អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកអ៊ូ ច័ន្ទរ័ត្ន បារម្ភការចុះបញ្ជីបក្សកែទម្រង់កម្ពុជាមិនរលូន ដោយសារគម្រោងបង្រួបបង្រួមជាមួយបក្សផ្សេង

នៅពេលនេះ​ ថ្នាក់ដឹកនាំ​គណបក្ស​កែទម្រង់​កម្ពុជា​កំពុង​កែសម្រួល​លើលក្ខន្តិកៈ​ទៅតាមការ​តម្រូវរបស់​ក្រសួង​មហាផ្ទៃកម្ពុជា​។​ សហស្ថានិក​គណបក្ស​កែទម្រង់​កម្ពុជា ​លោកអ៊ូ​ ច័ន្ទរ័ត្ន​ បានលើកឡើង​ឱ្យដឹងថា ​នៅសប្តាហ៍ក្រោយ ​គណបក្ស​នឹងបញ្ជូន​ឯកសារ​កែតម្រូវ​រួចរាល់​ទៅកាន់​ក្រសួង​មហាផ្ទៃ ​ដើម្បីចុះបញ្ជី​គណបក្ស​ជាផ្លូវការ​។​ ប៉ុន្តែលោក​ក៏បានព្រួយបារម្ភ​ដែរដោយខ្លាច​ក្រែងដំណើរការ​ចុះបញ្ជី​មិនរលូន​ដូចការគ្រោងទុក​ បន្ទាប់ពី​រូបលោក​បានបង្ហាញ​ចេតនា​ចង់កៀងគរ​អ្នកនយោបាយ​អតីត​គណបក្ស​សង្រ្គោះជាតិ​មករួបរួមគ្នា។​

​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈវិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះ លោកអ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានអះអាងថា គណបក្សកែទម្រង់កម្ពុជាមានការបារម្ភខ្លះៗពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីនៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានប្រ​កាសកៀងគរអ្នកនយោបាយនៃអតីតគណបក្សប្រឆាំងមករួបរួមគ្នាជាធ្លុងមួយ ដើម្បីប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាច។ សម្រាប់លោកអ៊ូ ច័ន្ទរ័ត្ន ការប្រកាសនេះ អាចនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជារឹតបន្តឹងមកលើគណបក្សទើបបង្កើតថ្មីរបស់លោក។ តែទោះជាបែបនេះ​ក្តី លោកអ៊ូ ច័ន្ទរ័ត្ន នៅតែមានជំនឿថា ក្រសួងមហាផ្ទៃកម្ពុជា នឹងធ្វើការងារដោយត្រឹមត្រូវលើការចុះបញ្ជីគណបក្សកែទម្រង់កម្ពុជា។

ការព្រួយបារម្ភរបស់លោកអ៊ូ ច័ន្ទរ័ត្ននេះ កើតឡើង​ក្រោយពីក្រសួងមហាផ្ទៃ កាលពីថ្ងៃ២០​ខែ​សីហា បាន​ស្នើ​ឱ្យ​ស្ថា​បនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​សំណុំ​ឯកសារ​ ដែល​ស្នើ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ក្រោយ​ពិនិត្យ​ឃើញ​ថា គណបក្ស​មួយ​នេះ មិន​ទាន់​បាន​បំពេញ​លក្ខន្តិកៈ​ត្រឹម​ត្រូវ​ស្រប​តាម​បទប្បញ្ញត្តិ​មាត្រា​៩ និង​មាត្រា​២០ ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​។

បើតាមក្រសួងមហាផ្ទៃ គណបក្សកែទម្រង់កម្ពុជា ​នៅ​ខ្វះ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត មាន​ជាអាទិ៍ សេចក្តី​សម្រេច​បង្កើត​គណៈកម្មាធិការ​បណ្តោះ​អាសន្ន គោល​នយោបាយ ​និង​កម្មវិធី​នយោបាយ​សំខាន់​ៗ​របស់​គណបក្ស រួមទាំង​​លក្ខនិ្តកៈ​គណបក្ស​មាន​កំហុស​អក្ខរាវិរុទ្ធ​ច្រើន និង​ខ្លឹមសារ​ខ្លះ​ផ្ទុយ​នឹង​បទប្បញ្ញតិ្ត​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​។ ក្រសួងមហាផ្ទៃ ទុករយៈពេល១៥ថ្ងៃដល់ស្ថាបនិកគណបក្សនេះ ដើម្បីកែសម្រួលលើឯកសាររបស់ខ្លួន ហើយបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃវិញ។

សម្រាប់លោកអ៊ូ ច័ន្ទរ័ត្ន បញ្ហាកែសម្រួលនេះមិនមែនជារឿងធំដុំ និងជាបញ្ហាអ្វីដែរសម្រាប់គណបក្សរបស់លោក។ លោកថា  ក្រុមការងារកំពុងរៀបចំបញ្ហានេះហើយៗនឹងបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃវិញនៅសប្តាហ៍ក្រោយនេះ។ ក្រោយបញ្ជូន និងចុះបញ្ជីគណបក្សជាផ្លូវការនៅក្រសួងមហាផ្ទៃរួចរាល់ហើយ លោកអ៊ូ ច័ន្ទរ័ត្ន នឹងចាប់ផ្តើមកៀងគរ​អ្នកនយោបាយនៃអតីតគណបក្សប្រឆាំងឱ្យមករួបរួមគ្នាជាផ្លូវការ ដើម្បីប្រកួតប្រជែងនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ