អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

WHO៖កម្ពុជាបានស្គាល់ភាពធូរស្រាលល្អជាងមុនពីការចម្លងវីរុសកូវីដ១៩នៅក្នុងសហគមន៍

តំណាង​អង្គការ​សុខភាពពិភពលោក​ប្រចាំនៅ​កម្ពុជា​នៅថ្ងៃទី០៦​កញ្ញាបាន​លើកឡើងថា​ ស្ថានភាព​ជំងឺកូវីដ១៩​ នៅកម្ពុជា​នាបច្ចុប្បន្ន​ មានភាពធូរស្រាល​បានល្អជាងមុន​ បើធៀបនឹងរយៈពេល​ជាង៣ខែមុន​នេះ។​ តាមរយៈភាព​ធូរស្រាលនេះ ​កម្ពុជាបានសម្រេច​ចិត្តត្រឹមត្រូវហើយ​ ក្នុងការបើកសាលារៀន​ជាដំណាក់កាល​ឡើងវិញ​។ ​នេះបើតាមលោកស្រី​ Li Ailan​។

ពលករខ្មែរនៅថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ (រូបតំណាង)
ពលករខ្មែរនៅថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

លោកស្រី Li Ailan បានគូសបញ្ជាក់ថា ភាពធូរស្រាលនៃជំងឺកូវីដ១៩ដែលកម្ពុជាទទួលបាន​នៅពេលនេះ កើតចេញពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលគឺការអនុវត្តវិធានការសុខាភិបាលដែលមិនមែនជាឱសថ រួមដំណើរជាមួយនឹងដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងការបង្កើតសមត្ថភាពនៃការព្យាបាលជំងឺកូវីដ១៩។ ទោះជាកម្ពុជាបានស្គាល់ភាពធូរស្រាលពីការចម្លងវីរុសកូវីដ១៩ យ៉ាងណាក្ដី កម្ពុជាមិនត្រូវប្រហែសខ្លួនពីការបង្ការនិងអនុវត្តវិធានការដែលធ្លាប់ដាក់ចេញនាពេលកន្លងមកនោះទេព្រោះបច្ចុប្បន្នកម្ពុជានៅតែពើបប្រទះនឹងវត្តមានមេរោគដែលតា មេរោគកូវីដអាល់ហ្វាល និងមេរោគកូវីដបំប្លែងខ្លួនមួយចំនួនទៀត។

ចំពោះដំណើការបើកសាលាឡើងវិញជាដំណាក់កាល លោកស្រី Li Ailan បានចាត់ទុកជាដំណឹងដ៏រីករាយសម្រាប់អង្គការពាក់ព័ន្ធដែលធ្លាប់ជម្រុញដំណើការនេះកន្លងមកមានដូ​ចជាៈ អង្គការយូនីសេហ្វ អង្គការយូណេស្កូ និងអង្គការសុខភាពពិភពជាដើម។

លោកស្រីបន្តថា មានហេតុផលសមស្របមួយចំនួនដែលកម្ពុជា សម្រេចចិត្តត្រឹមត្រូវបើកសាលារៀនជាដំណាក់កាលឡើងវិញដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ សិស្សនុសិស្សនិងសាលារៀនផ្ទាល់មិនជាដើមហេតុនាំឲ្យមានការចម្លងវីរុសកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំចូលក្នុងសហគមន៍នោះទេ។ ផ្ទុយមកវិញប្រភពដែលនាំឲ្យកម្ពុជាមានការចម្លងវីរុសកូវីដ១៩ទ្រង់ទ្រាយធំចូលក្នុងសហគមន៍គឺកើតចេញពីទីតាំងអាជីវកម្មដូចជាៈ កាស៊ីណូ បណ្ដាលរោងចក្រ ពន្ធគារ ផ្សារមួយចំនួន ការជួបជុំប្រមូលផ្ដុំគ្នាជាលក្ខណៈគ្រួសារជាដើម។ ម្យ៉ាងទៀតកុមារមានភាគរយតិចពីការឆ្លងវីរុសកូវីដ១៩មិនថា នៅកម្ពុជាឬនៅក្នុងពិភពលោកនោះទេ។ ហើយកន្លងមក ការបិទសាលាបានជះផលប៉ះពាល់ខ្លាំងមែនទែនដល់កុមារពាក់ព័ន្ធបញ្ហាផ្លូវចិត្ត។​​​ សម្រាប់អាជីវកម្មផ្សេងៗដែលចង់បើកដំណើរការឡើងវិញគួររងចាំមើលបទពិសោធន៍ពីដំណើរការបើកសាលាឡើងវិញសិន។ នេះបើតាមលោកស្រីតំណាងអង្គការសុខភាព។

បន្ថែមពីលើនេះលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋកុំរារែក ក្នុងការចាក់វ៉ាក់សាំងដូសទី៣ដែលជាដូសជម្រុញឲ្យសោះ ព្រោះដូចជម្រុញវានឹងបង្កើនប្រសិទ្ធិភាពកាន់តែខ្លាំងក្នងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។ ក្នុងនោះមានពលរដ្ឋប្រមាណជាកន្លះលាននាក់ហើយបានចាក់វ៉ាក់សាំងដូសជម្រុញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ