​នៅ​ពេល​ក្រោយ​ទៀត​ស្ថិត​ក្នុង​ភាព​មិន​ជាក់​លាក់។ មិន​ជាក់​លាក់​ព្រោះ​ពលរដ្ឋ​ខ្លះ​បាន​ចុះ​កិច្ច​សន្យា​បញ្ឈប់​ការ​ចូល​រួម​តវ៉ា​ដីធ្លី​នេះ​ទៀត​ និង​ដោយ​​សារ​​កង​កម្លាំង​សមត្ថកិច្ច​នៅ​តែ​ចុះល្បាត​ក្នុង​ភូមិ​ ដើម្បី​កុំ​ឱ្យ​មាន​ចលនា​តវ៉ា​ណា​មួយ​កើតឡើង​បន្តទៀត​។ នេះ​បើ​តាម​អ្នក​តំណាង​ពលរដ្ឋ​ភូមិ​កំពង់តាឡុង​ដដែល​៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ