អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា គូស​បញ្ជាក់​ជា​ថ្មី​ថា មាន​តែ​មេធាវី​ប៉ុណ្ណោះ​ដែល​អាច​និយាយ​តំណាង​ឱ្យ​លោក​បាន

ជា​ថ្មី​ម្តង​ទៀត លោកកឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​មក​ទាត់​ចោល​រាល់​ការ​យក​ឈ្មោះ និង​រូបភាព​របស់​លោក​ទៅ​ភ្ជាប់​នឹង​សកម្មភាព​នយោបាយ​របស់​បុគ្គល ក្រុម ឬ​គណបក្ស​នយោបាយ​នានា​។ នៅ​ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម​នា​ថ្ងៃ​អាទិត្យ​ទី​០៥​កញ្ញា​នេះ លោក​កឹម សុខា គូស​បញ្ជាក់​ថា គឺ​មាន​តែ​ក្រុម​មេធាវី​របស់​លោក​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ធ្វើ​សេចក្តី​ថ្លែងការណ៍ ឬ​សេចក្តី​ប្រកាស​តំណាង​ឱ្យ​រូប​លោក​បាន​។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ AP
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក លោក​កឹម សុខា បាន​សរសេរ​បញ្ជាក់​ថា មាន​បុគ្គល ក្រុម គណបក្ស ឬ ចលនា​នយោបាយ​ខ្លះ នៅ​តែយក​ឈ្មោះ និង រូបភាព​របស់​លោក​ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​ផ្សេង​ៗ ដើម្បី​បម្រើ​ផលប្រយោជន៍ និង មហិច្ឆិតា​របស់​ពួក​គេ។ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ លោកកឹម សុខា បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា គឺ​ទាល់​តែ​សេចក្តី​ថ្លែងការណ៍ ឬ​សេចក្តី​ប្រកាស​របស់​សហមេធាវី​ដែល​ជា​តំណាង​ស្រប​ច្បាប់​របស់​លោក ទើប​ធ្វើ​ក្នុង​នាម​រូប​លោក និង​ជា​ឆន្ទៈ​របស់​លោក​។

សារ​របស់​លោក​កឹម សុខា លើក​នេះ ក៏​មិន​ខុស​គ្នា​នឹង​រាល់​ដង​ដែរ គឺ​លោក​មិន​បាន​ចុច​ឱ្យ​ចំ​ឈ្មោះ​ទៅ​លើ​បុគ្គល ក្រុម ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។ ប៉ុន្តែ​កន្លង​មក គេ​សង្កេត​ឃើញ​មាន​ក្រុម និង​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​មួយ​ចំនួន តែង​តែ​លើក​ឡើង​ពី​សារ​នយោបាយ​របស់​ពួក​គេ ដោយ​ភ្ជាប់​ទៅ​នឹង​លោក​កឹម សុខា និង​ឆន្ទៈ​នយោបាយ​របស់​លោក ខណៈ​រូប​លោក​កំពុង​ជាប់​រឿង​ក្តីក្តាំ​នៅ​តុលាការ និង​កំពុង​ត្រូវ​បាន​តុលាការ​ហាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ​។

នៅ​ចុង​ក្រោយ​នេះ បើ​តាម​ការ​កត់​សម្គាល់ ឈ្មោះ និង​រូបភាព​លោក​កឹម សុខា ត្រូវ​បាន​លោក​សម រង្ស៊ី និង​ក្រុម​របស់​លោក យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​នៅ​លើ​ទឹក​ដី​អាមេរិក កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១។ នៅ​ក្នុង​ពិធី​ជួបជុំ​នោះ រូប​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ចាប់​ដៃ​គ្នា​លើក​ឡើង​ទៅ​លើ ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ខាង​ក្រោយ​តុ​គណៈអធិបតី ហើយ​ពាក្យ​ថា សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែ​មួយ​ក៏​ត្រូវ​បាន​លោក​សម រង្ស៊ី លើក​ឡើង​ប្រាប់​ទៅ​អ្នក​គាំទ្រ​ផង​ដែរ​នៅ​ពេល​នោះ​។

ប៉ុន្តែ ការ​ប្រើ​ប្រាស់​ឈ្មោះ និង​រូបភាព​លោកកឹម សុខា​នេះ ត្រូវ​បាន​ក្រុម​មេធាវី​លោក​កឹម សុខា ចេញ​មក​បញ្ជាក់​ហាម​ឃាត់​តាំង​ពី​ដំបូង​តាម​រយៈ​សេចក្តីថ្លែងការណ៍​។ ជាមួយ​នឹង​ការ​ហាមឃាត់ ក្រុម​មេធាវី​ក៏​បាន​ព្រមាន​ដល់​បុគ្គល ឬ​ក្រុម​ដែល​ធ្វើ​សកម្មភាព​បែប​នេះ ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ