អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

FTA កម្ពុជា-ចិន បានឆ្លងកាត់សភាហើយ ក្រោយចុះហត្ថលេខាពីរដ្ឋាភិបាលទាំងពីររយៈពេលជិត១ឆ្នាំ

រដ្ឋសភា​ប្រទេសកម្ពុជា​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ ​បានអនុម័ត​ជាឯកច្ឆ័ន្ទ​នៃសម្លេង​សមាជិក​សភាវ​ត្តមាន ៩៤នាក់​ លើ៩៤​ នូវសេចក្តីព្រាង​ច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​រវាងប្រទេស​កម្ពុជា ​និងចិន​។ កា​រអនុម័តសេចក្តីព្រាង​ច្បាប់ដ៏សំខាន់នេះ ​ធ្វើឡើងជិតមួយឆ្នាំ​ ក្រោយការចុះ​ហត្ថលេខា​ពីរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​ កាលពីខែកក្កដា ​ឆ្នាំ២០២០ ​អំឡុងពេល​ទស្សនកិច្ច​របស់ប្រមុខ​ការទូតចិន​លោក វ៉ាង យី ​នៅកម្ពុជា​។

លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន នៅវិមានសន្តិភាពកាលពីឆ្នាំកន្លងទៅ
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន នៅវិមានសន្តិភាពកាលពីឆ្នាំកន្លងទៅ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

តាមពិតទៅសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) កម្ពុជា-ចិន ពិតជាមានសារៈសំខាន់សំរាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ច្បាប់នេះ ជាឧបរករណ៍ជួយស្តារឡើងវិញវិស័យសេដ្ឋកិច្ច ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩។ ក៏ប៉ុន្តែអស់ពេល១ឆ្នាំកន្លងទៅហើយ ច្បាប់ដ៏ចាំបាច់នេះ ទើបតែទទួលបានការអនុម័តពីរដ្ឋសភាជាតិ។

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមាន១៦ជំពូក និងជាង១៤០មាត្រានោះ បានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តាមរយៈការជួបជជែកគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ផ្តើមចេញពីនេះរដ្ឋាភិបាលកម្ពុជា-ចិន ក៏បានចាត់ឲ្យក្រុមការងារនៃប្រទេសទាំងពីរចាប់ផ្តើមធ្វើការ ដោយសិក្សាពីផលចំណេញ និងការប្រឈម ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ សេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការចរចារវាងអ្នកជំនាញកម្ពុជា និងចិន ចំនួន៣ជុំ គឺចាប់ផ្តើមពីខែមករា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០។

FTA កម្ពុជា-ចិន ត្រូវបានប្រកាសបញ្ចប់ការចរចាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ​នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ហើយកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅកម្ពុជា។ យោងតាមមាត្រា ១៦.២ កិច្ចព្រមព្រៀងនេះ ត្រូវចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរបានបំពេញនីតិវិធីផ្ទៃក្នុងរបស់ខ្លួនចប់សព្វគ្រប់ និងបានផ្លាស់ប្តូរលិខិតុបករណ៍នៃការផ្តល់សច្ចាប័នតាមផ្លូវការទូត។

ជារួមសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មសេរីកម្ពុជា-ចិន នេះត្រូវបានធ្វើឡើងក្នុងគោលបំណង ធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ តាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ ដោយធានាថាស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម។

ជាក់ស្តែងប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ដូចជាអត្រាពន្ធគយអនុវត្ត០% ភា្លមៗមានចំនួន ៨ ៣២៨បន្ទាត់ពន្ធ ស្មើនឹង៩៧,៤៤% នៃបន្ទាត់ពន្ធសរុប។ អត្រាពន្ធគយអនុវត្ត០% ក្នុងរយៈពេល៥ឆ្នាំ មានចំនួន៦បន្ទាត់ពន្ធ ស្មើនឹង ០,០៧% នៃបន្ទាត់ពន្ធសរុបជាដើម។ សរុបមុខទំនិញ ដែលកម្ពុជាទទួលបានការបញ្ចុះពន្ធគយទៅ០% មាន ៨ ៣៣៦ បន្ទាត់ពន្ធគយ ស្មើនឹងប្រមាណ ៩៧,៥៣% នៃបន្ទាត់ពន្ធគយសរុប។

ក្រៅពីនេះ តាមរយៈសេចក្តីព្រាងច្បាប់នេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ដ៏ធំធេងជាច្រើនទៀតនៅក្នុងវិស័យពាណិជ្ជកម្មជាមួយចិន ដែលការនេះអាចជួយពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ