អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកអ៊ូ ច័ន្ទរ័ត្ន៖ បេសកកម្មពីរបីខែខាងមុខ គណបក្សកែទម្រង់កម្ពុជានឹងកៀងគរសំឡេងប្រឆាំងដើម្បីចូលរួមការបោះឆ្នោត

ក្រោយ​ការ​ទទួល​បាន​ភ្លើង​ខៀវ​ភ្លាមៗ​ពី​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ចុះឈ្មោះ​ជា​គណបក្ស​នយោបាយ ​លោក​អ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ បាន​អះអាង​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ គណបក្ស​របស់​លោក​នឹង​ចាប់ផ្តើម​បេសកកម្ម​ចំនួន​២​ចម្បង​ ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​២០២២​ខាងមុខ​។ ការ​អះអាង​នេះ​ ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​កែ​ទម្រង់​កម្ពុជា​ ដែល​មាន​លោក​ ប៉ុល ហំម ​ជា​ប្រធាន​ និង​លោក​អ៊ូ ច័ន្ទរ័ត្ន​ ជា​សហស្ថាបនិក​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ផ្តល់​ភ្លើង​ខៀវ​ទទួល​ចុះ​ជា​គណបក្ស​នយោបាយ​ហើយ​ កាល​ពី​ថ្ងៃ​ទី​១៥​កញ្ញា​កន្លង​ទៅ​នេះ​។

គណបក្សកែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ
គណបក្សកែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

បេសកកម្មចម្បងធំៗចំនួន២ដែលត្រូវធ្វើនៅពេលនេះ គឺគណបក្សកែទម្រង់កម្ពុជានឹងចាប់ផ្តើមចុះទៅតាមមូលដ្ឋាន ដើម្បីរៀបចំរចនាសម្ព័ន្ធ និងសមាសភាពអ្នកឈរឈ្មោះគណបក្សតាមឃុំ-សង្កាត់ ក៏ដូចជាលើកស្លាកគណបក្សតាមខេត្តមួយចំនួន។ នេះបើតាមការបញ្ជាក់ពីលោកអ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា។

រីឯបេសកកម្មចម្បងមួយទៀតនោះ គឺការកៀងគរសំឡេងប្រឆាំងឲ្យមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជាដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។ លោកអ៊ូ ច័ន្ទរ័ត្ន បានគូសបញ្ជាក់ថា លោកនឹងមិនបោះបង់ជំហរ បង្រួបបង្រួមអ្នកដែលមាននិន្នាការប្រឆាំង ឲ្យមកចូលរួមជាមួយគណបក្សខ្លួននោះទេ។ តាមលោកអ៊ូ ច័ន្ទរ័ត្ន ការកៀងគរសំឡេងប្រឆាំងនេះទៀតសោតក៏មិនមែនសុទ្ធតែមកពីអតីតគណបក្សសង្រ្គោះជាតិនោះទេ ដោយលោកបញ្ជាក់ថា កន្លងមកគណបក្សកែទម្រង់កម្ពុជាក៏ធ្លាប់ជជែកជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។ល។

តែបើទោះបីជាធ្លាប់ជជែកគ្នាពិតមែនក្តី ក៏ប៉ុន្តែមកដល់ពេលនេះការកៀងគរសំឡេងប្រឆាំងណាមួយមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជានៅមិនទាន់ទទួលបានផ្លែផ្កានោះទេ។ នេះដោយដ្បិតថាកន្លងមក គណបក្សមួយនេះនៅមិនទាន់ទទួលបានភាពស្របច្បាប់ពីក្រសួងមហាផ្ទៃ។ លោកអ៊ូ ច័ន្ទរ័ត្ន ដដែល បានបញ្ជាក់បន្ថែមទៀតថា តាមរយៈការចុះបញ្ជីស្របច្បាប់ជាគណបក្សនយោបាយរួចនៅពេលនេះ គណបក្សកែទម្រង់កម្ពុជានឹងរៀបចំយុទ្ធសាស្រ្ត និងបន្តបេសកកម្មជជែកពិភាក្សាជាមួយគណបក្សនយោបាយ និងអ្នកមាននិន្នាការក្រៅរដ្ឋាភិបាលមកចូលរួមជាមួយគ្នា។

បើតាមសហស្ថាបនិកគណបក្សរូបនេះ ការកៀងគរបានសំឡេងប្រឆាំងមកផ្តុំគ្នា ទើបជាលទ្ធភាពក្នុងការចូលប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២។ ហើយសម្រាប់គណបក្សកែទម្រង់កម្ពុជាប្តេជ្ញាថា នឹងចូលរួមឲ្យខានតែបានក្នុងកម្រិតណាមួយ ទោះបច្ចុប្បន្នសល់ពេលវេលាខ្លីក្នុងការរៀបចំ និងបញ្ហាយាយីដោយសារជំងឺកូវីដ១៩ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ