អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ក្រសួងអប់រំផ្អាកដំណើរការថ្នាក់រៀនដោយកម្រិតនៅវិទ្យាល័យចំនួន៥ក្នុងរាជធានីភ្នំពេញបណ្តោះអាសន្ន ក្រោយបើកឡើងវិញបាន៣ថ្ងៃ

ក្រសួងអប់រំ ​យុវជន​ និងកីឡា ​នៅថ្ងៃសុក្រនេះបា​នសម្រេច​ផ្អាកដំណើរ​ការថ្នាក់រៀន​ដោយផ្នែក​ជាបណ្តោះអាសន្ន​ចំនួន១៤​ថ្ងៃនៅចំពោះ​វិទ្យាល័យ​ចំនួន៥​ក្នុងភូមិ​សាស្រ្តរាជធានី​ភ្នំពេញ ​ហើយតម្រូវ​ឲ្យអ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន១៤ថ្ងៃ​។ ​យ៉ាងណា​មិនមានការ​បញ្ជាក់ពី​មូលហេតុ​នៃការផ្អាក​ជាបណ្តោះ​អាសន្ននេះទេ ​ក៏ប៉ុន្តែ​បើតាម​លិខិត​របស់ក្រសួង​អប់រំ​ ការផ្អាកនេះ​គឺដើម្បី​ចូលរួម​ទប់ស្កាត់ ​ការរីករាលដាល​នៃជំងឺ​កូវីដ១៩​។

សកម្មភាពនៃការអនុវត្តវិធានការការពារក្នុងអំឡុងពេលបើកសាលារៀនឡើងវិញកាលពីថ្ងៃទី១៥កញ្ញាកន្លងទៅ (រូបតំណាង)
សកម្មភាពនៃការអនុវត្តវិធានការការពារក្នុងអំឡុងពេលបើកសាលារៀនឡើងវិញកាលពីថ្ងៃទី១៥កញ្ញាកន្លងទៅ (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ការសម្រេចផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្ន១៤ថ្ងៃនេះ នឹងធ្វើឡើងនៅវិទ្យាល័យហ៊ុន សែន ពញាពន់ សម្រាប់ថ្នាក់ទី៩B វិទ្យាល័យបឹងប្រិយ៍ សម្រាប់ថ្នាក់ទី១២A1, ៩C1, ៩D1 វិទ្យាល័យវត្តភ្នំ សម្រាប់ថ្នាក់ទី៩H2,៩D2,៩B2, ៩B1,៩H2, ១២C2, ១២C1,១២B2និងថ្នាក់ទី១២H2 វិទ្យាល័យបឹងធំ សម្រាប់ថ្នាក់ទី៧A2 និងវិទ្យាល័យវត្តកោះសម្រាប់ថ្នាក់ទី៧F។ ភាគីដែលពាក់ព័ន្ធទាំងលោកគ្រូនិងសិស្សានុសិស្សនឹងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

ដោយឡែកសម្រាប់ថ្នាក់ដទៃទៀតដែលមិនពាក់ព័ន្ធ ក្រសួងអប់រំបានបញ្ជាក់ថាត្រូវដំណើរការជាធម្មតា តែក្នុងលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌមួយចំនួនដែលតម្រូវឲ្យមានការរឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាងដៃជាប្រចាំ មិនអនុញ្ញាតឲ្យមានទំនាក់ទំនងពីថ្នាក់មួយទៅថ្នាក់មួយ និងមិនអនុញ្ញាតឲ្យមានការជួបជុំ ក្រៅពីការសិក្សាក្នុងសាលារៀន។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះនៅថ្ងៃទី១៧កញ្ញានេះ។

យ៉ាងណាក៏ដោយការសម្រេចផ្អាកដំណើរការថ្នាក់រៀនដោយកម្រិតនេះ មិនត្រូវបានបញ្ជាក់ពីមូលហេតុណាមួយឲ្យច្បាស់នោះឡើយ។ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបពត៌មានជូនមហាជននាពេលខាងមុខ ក្រោមកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួល និងតម្រង់ទិសរៀបចំការរៀននិងបង្រៀនតាមបណ្តុំ ឲ្យកាន់តែប្រសើរ។ បើតាមលោករស់ សុវាចា ក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់អាទិភាពលើកកម្ពស់សុខភាព និងសុវត្ថិភាព សិស្សានុសិស្ស និងបុគ្គលិកអប់រំ ស្របនឹងការបន្តពង្រឹងការអនុវត្តវិធានការណ៍ចាំបាច់ ឲ្យរឹតតែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការសម្រេចផ្អាកជាបណ្តោះអាសន្នចំនួន១៤ថ្ងៃនៅវិទ្យាល័យចំនួន៥តាមកម្រិតថ្នាក់នេះ ធ្វើឡើងតែត្រឹម៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបើកដំណើរការសាលារៀនប្រមាណជាង២០០ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធទី១៥កញ្ញាកន្លងទៅ។

ការបើកសាលារៀនឡើងវិញនេះ ត្រូវបានកំណត់ឲ្យមានការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ និងវិធានសុខាភិបាលនានា ព្រមទាំងកំណត់ចំនួនសិស្សក្នុងថ្នាក់រៀនយ៉ាងច្រើនត្រឹម១៥នាក់ ក្នុងន័យ បញ្ចៀសហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសាលារៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ