អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

លោកថោង ខុន៖ ទេសចរណ៍អាចបើកវិញបានអាស្រ័យលើម្ចាស់អាជីវកម្មចេះប្រតិបត្តិតាមគន្លងប្រក្រតីថ្មី

ការបើក​ដំណើរការ​ទទួល​ភ្ញៀវទេសចរ​ឡើងវិញ ​ត្រូវបាន​លោកថោង ខុន ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​លើកឡើងថា អាស្រ័យ​លើកត្តាពីរ​យ៉ាងជាចាំបាច់​នៅចំពោះមុខ​នៃការ​បន្តរាតត្បាត​ជំងឺ​កូវីដ១៩​នៅក្នុងសហគមន៍​ពេលនេះ។​ កត្តាពីរយ៉ាង​ដែលរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​អះអាងថា​ គឺអាស្រ័យ​ទៅលើ​កត្តាចិត្តសាស្រ្ត ​និងកត្តាម្ចា​ស់​អាជីវកម្ម​ផ្ទាល់ ថាតើ​ពួកគេ​បានត្រៀមខ្លួន​បែបណា​ក្នុងការប្រតិបត្តិ​អាជីវកម្ម​ទេសចរណ៍​តាមបែប​គន្លង​ប្រក្រតីថ្មី​ ដែលគិត​ចាប់ពីដើម​រហូតដល់​ចុងខ្សែចង្វាក់​ផលិតកម្ម​ក្នុងវិស័យ​ទេសចរណ៍​។​ ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បែបនេះ ​ធ្វើឡើង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​ក្នុងរយៈពេល​៩ខែឆ្នាំ២០២១​ នៅថ្ងៃពុធ​ម្សិលមិញ​។

ភ្ញៀវទេសចរណ៍ដែលមកទស្សនាប្រទេសកម្ពុជាក្នុងកំឡុងពេលកូវីដ (រូបតំណាង)
ភ្ញៀវទេសចរណ៍ដែលមកទស្សនាប្រទេសកម្ពុជាក្នុងកំឡុងពេលកូវីដ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

ដើម្បីអាចឈានទៅរកការបើកទទួលភ្ញៀវទេសចរឡើងវិញដោយជោគជ័យ លោកថោង ខុន បានគូសបញ្ជាក់ថា ស៊ីសងលើកត្តាចិត្តសាស្រ្ត ដែលសំដៅទៅលើការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍មានភាពស្អាត អនាម័យ និងមានសុវត្ថិភាពខ្ពស់។ រីឯកត្តាមួយផ្សេងទៀត គឺពឹងផ្អែកទៅលើម្ចាស់អាជីវកម្មទេសចរណ៍ ក្នុងការប្រតិបត្តិតាមគន្លងថ្មី ដោយរាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ សម្បទាទេសចរណ៍ ធនធានមនុស្ស ការអនុវត្តវិធានសុវត្ថិភាព ការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា រហូតដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត នៅថ្ងៃពុធម្សិលមិញនេះ។

បន្ថែមពីនេះ ឧស្សាហកម្មទេសចរណ៍ត្រូវពិចារណាពីគំរូអាជីវកម្មប្រភេទថ្មី ដើម្បីសម្របទៅនឹងស្ថានភាពសង្គមជាក់ស្តែង។ បើតាមសេចក្តីប្រកាសព័ត៌មាន ម្ចាស់អាជីវកម្មត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាធ្វើជាជំនួយ ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាព ពេលផ្តល់កញ្ចប់សេវាកម្មដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារដែលកាន់តែមានភាពចង្អៀត។

នៅក្នុងបរិបទកូវីដ១៩នេះ ក្រសួងទេសចរណ៍ក៏ស្នើឲ្យមន្ទីរគ្រប់ខេត្ត ក្រុង ត្រូវពិនិត្យជាមុននូវកត្តាមួយចំនួនផងដែរ មុននឹងអនុញ្ញាតឲ្យតំបន់មូលដ្ឋានគោលដៅទេសចរណ៍អាចបើកទទួលភ្ញៀវទេសចរឡើងវិញនេះ។ ដោយក្នុងនោះត្រូវពិនិត្យមើលពីអត្រានៃការចាក់វ៉ាក់សាំង អត្រានៃការរាលដាលជំងឺកូវីដ១៩ សមត្ថភាពឆ្លើយតបនិងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងការតៀមខ្លួនប្រតិបត្តិតាមស្តង់ដារសុវត្ថិភាពនៅតាមតំបន់ទេសចរណ៍នៅមូលដ្ឋាន។

ទោះយ៉ាងណា ការណែនាំនិងការលើកទឹកចិត្តម្ចាស់អាជីវកម្មទេសចរណ៍ឲ្យប្រតិបត្តិតាមគន្លងប្រក្រតីថ្មីនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងប៉ុណ្ណោះ នៅខណៈកម្ពុជានិងសកលលោកកំពុងរងការរាតត្បាតដោយសារជំងឺកូវីដ១៩។

គួរជ្រាបថា ការដើរកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងនៅឆ្នាំ២០២០កន្លងទៅ មានចំនួន៩លាននាក់ ថយចុះ២០%បើធៀបនឹងឆ្នាំ២០១៩ ដែលមិនទាន់មានជំងឺកូវីដ១៩។ រីឯរយៈពេលត្រឹម៧ខែឆ្នាំ២០២១នេះវិញ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ២ ៣០០ ៩៥១នាក់។ បើតាមក្រសួងទេសចរណ៍ ក្នុងបរិបទកូវីដ១៩នេះ ការជំរុញភ្ញៀវទេសចរផ្ទៃក្នុងជារឿងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចសង្គម និងទ្រទ្រង់ដំណើរអាជីវកម្មក្នុងវិស័យទេសចរណ៍។ នេះបើតាមក្រសួងទេសចរណ៍។ ហើយសម្រាប់លោកថោង ខុន ការជំរុញទេសចរណ៍ផ្ទៃក្នុងនេះ ជាជំហានមួយសម្រាប់ការតៀមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ