អានតួអត្ថបទ

អត្រាឆ្លងជំងឺកូវីដប្រចាំថ្ងៃនៅកម្ពុជាហក់ឡើងខ្ពស់វិញ ខណៈមានការបើកដំណើរការសាលារៀនឡើងវិញ

ករណី​ឆ្លង​កូវីដ១៩​ប្រចាំថ្ងៃ​នៅ​កម្ពុជា​នា​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ បាន​លោត​ឡើង​ខ្ពស់​វិញ។ ជាក់ស្តែង​នៅ​ថ្ងៃទី​១១កញ្ញានេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ៦៥៨ករណី ក្នុងនោះ​៤៩៨ករណី​ឆ្លង​ក្នុងសហគមន៍​។ ដ្បិត​ភូមិសាស្ត្រ​ខ្លះនៅ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល តែ​សាលារៀន​នៅ​តាម​តំបន់​មួយចំនួន​ក៏​បាន​ប្រកាស​បើក​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​ដែរ។

Mask-clad students line up to disinfect their hands before entering class at a school in Phnom Penh, January 28, 2020 (AFP)
Mask-clad students line up to disinfect their hands before entering class at a school in Phnom Penh, January 28, 2020 (AFP) © internet
ផ្សាយពាណិជ្ជកម្ម

កាល​ពី​អំឡុង​ចុងខែ​សីហា និង​ដើមខែ​កញ្ញា កម្ពុជា​បាន​ស្គាល់​អត្រា​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​ត្រឹម​ខ្ទង់​៤០០នាក់ប៉ុណ្ណោះ តែ​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងបានហក់ឡើងខ្ពស់​ខ្ទង់ជាង​៦០០ និង​ជិត​៧​០០នាក់ក្នុងមួយថ្ងៃវិញដែល​ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍​។

គួរជ្រាបដែរថា ចំនួនករណីឆ្លងកូវីដ១៩នៅកម្ពុជាបានលោតឡើងខ្ពស់លើសករណីឆ្លងនៅប្រទេស​ចិនទៅទៀត​។  យោងតាមតួលេខចុងក្រោយនៅថ្ងៃទី១១កញ្ញានេះ កម្ពុជាមានករណីឆ្លងកូវីដសរុបចំនួន ៩៨៨៤២​នាក់ខណៈប្រទេសចិនវិញ មានករណីឆ្លងសរុប  ៩៥១៥៣នាក់​។​

ក្រៅ​​ពីនេះ ឥទ្ធិពលនៃការរាតត្បាតនៃមេរោគកូវីដ១៩​​​បំប្លែងថ្មី ដែលតា ក៏កាន់តែច្រើនទៅៗផងដែរ។ គិតត្រឹមថ្ងៃទី​៩កញ្ញា កម្ពុជា​មាន​វត្តមានដែលតាសរុប ​៣៧៣១ករណី ដែល​កើតមានភាគច្រើន​ជាងគេ​នៅរាជធានីភ្នំពេញ​ចំនួន ១២៥៦​ករណី​ បន្ទាយមានជ័យ​ ៨២៧ករណី និងជាច្រើនករណីទៀតមាននៅតាមបណ្តាខេត្តនានាលើកលែងតែខេត្តកែបមួយប៉ុណ្ណោះ។ ​

ដ្បិតភូមិសាស្ត្រខ្លះនៅបន្តអនុវត្តវិធានការរដ្ឋបាល​ទប់ស្កាត់ការចម្លងជំងឺកូវីដហើយ​ក្តី​ តែសាលារៀននៅតាមតំបន់មួយចំនួនក៏បានប្រកាសបើកដំណើរការជាបន្តបន្ទាប់ដែរ។ តួយ៉ាងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល​ និង​ខេត្តព្រៃវែង បានប្រកាសបើកដំណើរការគ្រឹះស្ថាន​សិក្សារដ្ឋ​ និង​ឯកជន​សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ នៅ​ថ្ងៃ​ទី​១៥កញ្ញា សប្តាហ៍​ក្រោយ​នេះ​។​

សូមជម្រាបថា ការបើកដំណើរការសាលារដ្ឋ និងឯកជនឡើងវិញនេះ ត្រូវអាជ្ញាធរដែនដី​​​ណែនាំឲ្យសាលានីមួយៗ ត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) នោះ បាន​កំណត់​នូវលក្ខខណ្ឌតម្រូវជាច្រើន ដើម្បីឲ្យសាលារៀនដែលចង់បើកដំណើរការឡើងវិញ អនុវត្តន៍ឲ្យបាន ដើម្បីធានានូវបទដ្ឋានអានាម័យដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានកំណត់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ