អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

គយប្រកាសបន្ថយពន្ធ១០%ដល់រថយន្តដែលមិនទាន់បង់ពន្ធនាំចូលរហូតដល់ដំណាច់ឆ្នាំនេះ

អគ្គនាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា នឹងបន្ធូរបន្ថយ​ពន្ធចំនួន ១០ភាគរយ​នៃទឹកប្រាក់​ពន្ធអាករ​សរុបដែល​ត្រូវបង់ ដល់​រថយន្តដែល​មិនទាន់បង់​ពន្ធនាំចូល​ រហូត​ដល់​ដំណាច់ឆ្នាំ ​២០២១នេះ។ ​ជាមួយគ្នា អាជ្ញាធរ​ ក៏សម្រេច​​ផ្អាកសកម្មភាព​បង្ក្រាប​យានយន្ត​នៅភូមិសាស្ត្រ​ក្នុងប្រទេស​មួយរយៈ​ លើកលែង​តែតំបន់​តាមព្រំដែន​ ចាប់ពីពេលនេះ​ រហូត​ដល់ចុងឆ្នាំ ​២០២១ដែរ​។ ក្នុងសេចក្តី​ជូនដំណឹង​ចុះថ្ងៃទី​ ៩ខែកញ្ញា ​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា ​បញ្ជាក់ថា ​វិធានាការ​នេះ គឺដើម្បី​លើកទឹកចិត្ត​ ក៏ដូចជា​ទុកពេលឱ្យ​ម្ចាស់យានយន្ត​ជ្រក​ក្រោម​ផ្លាកលេខផ្សេងៗ​ មិនទាន់​បានបង់ពន្ធអាករ​ មានពេលវេលា​គ្រប់គ្រាន់​មក​បំពេញកាតព្វកិច្ច​ពន្ធ ​និងអាករតាម​ច្បាប់​។

រថយន្ដដែលស្ថិតក្រោមស្លាកលេខរដ្ឋ
រថយន្ដដែលស្ថិតក្រោមស្លាកលេខរដ្ឋ © សហការី
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តីជូនដំណឹង ៥ចំនុច អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា បាន​លម្អិតថា ម្ចាស់យានយន្ត​ ដែល​ជ្រក​ក្រោម​ផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខរដ្ឋ ផ្លាក​លេខ ខ.ម និងន.ប ដែល​មាន​ចង្កូតឆ្វេង និង​មាន​ឆ្នាំផលិតមុន​ឆ្នាំ ២០២១ នឹងទទួលបាន​ការអនុគ្រោះបន្ធូរបន្ថយ​ពន្ធចំនួន ១០ភាគរយនៃទឹកប្រាក់​ពន្ធអាករសរុប​ដែលត្រូវបង់។ ការបន្ធូរបន្ថយ​នេះ មានឱសាទវាទ​អនុវត្តត្រឹម​ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២១។ ហើយ​ចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ រហូត​ដល់​ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃឱសាទវាទ​ចុងក្រោយ​នៃការ​អនុញ្ញាតឲ្យ​ចូល​ខ្លួន​មក​បង់ពន្ធ ដែល​ម្ចាស់យានយន្ត ត្រូវ​បំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ​ដោយគ្មានការ​អនុគ្រោះបន្ធូរបន្ថយ​ពន្ធឡើយ។

ចំពោះករណី​ររថយន្តចង្កូតស្តាំវិញ អគ្គនាយកដ្ឋាន​គយ ឱ្យ​ដឹងថា ម្ចាស់​រថយន្ត​ ក៏ត្រូវមក​តម្កល់​ប្រាក់​កក់ស្មើនឹងប្រាក់​ពន្ធ និងអាករសរុបដក ១០ភាគរយ ហើយ​ត្រូវយក​រថយន្ត​ទៅកែចង្កូតពីស្តាំមក​ឆ្វេង ឱ្យបានរួចរាល់​យ៉ាងយូរត្រឹម​ថ្ងៃទី ៣០​ខែមិថុនា ឆ្នាំ ២០២២។ ក្រោយការប្តូ​រចង្កូតហើយ ម្ចាស់​រថយន្ត​អាចទទួល​បង្កាន់​ដៃពន្ធ និងលត្តាបត្រ​រថយន្តពីមន្ត្រីគយ។

ទាក់ទងនឹងការអនុវត្តច្បាប់​ក្រោយ​ការ​បន្ធូរបន្ធយ​ទាំងនេះ អគ្គ​នាយកដ្ឋាន បាន​សង្កត់​ធ្ងន់​ថា ចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្ត​គ្មាន​ពន្ធដែលបង្ក្រាប​បាន នឹងត្រូវតម្រូវឱ្យ​បង់ពន្ធ និងអាកររួម​ទាំងប្រាក់​ពិន័យ​តាមច្បាប់។ ឯរថយន្តចង្កូតស្តាំ ដែលជាប្រភេទ​រថយន្តហាម​នាំចូល ក្នុងករណី​បង្ក្រាប​បាន នឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់។

គួរជម្រាបជូនថា សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា នៅពេលនេះ គឺក្រោយ​ពេលទីស្តីការគណៈឫដ្ឋមន្ត្រី កាលពីថ្ងៃទី ២ខែកញ្ញាកន្លងទៅនេះ បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច អនុវត្ត​វិធានការ​លើការប្រមូល​ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជន​ដែល​ជ្រកក្រោម​ផ្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប ដើម្បីឱ្យ​ម្ចាស់ចូលខ្លួន​មក​បំពេញកាតព្វកិច្ច​ពន្ធ និងអាករនាំចូល​ស្រប​តាម​ច្បាប់គយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ