អានតួអត្ថបទ

លោក ជៀប សួរ៖ករណីចាប់បានវានាដឹកប្រេងពីកម្ពុជា យើងបានដាក់បណ្តឹងទៅឥណ្ឌូណេស៊ីរួចហើយ

មន្ត្រីជាន់ខ្ពស់​ក្រសួងរ៉ែ និង​ថាមពល បានគូសបញ្ជាក់នៅថ្ងៃសៅរ៍នេះថា កម្ពុជាបាន​ដាក់​ពាក្យបណ្តឹង​រួច​ហើយ​ករណី​ឥណ្ឌូ​ណេស៊ី​ចាប់​បាន​វានាដឹក​ប្រេង​ឆៅ​មួយ​គ្រឿង​ដែល​កម្ពុជា​បាន​ស្វែងរក​នោះ។ ការ​បញ្ជាក់​យ៉ាងដូច្នេះ​គឺបន្ទាប់ពីយោធា​ជើង​ទឹកឥណ្ឌូ​ណេស៊ីចាប់​បាន​នាវា​ដឹក​ប្រេង និង​ឃាត់​ខ្លួនមនុស្ស​ជិត​២០​នាក់ ដែល​ត្រូវ​បាន​​កម្ពុជា​អះអាង​ថា​បាន​លួច​នាំ​ប្រេង​ប្រមាណ​៣០​ម៉ឺន​បារ៉ែលចេញ​ពី​កម្ពុជា​ នៅ​ក្នុង​សំណុំ​រឿង​ក្រុមហ៊ុន​ Kris​ Energy​ ដែល​ប្រកាស​ក្ស័យ​ធន។

ការបូមប្រេងរបស់ ក្រុមហ៊ុន KrisEnergy
ការបូមប្រេងរបស់ ក្រុមហ៊ុន KrisEnergy © Internet
ផ្សាយពាណិជ្ជកម្ម

លោក ជៀប សួរ អគ្គនាយក​ប្រេងកាតកម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFIតាម​តេឡេក្រាម​នៅថ្ងៃទី២៨​សីហានេះថា កម្ពុជាបានដាក់ពាក្យបណ្តឹងទៅប្រទេសឥណ្ឌូ​ណេស៊ីរួចហើយ តែមិន​ទាន់​ដឹងថា​នឹង​មានការ​ឆ្លើយ​តបបែបណានៅឡើយ ខណៈភាគីឥណ្ឌូ​ណេស៊ីស៊ីកំពុងធ្វើការងារនេះ។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters យោធា​ជើង​ទឹក​ឥណ្ឌូ​ណេស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​ឃាត់​នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos នៅ​តំបន់​ដែន​សមុទ្រ​កោះ​ស៊ូម៉ាត្រា កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឲ្យ​ប៉ូលិស​អន្តរជាតិ​ឃាត់​នាវា​ដឹក​ប្រេងមួយ​នេះ។ នៅក្នុង​នាវាដែល​មានប្រវែងជិត២០០ម៉ែត្រនេះ គឺមាន​នាវិក​ជា​ជន​ជាតិ​ឥណ្ឌា​១៣​នាក់ ជន​ជាតិ​បង់ក្លាដែស​៣​នាក់ និង​ជន​ជាតិ​មីយ៉ាន់ម៉ា​៣​នាក់ដែលបានចូលចតដោយខុសច្បាប់នៅ​មូល​ដ្ឋាន​របស់​ខ្លួន​ជិត​ប្រទេស​សិង្ហបុរី។

នៅពេលសួរថា ហេតុអ្វីកម្ពុជាមិនប្តឹងទៅ​សិង្ហបុរី ក្នុងសំណុំរឿងនេះ ដែលស្គាល់ថា​ជា​ក្រុម​ហ៊ុន​វិនិយោគ​របស់​សិង្ហបុរី លោក ជៀប សួរ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Kris Energy បានចុះបញ្ជីនៅកោះកៃម៉ង( Cayman Island)។ គឺជាកោះមួយក្នុង​ទ្វីបអាមេរិកខាងជើងដែលកាន់ដោយអង់គ្លេស។ លោកថា​កម្ពុជាប្តឹងតែខាងនាវាដែលលួចដឹកប្រេងរបស់​កម្ពុជាចេញទៅតែប៉ុណ្ណោះ​ពោល​មិន​ប្តឹង​ទៅ​កាន់​អាជ្ញាធរ​ដែនដី​នៃក្រុមហ៊ុន Kris Energy នេះទេ ដោយសំអាងថា ការធ្វើបែបនេះគឺជាការគោរពទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​នាវាឈ្មោះ MT Strovolosនេះបានដឹក​ប្រេង​ឆៅ​​ប្រមាណ៣០ម៉ឺន​បារ៉ែល ដែលមានតម្លៃប្រហែល២០លានដុល្លារនោះ ចេញ​ពី​ប្លុក​បូម​ប្រេងឈ្មោះ​អប្សរា​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដោយ​ផ្អែក​លើ​ការ​យល់​ស្រប​ថា​ប្រេង​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ​Kris Energy​ ដែល​បាន​ជួល​នាវា។

ប៉ុន្តែកាល​ពី​ខែ​មិថុនា ក្រុមហ៊ុន​ Kris Energy ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បានប្រកាស​ក្ស័យធន ហើយ​ថា​ខ្លួន​មិន​មាន​លទ្ធ​ភាព​សង​បំណុលនោះឡើយ ដោយអះអាងថា មកពីការ​ធ្លាក់ចុះ​ប្រាក់ចំណូល នៃ​ការ​អភិវឌ្ឍន៍វិស័យប្រេងនៅក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ