អានតួអត្ថបទ
កម្ពុជា សង្គម NGO

អ្នកនាំពាក្យរដ្ឋាភិបាលអំពាវនាវឲ្យបរទេសសហការក្នុងការកាត់ក្តីលោក រ៉ុង ឈុន

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កាល​ពី​ម្សិល​មិញ​បាន​ចេញ​មក​ឆ្លើយ​តប​នឹង​ប្រតិកម្ម​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​ដែល​មិន​យល់​ស្រប​នឹង​ការ​កាត់​ទោស លោក រ៉ុង ឈុន ។ តាម​រយៈ​ហ្វេសប៊ុក លោក ផៃ ស៊ីផាន បាន​អំពាវ​នាវ​ឲ្យ​មិត្ត​បរទេស​ចូល​រួម​សហការ​ជាមួយ​ប្រជាពល​រដ្ឋ​កម្ពុជា ក្នុង​ការ​វិនិច្ឆ័យ​រឿង​ក្តី​នេះ​ដោយ​ឈរលើ​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​ ការ​ឆ្លើយ​តប​បែប​នេះ ​គឺ​បន្ទាប់ពី​ស្ថាន​ទូតធំៗ​នៅកម្ពុជា​នាំ​គ្នា​ចោទ​សួរពី​ឯករាជ្យ​ភាព​នៃ​តុលាការ និង​សិទ្ធិបញ្ចេញមតិ​នៅ​កម្ពុជា ក្រោយ​មាន​ការ​ដាក់​ទោស​លោក​ រ៉ុង ឈុន។

លោក រ៉ុង ឈុនដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ
លោក រ៉ុង ឈុនដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ © សហការី
ផ្សាយពាណិជ្ជកម្ម

«អ្វីដែលជាចម្លើយរបស់ខ្ញុំ គឺការវិនិច្ឆ័យក្តីនោះផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់ដែលបុគ្គលរូបនោះ បានប្រព្រឹត្តិអំពើផ្ទុយពីច្បាប់កម្ពុជា ដែលបានហាមប្រាម និងបញ្ញត្តិជាធរមាន។ កង្វល់អាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺថែរក្សាសន្តិភាព និងសន្តិសុខជាតិ»។ នេះគឺជា​ឆ្លើយ​តប​របស់​លោក ផៃ ស៊ីផន ប្រធានក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យដដែលក៏បានអំពាវនាវដល់បណ្ដាមិត្តបរទេសទាំងអស់ ដែលរស់នៅកម្ពុជាក្តី ឬនៅឯនាយសមុទ្រក្តី ចូលរួមសហការជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងការវិនិច្ឆ័យក្តីនេះ ដោយឈរលើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

គួរកត់សំគាល់ថា ភ្លាមៗ​ក្រោយពីតុលាការ​ក្រុងភ្នំពេញ​ប្រកាស​សាលក្រម​កាត់ទោស លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ២ឆ្នាំ និងសកម្មជន២នាក់​ទៀត​ម្នាក់២០ខែ ក្រោម​បទ«ញុះញង់»នោះ បានញាំងឲ្យមាន​ប្រតិកម្ម​ពី​ស្ថានទូត​បរទេសធំៗ​ខាង​លោកសេរីជាបន្តបន្ទាប់។ ពួកគេបាននាំគ្នាចោទសួរពីឯករាជ្យភាពនៃតុលាការ និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា។

នាំមុខដោយស្ថានទូត​ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បណ្តុំប្រទេសលោកសេរីមួយនេះ បានហៅសាលក្រមប្រឆាំងនឹង លោករ៉ុង ឈុន និងសកម្មជន២នាក់ទៀតថាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិជំទាស់ជាសាធារណៈ ឬការរិះគន់នយោ​បាយ។

ប្រតិកម្មនេះត្រូវបាន​បន្ទរដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ស្របពេលដែលស្ថានទូតអាមេរិក និងអង់គ្លេសប្រចាំនៅកម្ពុជាវិញ ក៏មិនពេញចិត្ត និងសម្តែងកង្វល់អំពីបញ្ហាកាត់ទោសនេះផងដែរ។

ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy បានអះអាង ប្រព័ន្ធតុលាការមិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេងសកម្មជនសន្តិភាព​ទេ។ រីឯ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសវិញថា សេរីភាពនៃការបញ្ចេញមតិ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា ហើយប្រព័ន្ធតុលាការមិនគួរត្រូវបានប្រើប្រាស់ដើម្បីកាត់តម្រឹមនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ