អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

រដ្ឋាភិបាលប្រាប់ឲ្យខេត្តរៀបចំទីតាំងចាក់វ៉ាក់សាំង ខណៈយុទ្ធនាការជុំទី១ជិតបិទដោយសល់ពេលតែជាង៣០ថ្ងៃ

កម្ពុជា​ត្រៀម​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ជុំ​ទី​១​ នៅ​រវាង​ចុង​ខែ​តុលា ​ឬ​ដើម​ខែ​វិច្ឆិកា​ស្រប​ពេល​ដែល​ល្បឿន​ចាក់​វ៉ាក់សាំង​ដើរ​ជិត​ដល់​គោលដៅ​១២​លាន​នាក់ ​ក្រោយ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង​ទៅ​សម្រេច​បាន​៨៩​ភាគរយ​។  ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជុំទី​១​ជិត​បិទ​បញ្ចប់​ដោយ​សល់​ពេល​វេលា​តែ​ជាង​៣០​ថ្ងៃ​ទៀត​នោះ ​ រដ្ឋាភិបាល​ប្រាប់​ឲ្យ​ខេត្ត​ទូទាំង​ប្រទេស​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​មូលដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ។​ នេះ​បើ​ផ្អែក​តាម​សេ​ចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​២៨​សីហា​ម្សិលមិញ​។

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នា​ឱកាស​ថ្លែងការណ៍​ពិសេស​ស្ដីពី «ព្រឹត្តិការណ៍​២០​កុម្ភៈ» ដែល​កម្ពុជា​រក​ឃើញ​ករណី​កូវីដ​១៩​ចំនួន​៣២​ករណី​ថ្មី តែ​ក្នុង​រយៈ​ពេល​១០​ម៉ោង​។
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នា​ឱកាស​ថ្លែងការណ៍​ពិសេស​ស្ដីពី «ព្រឹត្តិការណ៍​២០​កុម្ភៈ» ដែល​កម្ពុជា​រក​ឃើញ​ករណី​កូវីដ​១៩​ចំនួន​៣២​ករណី​ថ្មី តែ​ក្នុង​រយៈ​ពេល​១០​ម៉ោង​។ © SPM
ផ្សាយពាណិជ្ជកម្ម

មុនឈានទៅបិទបញ្ចប់យុទ្ធនាការជុំទី១នៅទូទាំងប្រទេស កម្ពុជាត្រូវផ្ដើមបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្នាក់មូលដ្ឋានសិន ដោយក្នុងនោះរដ្ឋាភិបាលប្រាប់ឲ្យអភិបាលខេត្តទាំងអស់ ត្រូវរៀបចំបច្ចុប្បន្នកម្មឡើងវិញឲ្យបានច្បាស់លាស់និងឆាប់រហ័សពីចំនួនប្រជាជននៅមូលដ្ឋានដែលចាក់វ៉ាក់សាំងហើយ ដើម្បីកែសម្រួលផែនការចាក់វ៉ាក់សាំងផ្អែកតាមចំនួនប្រជាជនជាក់ស្ដែង។ តែត្រូវញែកចេញចំ​នួន​ប្រជាជនចំណាកស្រុក ដែលអាចទទួលការចាក់វ៉ាក់សាំងកូវីដ១៩នៅទីកន្លែងផ្សេង។  

ក្រោយធ្វើបច្ចុប្បន្នភាពចំនួនប្រជាជនជាក់ស្ដែងបានចាក់វ៉ាក់សាំងក្នុងមូលដ្ឋានរួច គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងគណៈអភិបាលរាជធានី-ខេត្ត ត្រូវសហការគ្នាកំណត់ទីតាំងសម្រាប់ផ្ដល់សេវាចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកស្រុក ខណ្ឌ ឬតាមមណ្ឌលសុខភាព។ បន្ទាប់មកអាជ្ញាធរត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យប្រជាជនដែលមិនទាន់បានការចាក់វ៉ាក់សាំងអាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន នៅតា​ម​ទីតាំងដែលបានកំណត់។ 

ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ សល់ពេលប្រមាណតែជាងសាបសិបថ្ងៃទៀត រដ្ឋាភិបាលកម្ពុជាបានក្រើនរំឮកឲ្យភាគីពាក់ព័ន្ធឲ្យឆ្លើយតបឲ្យទាន់ពេលវេលា ចំពោះដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅថ្នាក់មូលដ្ឋានឲ្យទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងផ្ដល់ជូនដល់បណ្ដាលខេត្តឡើយ ដោយត្រូវគោរពតាមអភិក្រម«មិនអនុញ្ញាត្តឲ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនត្រូវការវ៉ាក់សាំងនោះទេ»។

នៅចំពោះមុខល្បឿនចាក់វ៉ាក់សាំង និងដំណើរការចាក់វ៉ាក់សាំងដូសជម្រុញរបស់រដ្ឋាភិបាលនៅពេលនេះ គឺធ្វើយ៉ាងណាត្រៀមលក្ខណៈសម្រាប់ផែនការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រីភាពថ្មី។  សូមជម្រាបដែរថា វិស័យអាទិភាពមួយដែលគ្រប់គ្នាចង់ឃើញដំណើរការឡើងវិញឆាប់ៗនោះគឺវិស័យអប់រំ។ នេះក៏ព្រោះតែវិស័យអប់រំការបង្រៀនតាមអនឡាញនៅគ្រានេះផ្ទេរចំណេះដឹងបានតិចបំផុតដល់សិស្សានុសិស្ស ហើយការបិទសាលាក៏បានធ្វើឲ្យសិស្សានុសិស្សមួយចំនួនធំប្រឈមនឹងសម្ពាធផ្លូវចិត្តផងដែរ។ នេះបើតាមអ្នកជំនាញធ្វើការក្នុងវិស័យអប់រំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ